អាចទេដែល Galaxy S22 Ultra ឆ្នាំក្រោយនឹងផ្លាស់ប្តូរទំហំខ្នាតអេក្រង់?
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

រហូតមកដល់ពេលនេះ យើងបានដឹង និងបានឃើញពីដំណឹងលេចធ្លាយពីទូរសព្ទលំដាប់កំពូលត្រកូល S របស់សាមសុង ដែលត្រៀមនឹងចេញនៅដើមឆ្នាំ 2022 ខាងមុខជាហូរហែមកហើយ នោះគឺ Galaxy S22 Series ហ្នឹងឯង។ ជាក់ស្តែង យើងបានដឹងពីចំនុចមួយចំនួន ដូចជា រូបរាងគម្រូ, ម៉ូតគម្រូកាមេរ៉ាក្រោយ, កំណែអាប់ដេតបន្ថែមពីលើឆ្នាំមុន, បន្ទះឈីប រួមទាំង មុខងារ និងលក្ខណៈសម្បត្តិខ្លះ ហើយក្នុងនោះ វាក៏មានកន្លែងទាក់ចិត្តយើង ជាអ្នកប្រើដែរ បើសិនជាវាកើតឡើងពិតមែន។

យ៉ាងណា ក្នុងចំនោម Galaxy S22 Series នេះដែរ យើងឃើញថា ម៉ូឌែល S22 Ultra ហាក់មានការលេចធ្លាយរាងច្រើនជាងគេ ដែលនេះអាចដោយសារតែវាជាតួឯកធំ និងកំពុងមានអ្នកចាប់អារម្មណ៍ច្រើន ក៏ថាបាន។ ប៉ុន្តែប្រហែលមិនទាន់ចប់នៅឡើយទេ ព្រោះថាថ្មីៗនេះ មានដំណឹងបន្ថែមពីខាង Ice Universe បានលើកឡើងលើចំនុចមួយទៀតហើយ នោះគឺពាក់ព័ន្ធជាមួយខ្នាតអេក្រង់របស់ Galaxy S22 Ultra ហ្នឹងតែម្តង។ បើតាមសំណេរនោះ បានបង្ហាញថា ខ្នាតអេក្រង់លើ S22 Ultra អាចនឹងមានការផ្លាស់ប្តូរទៅកាន់ខ្នាត 19:9 វិញ ឬអាចនឹងស្ថិតនៅក្នុងខ្នាតប្រហាក់ប្រហែលហ្នឹង មានន័យថា វាអាចនឹងតូចជាងខ្នាត 20:9 ដូចមានលើ S21 Ultra ដែលនាំឲ្យទទឹងរបស់វា មើលទៅរាងធំ។ បើតាមការសន្និដ្ឋានទៅ ប្រសិនបើដំណឹងនេះ ក្លាយជាការពិតនោះ វាក៏ជាចំណុចមួយល្អដែរ តែក៏អាចនឹងមានអ្នកមិនសូវពេញចិត្តដូចគ្នា តែជាក់ស្តែងយ៉ាងណា យើងមានតែចាំតាមដានបន្តទៀត ទាំងអស់គ្នា។

លើសពីនេះ ក៏មានដំណឹងមួយទៀត ទាក់ទងជាមួយទូរសព្ទនេះដូចគ្នា ព្រោះបើតាមរបាយការថ្មីបន្ថែមថា Galaxy S22 Ultra អាចនឹងគាំទ្រកម្លាំងសាកថ្មលោតទៅ 45W មិនមែន 25W ដូច Galaxy S21 Ultra ទៀតនោះទេ ហើយក៏ប្រហែលមិនអាចឡើងដល់ 65W ដែរ តែនេះក៏ជារឿងល្អដែរ បើវាជាការពិត។ យ៉ាងណា ទោះជា 45W ឬ 65W ក៏ដោយ ក៏វារាងកាត់អារម្មណ៍រំភើបយើងបន្តិចដែរ ព្រោះដុំសាកនេះ យើងនឹងត្រូវទិញក្រៅដដែល មិនមាននៅក្នុងប្រអប់ទេ។   

ប្រភព ៖ Cambo Report
អត្ថបទទាក់ទង