Samsung ចាប់ផ្តើមបើកការផលិតទ្រង់ទ្រាយធំនៃអេក្រង់ OLED 90Hz សម្រាប់កុំព្យូទ័រហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កុំព្យូទ័រសព្វថ្ងៃនេះ ក៏មានការប្រកួតប្រជែងគ្នាលើអេក្រង់ខ្លាំងណាស់ដែរ ដោយមានក្រុមហ៊ុនខ្លះបំពាក់អេក្រង់ IPS LCD លើកុំព្យូទ័រយួរដៃរបស់គេ ចំណែកឯក្រុមហ៊ុនមួយចំនួនទៀត កំពុងតែងាកទៅរកមើលការប្រើប្រាស់អេក្រង់ OLED ឲ្យបានច្រើនវិញ។ ដូច្នេះហើយថ្មីៗនេះ Samsung បានប្រកាសប្រាប់សារធារណៈជនថា គេចាប់ផ្តើមបើកការផលិតទ្រង់ទ្រាយនៃអេក្រង់ OLED សម្រាប់ Laptop ហើយ។

អេក្រង់ OLED ដែល Samsung បានចាប់ផ្តើមបើការផលិតទ្រង់ទ្រាយធំនោះ គឺជាប្រភេទអេក្រង់ទំហំ 14 អ៊ីញ និង 16 អ៊ីញ មានល្បឿន Refresh Rate ដល់ 90Hz ទៀតផង ហើយគេបញ្ជាក់ជាមុនថា នឹងឃើញអេក្រង់ប្រភេទនេះ លើកុំព្យូទ័រយួរដៃរបស់ ASUS ជាច្រើនម៉ូឌែលនាពេលអនាគត។ គិតមកទល់ពេលនេះ យើងធ្លាប់ឃើញកុំព្យូទ័រយួរដៃ ដែលប្រើប្រាស់អេក្រង់ OLED ជាមួយជម្រើស 90Hz បង្ហាញខ្លួនលើទីផ្សារច្រើនម៉ូឌែលដែរហើយ ជាក់ស្ដែងដូចជាធ្លាប់មានលើកុំព្យូទ័ររបស់ Lenovo និង ASUS ជាដើមហ្នឹងឯង ដូច្នេះនេះមិនមែនជាចំណុចប្លែកអ្វីទៀតឡើយ។

គោលដៅនៃកុំព្យូទ័ប្រើអេក្រង់ OLED ភាគច្រើនសព្វថ្ងៃនេះ គឺសម្រាប់ប្រភេទកុំព្យូទ័រដែលផ្តោតលើការឌីហ្សាញ ឬក៏ Content Creator ផ្សេងៗនោះឯង មិនផ្តោតសំខាន់ខ្លាំង សម្រាប់ការប្រើប្រាស់លើផ្នែក Gaming ឡើយ។

យ៉ាងណាក៏ដោយ អេក្រង់ OLED លើកុំព្យូទ័របច្ចុប្បន្ន យើងឃើញថាវាមានតែនៅលើកុំព្យូទ័រលំដាប់កំពូលថ្លៃៗប៉ុណ្ណោះ ដូច្នេះការផលិតទ្រង់ទ្រាយធំរបស់ Samsung អាចនឹងជាសញ្ញាមួយបញ្ជាក់ថា គេកំពុងតែពង្រីកទីផ្សារកុំព្យូទ័រ OLED ឲ្យកាន់តែធំថែមទៀត ក៏ដូចជានឹងយកវាមកបំពាក់លើកុំព្យូទ័រតម្លៃទាបៗដែរ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង