iPhone 13 Series នៅបន្តប្រើរ៉េមទំហំដូចគ្នានឹង iPhone 12 Series ដដែល
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

Apple ប្រកាសចេញ iPhone 13 Series ជាផ្លូវការ កាលពីយប់ថ្ងៃទី 14 ឈានចូលថ្ងៃទី 15 កន្លងទៅនេះ ហើយមិនខុសពីទម្លាប់រៀងរាល់ឆ្នាំនោះទេ ក្រុមហ៊ុនមួយនេះមិនដែលបង្ហាញប្រាប់ពីតួលេខជាក់លាក់នៃផ្នែក Hardware សំខាន់ៗមួយចំនួន ដូចជារ៉េម និងថាមពលថ្មឡើយ។

បើទោះជា Apple មិនប្រាប់ក៏ពិតមែន ប៉ុន្តែមុននឹងក្រោយនៅតែមានគេដឹងដដែល ជាក់ស្ដែងបើយោងតាមការរាយការណ៍ចេញពីសំណាក់ MacRumors កាលពីពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា iPhone 13 Series នៅបន្តប្រើប្រាស់រ៉េមដូចកាលពី iPhone 12 Series អញ្ចឹងដែរ។ មិនខុសទេ សម្រាប់ iPhone 13 និង 13 Mini ទំហំរ៉េមរបស់វាត្រូវបានគេដឹងថា 4GB ខណៈពេលដែលម៉ូឌែល Pro ទាំងពីរនោះវិញ គឺមានរ៉េមទំហំ 6GB។

តួលេខនៃរ៉េមជាក់លាក់នេះ គឺប្រភពខាងលើគេទទួលបានដោយសារតែការស្រាវជ្រាវរកឃើញ នៅក្នុងប្រភពកូដ Xcode លើឧបករណ៍របស់ Apple ផ្ទាល់តែម្ដង ដែលក្នុងនោះក៏មានបង្ហាញ ចំនួនរ៉េមលើទូរសព្ទឆ្លាតចាស់ៗជំនាន់មុនរបស់គេដូចគ្នា។ 

យ៉ាងណាក៏ដោយ ទំហំរ៉េម 4GB និង 6GB រាងតូចបន្តិច បើយើងយកទៅប្រៀបនឹងទូរសព្ទឆ្លាតកំពូល Android ផ្សេងៗ ប៉ុន្តែធាតុពិតវាមិនតូចទេ សម្រាប់ទ្រទ្រង់ iOS នោះ ព្រោះដូចយើងបានដឹងហើយថា iOS ជាប្រព័ន្ធប្រតិបត្តិការដែលស្រាល និងរលូន ដោយវាមិនទាមទារតម្រូវការរ៉េមខ្ពស់ពេក ទើបដំណើរការបានល្អនោះទេ។

ទន្ទឹមគ្នានឹងរ៉េម សូមរំឮកទាក់ទងនឹងឈីប A15 Bionic ថ្មីបន្តិចដែរ ជាក់ស្ដែងលើកនេះ Apple មិនយកវាទៅប្រៀបនឹងឈីបចាស់របស់ខ្លួនទេ ប៉ុន្តែគេអះអាងថា ឈីបនេះមានសមត្ថភាពផ្នែក CPU ខ្លាំងជាងឈីបកំពូលរបស់ក្រុមហ៊ុនប្រកួតប្រជែងដល់ទៅ 50% និងផ្នែក GPU ប្រសើរជាងឈីបកំពូលក្រុមហ៊ុនប្រកួតប្រជែងដល់ 30% សម្រាប់ម៉ូឌែល iPhone 13 និង 13 Mini និងប្រសើរជាងដល់ទៅ 50% ឯណោះ បើធៀបនឹង GPU លើ iPhone 13 Pro និង Pro Max។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង