Xiaomi 11T Series ចេញហើយ ប្រើអេក្រង់ AMOLED 120Hz ឈីប Snapdragon 888 និងកម្លាំងសាកថ្មដល់ 120W
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

Xiaomi ពិតជាបានប្រកាសចេញទូរសព្ទឆ្លាតត្រកូល Xiaomi 11T Series របស់ខ្លួនមកមែន បន្ទាប់ពីបានបង្ហើបពីចំណុចសំខាន់ផ្សេងៗ ជាច្រើនលើកច្រើនសារ កាលពីពេលថ្មីៗកន្លងទៅ។ Xiaomi 11T Series គឺមានចំនួន 2 ម៉ូឌែលដូចជា Xiaomi 11T និង Xiaomi 11T Pro នេះឯង ដែលជាម៉ូឌែលកំពូលបំផុតប្រចាំត្រកូលថ្មីនេះ។

សម្រាប់ការរចនារូបរាងខាងក្រៅរបស់ Xiaomi 11T និង Xiaomi 11T Pro គឺដូចគ្នាស្ទើរទាំងស្រុង មិនថាទម្រង់កញ្ចប់កាមេរ៉ាខាងក្រោយ ឬផ្នែកខាងមុខនោះទេ ដោយបន្តប្រើប្រាស់លេនទំលុះអេក្រង់មួយគ្រាប់ ប៉ុន្តែប្តូរមកដាក់ចំកណ្ដាលវិញ រីឯខាងក្រោយមានប្រអប់កាមេរ៉ារាងជ្រុង ដែលមានផ្ទុកលេន 3 គ្រាប់ ជាមួយសេនស័រចាប់ពន្លឺមួយគ្រាប់ រួមទាំង Flash LED។ 

សម្រាប់ផ្នែកអេក្រង់ ទូរសព្ទឆ្លាតទាំងពីរម៉ូឌែលខាងលើ បានបំពាក់មកទំហំ 6.67 អ៊ីញ ប្រភេទ AMOLED រាបស្មើ អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+, គាំទ្រកម្រិត Refresh Rate ដល់ 120Hz ជាមួយបច្ចេកវិទ្យា AdaptiveSync, កម្រិតប៉ះបញ្ជាដល់ 480Hz, មុខងារបង្ហាញទឹកពណ៌ត្រឹមត្រូវ TrueColor, អាចបង្ហាញបាន 1 ពាន់លានពណ៌ ក៏ដូចជាក្រាលការពារដោយកញ្ចក់ Gorilla Glass Victus ផងដែរ។ 

ចូលដល់កាមេរ៉ាក្រោយ Xiaomi 11T  និង Xiaomi 11T Pro បំពាក់មកដូចគ្នាទាំងស្រុងតែស្រុងតែម្ដង ដោយមានលេនគោលទំហំ 108MP, លេនទូលាយ (Ultra Wide) 120 ដឺក្រេ ទំហំ 8MP និងចុងក្រោយគេជាលេន Telemacro ទំហំ 5MP ដែលអាចធ្វើការពង្រីកបែប Optical Zoom បាន 2 ដង និងអាចដើរតួជាមុខងារថត Macro បានផងដែរ។

ជាមួយផ្នែកកាមេរ៉ានេះ Xiaomi បានដាក់បញ្ចូលមុខងារថ្មីមួយចំនួនដូចជា CineMagic អនុញ្ញាតឲ្យអ្នកប្រើអាចថតវីដេអូលក្ខណៈបែបភាពយន្តបាន ក៏ដូចជាត្រូវបានបង្កើនឲ្យប្រសើរជាងមុនលើមុខងារថតពេលយប់ផងដែរ។ យ៉ាងណាបើទោះជាផ្នែក Hardware នៃកាមេរ៉ារបស់ទូរសព្ទឆ្លាតទាំងពីរដូចគ្នាក៏ដោយ ប៉ុន្តែ Xiaomi យកចិត្តទុកដាក់ខ្លាំងជាងនៅលើម៉ូឌែល Pro ជាក់ស្ដែងមុខងារថត CineMagic នៅលើនោះអាចគាំទ្រជាមួយ HDR10+ បាន ថែមទាំងអាចថតបានដល់ 8K ជាមួយ HDR10+ ដូចគ្នា កាន់តែប្រសើរនោះ អេក្រង់របស់វាក៏អាចបង្ហាញ Content ដែលថតចេញពីមុខងារខ្ពស់ៗទាំងនេះបានដែរ។ មុខងារថតវីដេអូ Pro Video ក៏ត្រូវបាន Xiaomi ដាក់ឲ្យដូចគ្នា (សម្រាប់ម៉ូឌែល Pro) ព្រមទាំងមានមុខងារ Audio Zoom ទៀតផង។

ទៅលើកម្លាំងម៉ាស៊ីនជាចំណុចសំខាន់ដែល Xiaomi 11T ខុសពីម៉ូឌែល Pro ជាក់ស្ដែង Xiaomi 11T បានប្រើប្រាស់ឈីប Dimensity 1200-Ultra របស់ MediaTek ខណៈពេលដែលម៉ូឌែល Pro វាឡើងទៅប្រើប្រាស់ដល់ឈីបកំពូលរបស់ Qualcomm ពោលគឺ Snapdragon 888 តែម្ដង។ ទៅលើជម្រើសរ៉េម និងអង្គផ្ទុក នៅលើ Xiaomi 11T មានជម្រើសរ៉េម 8GB មួយប៉ុណ្ណោះ ប៉ុន្តែអង្គផ្ទុកពីរប្រភេទរួមមាន 128GB ឬ 256GB ខណៈពេលម៉ូឌែល Pro ក៏មានរ៉េម 8GB និង 12GB ជាមួយអង្គផ្ទុក 128GB និង 256GB។ 

ចំពោះថាមពលថ្ម Xiaomi 11T Pro បានបំពាក់មកទំហំធំដល់ 5,000mAh និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 120W ឯណោះ ដែលអាចឲ្យការសាកពី 0 ដល់ 100% ចំណាយត្រឹម 17 នាទីប៉ុណ្ណោះ។ សម្រាប់ម៉ូឌែលធម្មតានោះ មិនមានដល់កម្លាំង 120W ទេ ប៉ុន្តែវានៅតែបំពាក់កម្លាំងសាកដល់ 67W មកដែរ ជាមួយថាមពលថ្ម 5,000mAh ដូចគ្នា។ អ្វីដែលសំខាន់នោះ ដុំសាក 120W និង 67W ត្រូវបានដាក់បញ្ចូលមកស្រាប់ នៅក្នុងប្រអប់របស់ទូរសព្ទឆ្លាតទាំងពីរនេះតែម្ដង។

សម្រាប់មុខងារសំខាន់ផ្សេងៗមានដូចជា វាគាំទ្រ 5G, បំពាក់ Speaker 2 គ្រាប់ ប្រើប្រាស់ប្រព័ន្ធសម្លេងរបស់ Harman Kardon ហើយសម្រាប់ម៉ូឌែល Pro វិញ Speaker របស់វាអាចគាំទ្រ Dolby Atmos បាន ខណៈអេក្រង់របស់ម៉ូឌែលនេះ ក៏គាំទ្រជាមួយ Dolby Vision បានដូចគ្នា។ Xiaomi 11T និង Xiaomi 11T Pro មានជម្រើស 3 ពណ៌ដូចគ្នារួមមាន ពណ៌ផ្ទៃមេឃប្រដេញ, ប្រផេះ និងពណ៌ស កាន់តែពិសេស លើកនេះ Xiaomi អះអាងថានឹងផ្តល់កំណែអាប់ដេតផ្នែក OS ឲ្យឡើងដល់ 3 ឆ្នាំ និងផ្នែកសុវត្ថិភាពឡើងដល់ 4 ឆ្នាំផងដែរ។

ខាងក្រោមជាតម្លៃលើទីផ្សារអឺរ៉ុប៖

• Xiaomi 11T ចាប់ផ្តើមពីខ្ទង់ ២ លាន ៣៥ ម៉ឺនរៀល ឬ 589 ដុល្លារឡើងទៅ។

• Xiaomi 11T Pro ចាប់ផ្តើមពីខ្ទង់ ៣ លាន ៦ ម៉ឺនរៀល ឬ 766 ដុល្លារឡើងទៅ។

ប្រភព ៖ Xiaomi
អត្ថបទទាក់ទង