Apple Watch Series 7 ទទួលបានអេក្រង់ថ្មីលាតធំកប់គែម ធន់ និងសាកថ្មចូលលឿនជាងមុន
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

បន្ទាប់ពីបានឃើញវត្តមាន iPhone 13 Series ទាំង 4 ម៉ូឌែលរួចមក យើងក៏បានឃើញវត្តមាន iPad Mini មកដែរ ដែលត្រូវបានក្រុមការងារខេមបូរីផត បង្ហាញក្នុងអត្ថបទមុននេះ ដូច្នេះហើយ យើងមកមើលនាឡិកាឆ្លាតរបស់គេវិញម្ដង នោះគឺ Apple Watch Series 7 ហ្នឹងឯង។ ចំណុចដែលចាប់អារម្មណ៍ជាងគេ គឺទៅលើអេក្រង់របស់វានោះតែម្ដង ប៉ុន្តែសម្រាប់ចំណុចផ្សេងទៀតវិញ អាចនិយាយបានថាភាគច្រើន វាស្រដៀងនឹង Apple Watch Series 6 ដដែល។

មិនខុសទេ បើតាមការបង្ហាញរបស់ Apple បានឲ្យដឹងថា រូបរាងខាងក្រៅ ស៊ុមជុំវិញ ក៏ដូចជាតួខ្លួនរបស់ Apple Watch Series 7 មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ ព្រោះវាមិនបានប្តូរទៅប្រើគែមរាបស្មើ ដូចដំណឹងលេចធ្លាយឡើយ។ ប៉ុន្តែយ៉ាងណាលើកនេះ Apple បានឡើងទៅបំពាក់អេក្រង់លាតស្ទើតែពេញផ្ទៃមុខ ហើយគែម Bezel លើកនេះខ្លីមែនទែន ព្រមទាំងមានលក្ខណៈកោងបន្តិចគ្រប់ជ្រុងតែម្ដង។ Apple និយាយច្រើនដែរ ទាក់ទងនឹងគែមខ្លីរបស់វានោះ ជាក់ស្ដែងគេអះអាងថា Bezel របស់វាស្ដើងជាងមុន 40% ហើយអាចសម្រេចបានបែបនេះ គឺដោយសារតែគេបានយក Touch Sensor ទៅដាក់បញ្ចូលជាមួយអេក្រង់ OLED តែម្ដង។

ជាមួយគែមកាន់តែខ្លីនោះដែរ ជាមូលហេតុអាចឲ្យ Apple ពង្រីកទំហំអេក្រង់ឲ្យកាន់តែធំជាងមុន ប៉ុន្តែនៅលើតួខ្លួនដូចមុនដដែល។ ជម្រើសទំហំលើកនេះឡើងបន្តិចមកដល់ 41mm និង 45mm ហើយអេក្រង់របស់វាត្រូវបាន Apple អះអាងថា កាន់តែរឹងមាំជាងមុនដល់ទៅ 50% ឯណោះ តាមរយៈការបំពាក់ Crack-Resistant Crystal ថ្មី។

នៅលើមុខងារ Always-On Display លើកនេះ ក៏មានកម្រិតពន្លឺខ្ពស់ជាងមុន 70% ដែរ សម្រាប់ការប្រើប្រាស់នៅក្នុងម្លប់ ពេលដែលអ្នកប្រើទម្លាក់ដៃគេចុះក្រោម។ ដើម្បីធានាថា Apple Watch ជំនាន់ថ្មីកាន់តែធន់នោះ ក្រុមហ៊ុនអាមេរិកខាងលើបានបំពាក់មុខងារការពារធូលី និងទឹកកម្រិត IP6X ជាមួយគ្នានឹងកម្រិតការពារពីការហែលទឹក WR50 ផងដែរ។

សម្រាប់កម្លាំងម៉ាស៊ីនរបស់វា Apple មិនបានបញ្ជាក់ទេ សូម្បីក្នុងវេបសាយផ្លូវការក៏មិនប្រាប់ដែរ ប៉ុន្តែបើតាមការរកឃើញក្នុងប្រភពកូដ XCode គេឃើញថា Apple Watch Series 7 ប្រើប្រាស់ឈីប Apple S6 ដូចឆ្នាំមុនដែរ។ មុខងារសាកថ្មលើកនេះ ទទួលបានការបង្កើនឲ្យប្រសើរជាងមុន ដោយត្រូវបានគេអះអាងថា វាអាចសាកចូលបានលឿនជាងមុន 33% ដែលអនុញ្ញាតឲ្យការសាកឡើងពី 0 ទៅដល់ 80% ចំណាយពេលខ្ទង់ 45 នាទីប៉ុណ្ណោះ។ 

ក្រៅពីនេះ Apple ក៏បានកែប្រែមុខងារផ្សេងៗ នៅលើនោះឲ្យសមគ្នា ជាមួយអេក្រង់បង្ហាញធំជាងមុនដែរ ជាក់ស្ដែងដូចជាក្តារចុចជាដើម។ 

ចំណុចសំខាន់ចុងក្រោយ Apple Watch Series 7 មានជម្រើសច្រើនពណ៌ ហើយវាក៏អាចប្រើបានជាមួយខ្សែរបស់ Apple Watch ជំនាន់ចាស់ៗដែរ។ សម្រាប់តម្លៃវិញ Apple នឹងដាក់លាក់ចាប់ផ្តើមពី ១ លាន ៦០ ម៉ឺនរៀលឡើង ឬ 399 ដុល្លារ ប៉ុន្តែមិនទាន់មានពេលវេលាចេញលក់ជាក់លាក់ទេ។

ប្រភព ៖ Apple
អត្ថបទទាក់ទង