Apple កំណត់ថ្ងៃបញ្ចេញ iOS 15 និង iPadOS 15 សម្រាប់អ្នកប្រើជាផ្លូវការហើយ
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

កាលពីយប់ថ្ងៃទី 13 កញ្ញា កន្លងទៅនេះ Apple បានទម្លាក់កំណែអាប់ដេតថ្មីមួយទៀតគឺ iOS 14.8 និង iPadOS 14.8 ដោយកំណែអាប់ដេតលើកនេះ មិនបានកែប្រែផ្ទៃ UI ឬក៏ដាក់បញ្ចូលមុខងារណាមួយ ឲ្យមានចំណុចប្លែកនោះទេ តែ Apple ព្យាយាមបញ្ចេញវាឲ្យបានរហ័សបំផុត ដើម្បីឲ្យទៅជួសជុលបញ្ហាសំខាន់ៗ ដែលមានចន្លោះប្រហោងនៅលើ iOS 14.7 ក៏ដូចជា iPadOS 14.7 កន្លងទៅ។ យ៉ាងណា បើចំពោះ iOS 15 រួមទាំង iPadOS 15 វិញ យើងក៏ទទួលបានដំណឹងល្អមកដែរ ព្រោះថាកាលពីយប់មិញនេះ Apple បានបញ្ជាក់ឲ្យដឹងពីថ្ងៃបញ្ចេញប្រព័ន្ធប្រតិបត្តិការណ៍ជំនាន់ថ្មីផ្លូវការនេះ ឲ្យអ្នកប្រើគ្រប់គ្នាបានដឹង ផងដែរ។

ជាការពិតណាស់ កាលពីរំលងអាធ្រាតយប់មិញនេះ Apple បានប្រារព្ធកម្មវិធីធំចុងឆ្នាំរបស់ខ្លួន ដើម្បីប្រកាសចេញផលិតផលជំនាន់ថ្មី ដោយក្នុងនោះ យើងឃើញមានដូចជា iPad, iPad mini, Apple Watch Series 7 និង iPhone 13 Series រួមមាន iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max។ លើសពីនេះផងដែរ ខាង Apple បានបញ្ជាក់ឲ្យដឹងច្បាស់ហើយថា ចំពោះ iOS 15 ជំនាន់ថ្មី និង iPadOS 15 ជំនាន់ថ្មី នឹងត្រូវទម្លាក់ចេញជំនាន់ប្រើប្រាស់ផ្លូវការជាសាធារណៈ សម្រាប់អ្នកប្រើប្រាស់ នៅថ្ងៃទី 20 កញ្ញា ឆាប់ៗខាងមុខនេះហើយ ដោយក្នុងនោះ watchOS 8 ក៏នឹងមកដល់ នៅក្នុងថ្ងៃនោះដូចគ្នាដែរ។ 

ចំពោះ iOS 15 និង iPadOS 15 ជំនាន់ផ្លូវការនេះ នឹងធ្វើការកែប្រែ និងពង្រឹងបន្ថែមទៅលើមុខងារ Face Time, មុខងារ Focus ថ្មី, ផែនទី និងផ្សេងៗមួយចំនួនទៀត។ គួររំលឹកបន្តិចថា ទាំងប្រព័ន្ធប្រតិបត្តិការណ៍ iOS 15 និង iPadOS 15 គឺត្រូវបានក្រុមហ៊ុន Apple ធ្វើការបង្ហាញចេញ កាលពីខែមិថុនា កន្លងទៅ នៅក្នុងព្រឹត្តិការណ៍ WWDC21។

ប្រភព ៖ The Verge
អត្ថបទទាក់ទង