នេះជា iPad Mini ជំនាន់ទី 6 ជាមួយរូបរាងថ្មី ប្រើប្រាស់ឈីប A15 Bionic គាំទ្រ 5G និងមានអេក្រង់ធំជាងមុន
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ក្នុងព្រឹត្តិការណ៍របស់ Apple យប់មិញនេះ iPhone 13 Series គឺជាតួអង្គសំខាន់ជាងគេ ប្រចាំព្រឹត្តិការណ៍ ប៉ុន្តែទន្ទឹមគ្នានោះ Apple ក៏បានប្រកាសចេញផលិតផលជាច្រើនផ្សេងទៀតដូចជា iPad ម៉ូឌែលថ្មីចំនួនពីរ និងមានវត្តមាននាឡិកាឆ្លាត Apple Watch ជំនាន់ថ្មីមកដូចគ្នា។ នៅក្នុងអត្ថបទនេះ យើងទៅមើលចំណុចសំខាន់ៗ ដែល Apple បំពាក់ទៅឲ្យ iPad Mini ជំនាន់ថ្មី បន្ទាប់ពីបាត់ខ្លួនម៉ូឌែលនេះជាច្រើនឆ្នាំមកហើយ។

មិនខុសទេ iPad Mini ជំនាន់ថ្មីក៏បង្ហាញខ្លួនដូចគ្នាដែរ ដោយលើកនេះ Apple បានប្រើប្រាស់ការឌីហ្សាញរូបរាងថ្មី ដែលកាត់ទៅរក iPad Air ជំនាន់ចុងក្រោយច្រើនតែម្ដង ជាក់ស្ដែងវាខុសគ្នាតែទំហំអេក្រង់ហ្នឹងឯង។

អេក្រង់របស់ iPad Mini លើកនេះមានលក្ខណៈលាតធំជាងមុន ហើយគែម Bezel ទាំង 4 របស់វាគឺស្មើគ្នាតែម្ដង ប៉ុន្តែគែមនោះមិនស្ដើងខ្លាំងដូចនៅលើ iPad Pro ឡើយ។ ជាមួយការឌីហ្សាញថ្មី ធ្វើឲ្យ Apple អាចបំពាក់អេក្រង់ធំជាងមុន ប៉ុន្តែនៅលើទំហំតួខ្លួនដដែលបាន ជាក់ស្ដែងលើកនេះអេក្រង់របស់វាឡើងដល់ 8.3 អ៊ីញ, មានកម្រិតពន្លឺឡើងបានដល់ 500 nits ព្រមទាំងមានបំពាក់មកជាមួយបច្ចេកវិទ្យា True Tone ជាដើម។ យ៉ាងណានៅលើ iPad Mini នេះ វាមិនបាននាំយកមុខងារ ProMotion មកដូចម៉ូឌែល Pro ទេ។

សម្រាប់កម្លាំងម៉ាស៊ីន គឺបានបំពាក់មកដល់ទៅឈីប A15 Bionic ជំនាន់ថ្មីតែម្ដង ដូចនៅលើ iPhone 13 Series ដែរ ដែលក្នុងនោះមាន CPU 6 Cores ត្រូវបាន Apple អះអាងថា មានសមត្ថភាពប្រសើរជាងមុន 40% និងមាន GPU 5 Cores មានសមត្ថភាពប្រសើរជាងមុនដល់ទៅ 80% ឯណោះ ហើយវាក៏គាំទ្រជាមួយ 5G បានដូចគ្នា។

សម្រាប់កាមេរ៉ា ទាំងមុខ និងក្រោយមានទំហំ 12MP ដូចគ្នា ហើយអ្វីដែលពិសេស គេក៏បាននាំយកមុខងារ Center Stage ដែលជាមុខងារពេញនិយមលើ iPad Pro ជំនាន់ថ្មីមកបំពាក់ឲ្យលើកាមេរ៉ារបស់ iPad Mini ផងដែរ។ 

ចំណុចសំខាន់ផ្សេងៗទៀតនោះ គឺវាបន្តមានសេនស័រស្កេនស្នាមម្រាមដៃ Touch ID នៅលើប៊ូតុង Power ដូចម៉ូឌែល iPad Air ដែរ ហើយវាក៏អាចគាំទ្របានដល់ Apple Pencil ជំនាន់ទី 2, Speaker Stereo ក៏ដូចជាមានប្រើប្រាស់រន្ធសាក ឬក៏រន្ធសម្រាប់ផ្ទេទិន្នន័យផ្សេងជាប្រភេទ USB-C មកតែម្ដង។ 

Apple បើកឲ្យអ្នកមានចំណាប់អារម្មណ៍ធ្វើការកុម្ម៉ង់ទិញ iPad Mini បានចាប់ពីថ្ងៃនេះទៅហើយ ខណៈពេលវេលាចេញលក់ផ្លូវការក្នុងទីផ្សារអាមេរិក គឺនឹងចាប់ផ្តើមពីថ្ងៃទី 24 ចុងខែនេះ ជាមួយតម្លៃចាប់ផ្តើមពីខ្ទង់ ២ លានរៀល ឬ 499 ដុល្លារឡើង។

ប្រភព ៖ Apple
អត្ថបទទាក់ទង