នេះជា iPhone 13 mini និង iPhone 13 ឆកខ្លី ប្តូរម៉ូតកាមេរ៉ាថ្មី បំពាក់ឈីបថ្មី A15 Bionic ចេញជាផ្លូវការ
ដោយ​ ៖ សាន់នី | 3 ថ្ងៃមុន SHARE

 

ក្រោយពីទទួលបាននូវដំណឹងលេចធ្លាយអស់ជាច្រើនខែមក ទីបំផុត Apple បានធ្វើការប្រកាសចេញទូរសព្ទជំនាន់ថ្មី ប្រចាំឆ្នាំ 2021 នេះជាផ្លូវការហើយ ដែលមានចំនួន 4 ម៉ូឌែល ដូចទៅនឹងឆ្នាំមុនដែរ ក្នុងនោះរួមមាន iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max។  យ៉ាងណា សម្រាប់អត្ថបទនេះ យើងនឹងនិយាយតែទៅលើ 2 ម៉ូឌែលដំបូងប៉ុណ្ណោះ គឺម៉ូឌែល iPhone 13 Mini និង iPhone 13 ដោយវាទាំងពីរនេះ បានបំពាក់មកជាមួយលក្ខណៈមួយចំនួន ទាបជាងម៉ូឌែល Pro ចំណែកតម្លៃវិញ ក៏ត្រូវបានដាក់លក់ទាបដូចគ្នាដែរ។

• ការរចនារូបរាង

បើនិយាយដល់ការរចនារូបរាង យើងឃើញថា iPhone 13 Mini និង iPhone 13 នេះ គឺសឹងតែមិនមានអ្វីខុសគ្នាទេ ដោយវារក្សាទំហំដូច iPhone 12 mini និង iPhone 12 ដែរ លើកលែងតែទម្រង់ម៉ូតកាមេរ៉ាក្រោយប៉ុណ្ណោះ។ ជាការពិតណាស់ Apple នៅតែរក្សាស្ទាយស៊ុមតួខ្លួនជុំវិញរាងជ្រុង ដូចទៅនឹង iPhone ឆ្នាំមុន អ៊ីចឹង ដោយគែមរបស់វា មានជាអាលុយមីញ៉ូមលក្ខណៈរាបស្មើតែម្ដង ហើយទម្រង់បែបនេះ វាមើលទៅ នៅតែស្អាត និងទាក់ទាញដែរ។ នៅផ្នែកខាងក្រោយ វាក្រាលដោយកញ្ចក់ ដែលមានកញ្ចប់កាមេរ៉ារាងការ៉េ ផ្ទុកលេនចំនួន 2 គ្រាប់ រួមទាំងមាន Flash LED គ្រាន់តែថា លើកនេះ គេដាំបញ្ច្រាសគ្នាវិញម្តង មិនដូចជំនាន់មុនទៀតទេ តែអ្វីដែលដូច គឺយីហោផ្លែប៉ោមឆែប នៅចំកណ្ដាលតួខ្លួននោះ។ រីឯផ្នែកខាងមុខវិញ វាទាំងពីរម៉ូឌែលខាងលើ មានអេក្រង់លាតកប់គែម ប៉ុន្តែម្តងនេះ ម៉ូតឆកធំវែងដូចឆ្នាំមុន ត្រូវបានកែប្រែហើយ ដោយគេបានពង្រួមវា នៅកាន់តែខ្លីជាងមុន 20% ផងដែរ។ ចំពោះម៉ូឌែលទាំងពីរនេះ ក៏ទទួលបានជម្រើសច្រើនពណ៌ដដែល ហើយបើតាមអ្វីដែល Apple បានបង្ហាញ គឺមានចំនួន 5 ពណ៌។

• ផ្នែកអេក្រង់

សម្រាប់ឆ្នាំនេះ Apple នៅតែបន្តប្រើប្រាស់អេក្រង់ប្រភេទ OLED ដែលគេហៅវាថា Super Retina XDR លើ iPhone 13 mini និង iPhone 13 ដូចទៅនឹង iPhone 12 mini និង iPhone 12 ឆ្នាំមុនចឹង ជាមួយការរក្សាទំហំអេក្រង់ដូចមុន ដោយម៉ូឌែល iPhone 13 mini មានទំហំ 5.4 អ៊ីញ និងនៅលើ iPhone 13 វិញ បានប្រើប្រាស់ទំហំ 6.1 អ៊ីញ និងភ្លឺជាងមុន 28%។ ចំពោះអេក្រង់របស់វាទាំងពីរនេះ  មានកម្រិតពន្លឺដល់ទៅ 1,200 nits, គាំទ្រ Dolby Vision, HDR 10, HLG ក៏ដូចជាមានកម្រិត Contrast Ratio 2,000,000:1 ទៀតផង។ 

• កាមេរ៉ា

សម្រាប់កាមេរ៉ាដែលបំពាក់នៅលើ iPhone 13 Mini និង iPhone 13 នេះ គឺដូចគ្នាទាំងស្រុងតែម្ដង មិនថាកាមេរ៉ាមុខ ឬកាមេរ៉ានៅខាងក្រោយនោះទេ និយាយឲ្យចំទៅ សម្រាប់ផ្នែកខាងមុខរបស់វា គឺមានកាមេរ៉ាមួយគ្រាប់ទំហំ 12MP សម្រាប់ថត Selfie ក៏ដូចជាដើម្បីមុខងារ Face ID ចំណែកឯខាងក្រោយវិញ គឺមានកាមេរ៉ាចំនួន 2 គ្រាប់ ដោយលេនគោលមានទំហំ 12MP Aperture 1.8 និងមួយទៀតជាលេនទូលាយ Ultra-Wide 120 ដឺក្រេទំហំ 12MP Aperture 2.4 ជាមួយទំហំភិចសែលធំជាងមុន។ បន្ថែមពីនេះ វាក៏ទទួលបានបច្ចេកវិទ្យា Sensor-shift OIS ដែលមានលើ iPhone 12 Pro Max ជាមួយសមត្ថភាពធ្វើការបានរហ័ស និងមានលំនឹងប្រសើរ ផងដែរ។

• កម្លាំងម៉ាស៊ីន និងថាមពលថ្ម

មកកម្លាំងម៉ាស៊ីន វាបានបំពាក់ឈីបថ្មីទំហំ 5nm របស់ Apple នោះគឺឈីប A15 Bionic ខណៈពេលដែលទំហំរ៉េមវិញ គឺដូចទម្លាប់រាល់ដងអញ្ចឹង Apple មិនបានបញ្ជាក់ប្រាប់នោះទេ ប៉ុន្តែគេបានបញ្ជាក់ទៅលើអង្គផ្ទុកដែរ។ សម្រាប់ម៉ូឌែល Mini និងម៉ូឌែលធម្មតា គឺមានទំហំ 128GB, 256GB និងចុងក្រោយ 512GB ហើយសម្រាប់ថាមពលថ្មវិញ Apple បញ្ជាក់ថា ចំពោះ iPhone 13 មានថាមពលអាចប្រើបានយូរជាង iPhone 12 ដល់ទៅ 2.5 ម៉ោង ខណៈ iPhone 13 Mini អាចប្រើបានយូរជាង iPhone 12 mini ដល់ទៅ 1.5 ម៉ោង ។ 

• តម្លៃ

មកដល់ចំណុចចុងក្រោយគេ ជាតម្លៃដែលខាងក្រុមហ៊ុន Apple នឹងដាក់លក់ iPhone 13 Mini និង iPhone 13 នៅលើទីផ្សារ ហើយនេះក៏ជាចំណុចសំខាន់បំផុតមួយ ដែលប្រិយមិត្តចង់ដឹងដែរ ដូច្នេះយើងនឹងរៀបរាប់ទៅតាមជម្រើសនីមួយៗ នៅខាងក្រោម៖

• iPhone 13 Mini ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ 699 ដុល្លារឡើងទៅ

• iPhone 13 ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ 799 ដុល្លារឡើងទៅ

ប្រភព ៖ The Verge
អត្ថបទទាក់ទង