វ៉ែនតាឆ្លាតដំបូងរបស់ Xiaomi នេះ បំពាក់បច្ចេកវិទ្យា MicroLED និងមានកាមេរ៉ាអាចបកប្រែភាសាបាន
ដោយ​ ៖ សុវណ្ណរតនៈ | 3 ថ្ងៃមុន SHARE

 

មុននេះបន្តិច Xiaomi ទើបប្រកាសចេញវ៉ែនតាឆ្លាតដំបូងមួយរបស់គេជាផ្លូវការ គេហៅថា Xiaomi Smart Glasses ដោយក្នុងនោះវាមានបំពាក់មកជាមួយ បច្ចេកវិទ្យាសំខាន់ៗជាច្រើន មិនត្រឹមតែអាចធ្វើការថតរូប ឬវីដេអូ ក៏ដូចជាស្ដាប់សម្លេងបានដូចវ៉ែនតារបស់ Facebook ចេញប៉ុន្មានមុននេះប៉ុណ្ណោះទេ។

វ៉ែនតាឆ្លាតរបស់ Xiaomi មានសមត្ថភាពអាចធ្វើការបង្ហាញជូនដំណឹងផ្សេងៗ, បង្ហាញទិសដៅផែនទី, ក៏ដូចជាអាចធ្វើការបកប្រែអក្សរ ឬមួយការធ្វើការ Call ចេញចូលបានជាដើម ហើយលទ្ធផលនៃសកម្មភាពទាំងនេះ នឹងត្រូវបង្ហាញនៅលើកញ្ចក់ខាងស្ដាំរបស់វា។ មិនខុសទេ វាមានបំពាក់បច្ចេកវិទ្យាសម្រាប់បង្ហាញជារូបភាពនៅលើកញ្ចក់នោះ ពោលគឺ MicroLED ដែលយើងបានដឹងហើយថា បច្ចេកវិទ្យាមួយនេះ មានកម្រិតពន្លឺខ្ពស់ជាង និងមានអាយុកាលប្រើប្រាស់បានយូរជាង OLED។ 

វ៉ែនតាខាងលើប្រើប្រាស់ឈីប ដែលមានចំនួន 4 Cores របស់ Arm នឹងដំណើរការដោយ Android ទៀតផង។ Xiaomi និយាយថា វ៉ែនតារបស់គេនោះ មិនមែនត្រឹមតែជាអេក្រង់ទីពីរសម្រាប់ទូរសព្ទឆ្លាតប៉ុណ្ណោះទេ ប៉ុន្តែវាមានសមត្ថភាព អាចធ្វើការដោយខ្លួនឯងបានជាច្រើនផ្នែកផងដែរ។

ការងារសំខាន់ៗដែលវាអាចធ្វើបានមានដូចជា អាចជ្រើសរើសយកការជូនដំណឹងណាមួយ ដែលសំខាន់បំផុតមកបង្ហាញអ្នកប្រើប្រាស់ ក៏ដូចជាជ្រើសរើសសារសំខាន់បំផុតក្នុង Contacts មកបង្ហាញជាដើម។ សម្រាប់មុខងារ Navigation វិញ វាអាចបង្ហាញផែនទី ឬមួយក៏បង្ហាញជាទិសដៅ នៅលើកញ្ចក់ពីមុខភ្នែកយើងនោះ ដោយផ្ទាល់តែម្ដង។ Xiaomi Smart Glasses ក៏មានកាមេរ៉ា 5MP មួយគ្រាប់ សម្រាប់ធ្វើការថតរូប ឬវីដេអូ ក៏ដូចជាមានភ្លើង LED តូចមួយ សម្រាប់បង្ហាញពេលកាមេរ៉ាត្រូវបានប្រើប្រាស់។ 

កាន់តែប្រសើរជាងនេះ នៅលើកញ្ចក់របស់វ៉ែនតានោះ ក៏នឹងមានបង្ហាញលេខទូរសព្ទអ្នក Call ចូលដែរ ហើយអ្នកប្រើក៏អាចធ្វើការ Call ចេញវិញបានដូចគ្នា ព្រោះវាមាន Speaker និងឧបករណ៍ស្រូបសម្លេងភ្ជាប់មកស្រាប់រួចហើយ។ 

ឧបករណ៍ស្រូបសម្លេងរបស់វា ក៏មាននាទីក្នុងការចាំស្ដាប់សម្លេង និងអាចធ្វើការបកប្រែសម្លេងនោះ បានភ្លាមៗ Real Time តែម្ដង។ មុខងារបកប្រែ ក៏អាចដំណើរការតាមកាមេរ៉ាបានដែរ មានន័យថាកាមេរ៉ារបស់វា អាចបកប្រែពាក្យ ឬអត្ថបទផ្សេងៗ ដែលមាននៅលើរូបភាពបានទៀតផង។ 

យ៉ាងណាក៏ដោយ Xiaomi មិនទាន់បានប្រកាសចេញតម្លៃ ឬមួយក៏ថ្ងៃដែលគេគ្រោងនឹងបញ្ចេញលក់វ៉ែនតាខាងលើនេះឡើយ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង