យោងតាមហេតុផលនេះ Apple អាចនឹងបើកព្រឹត្តិការណ៍មួយទៀតនៅថ្ងៃទី 12 តុលាខាងមុខ
ដោយ​ ៖ សុវណ្ណរតនៈ | 3 ថ្ងៃមុន SHARE

 

យប់នេះនឹងមានព្រឹត្តិការណ៍ Apple មួយកើតឡើង ហើយកន្លងទៅយើងធ្លាប់បានដឹងថា Apple អាចមិនមែនមានតែព្រឹត្តិការណ៍មួយនេះទេ មុននឹងបញ្ចប់ឆ្នាំ 2021 ជាក់ស្ដែងក្រុមហ៊ុនអាមេរិក អាចនឹងមានព្រឹត្តិការណ៍មួយទៀតនៅចុងឆ្នាំ ដើម្បីប្រកាសចេញផលិតផលថ្មី ដែលគេមិនបានប្រកាសចេញក្នុងព្រឹត្តិការណ៍យប់នេះ។

បើសំអាងលើហេតុផលសំខាន់មួយ អាចនិយាយបានថា Apple ទំនងជាបានបង្ហើបពេលវេលា បើកព្រឹត្តិការណ៍បន្ទាប់ទៀត ឲ្យយើងដឹងហើយ។ ហេតុផលនោះគឺថា កាលពីឆ្នាំមុន Apple បើកការប្រូម៉ូសិន Back to School នៅសហរដ្ឋអាមេរិក ចាប់ផ្តើមពីថ្ងៃទី 15 រហូតដល់ថ្ងៃទី 12 ខែតុលា ហើយបន្ទាប់មកក្រុមហ៊ុននេះមានព្រឹត្តិការណ៍ថ្មី នៅក្នុងថ្ងៃទី 13 ខែតុលាតែម្ដង ដែលខុសមួយថ្ងៃប៉ុណ្ណោះ ពីថ្ងៃប្រូម៉ូសិនចុងក្រោយ។ 

ចំណែកឯឆ្នាំនេះវិញ ប្រម៉ូសិនរបស់គេនៅក្នុងសហរដ្ឋអាមេរិក គឺនឹងបញ្ចប់នៅថ្ងៃទី 27 កញ្ញាខាងមុខ ប៉ុន្តែ Apple អាចនឹងមិនបើកព្រឹត្តិការណ៍មួយទៀតក្នុងខែកញ្ញាទេ ព្រោះកៀកគ្នានឹងព្រឹត្តិការណ៍ថ្ងៃទី 14 នេះពេក។ ផ្ទុយទៅវិញ បើក្រឡេកទៅមើលការប្រម៉ូសិនរបស់ Apple នៅអឺរ៉ុប គឺនឹងបញ្ចប់នៅថ្ងៃច័ន្ទទី 11 ខែតុលាឯណោះ ដូច្នេះនេះជាតម្រុយថា គេអាចនឹងបើកព្រឹត្តិការណ៍មួយទៀត នៅថ្ងៃទី 12 ខែតុលានោះតែម្ដង ហើយថែមទាំងត្រូវនឹងថ្ងៃអង្គារ ដូចទម្លាប់គ្រប់ព្រឹត្តិការណ៍របស់ Apple ទៀតផង។

ក្នុងព្រឹត្តិការណ៍នៅខែតុលានោះដែរ ផលិតផលសំខាន់ត្រូវបានគេរំពឹងថានឹងចេញ គឺទាក់ទងនឹងផ្នែកកុំព្យូទ័រ ជាក់ស្ដែងដូចជា MacBook Pro 14 និង 16 អ៊ីញ ជាមួយឈីប M1X, iMac ម៉ូឌែលកំពូល ព្រមទាំងអាចនឹងមាន iPad Mini 6 មកថែមទៀតផង។ 

យ៉ាងណាក៏ដោយ ពេលវេលាដែលលើកឡើងខាងលើ មិនទាន់ប្រាកដច្បាស់នោះទេ ព្រោះមិនប្រាកដថា Apple នឹងបន្តធ្វើតាមទម្លាប់របស់គេ ឬអត់ឡើយ ដូច្នេះហើយពេលនេះ យើងមានតែផ្តោតសំខាន់លើព្រឹត្តិការណ៍យប់នេះរបស់ Apple សិន។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង