នេះជារបៀបទស្សនាព្រឹត្តិការណ៍ Apple ពីការប្រកាសចេញ iPhone 13 Series យប់នេះ
ដោយ​ ៖ សុវណ្ណរតនៈ | 3 ថ្ងៃមុន SHARE

 

នៅយប់ថ្ងៃទី 14 កញ្ញានេះ ជាពេលវេលាមួយដែល Apple ធ្លាប់បានប្រកាសប្រាប់ហើយថា នឹងបើកព្រឹត្តិការណ៍មួយ ដែលគេដាក់ចំណងជើង California Steaming។ កន្លងទៅនេះ យើងក៏ធ្លាប់បានដឹងខ្លះៗដែរថា ទាក់ទងនឹងផលិតផលសំខាន់ៗ ដែល Apple នឹងបញ្ចេញនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់គេមួយនេះ។

ព្រឹត្តិការណ៍របស់ Apple នឹងចាប់ផ្តើមពីម៉ោង 12 រំលងអធ្រាត្រទៅ សម្រាប់ម៉ោងក្នុងប្រទេសយើង ដូច្នេះវាឈានចូលដល់ថ្ងៃទី 15 កញ្ញាហើយ។ យ៉ាងណាក៏ដោយ សម្រាប់អ្នកគាំទ្ររបស់ Apple ដែលមានបំណងចង់ចូលរួមទស្សនា ការប្រកាសចេញរបស់ក្រុមហ៊ុននេះដោយផ្ទាល់នោះ អាចទស្សនាបាននៅក្នុងវេបសាយផ្លូវការរបស់ Apple ឬក៏នៅលើ Channel YouTube ផ្លូវការរបស់គេហ្នឹងឯង។ ប៉ុន្តែបើមិនចង់ចំណាយពេលចូលទៅស្វែងរក Channel របស់ Apple នោះ អ្នករង់ចាំមើលតាមរយៈតំណរភ្ជាប់ជាមួយ YouTube ខាងក្រោមនេះបាន៖

បន្ទាប់ពីដឹងពីវិធីទស្សនាហើយ ឥលូវយើងមកមើលផលិតផលសំខាន់ៗ ដែលរំពឹងថានឹងត្រូវ Apple ប្រកាសចេញវិញម្ដង ជាក់ស្ដែងក្នុងនោះរួមមានដូចជា៖

• iPhone 13 Series: មិនខុសទេ iPhone ជំនាន់ថ្មីជាផលិតផល ដែលយើងអាចសង្ឃឹមខ្ពស់ជាងគេថានឹងបង្ហាញខ្លួន។ កន្លងទៅនេះយើងធ្លាប់ទទួលបានដំណឹងថា Apple អាចនឹងបង្រួមឆកលើ iPhone 13 Series ឲ្យតូចជាងមុន ហើយគេក៏អាចបំពាក់អេក្រង់ដល់ 120Hz មកឲ្យដែរ សម្រាប់ម៉ូឌែល Pro និង Pro Max។ កាមេរ៉ារបស់វាក៏ត្រូវបានរំពឹងថា Apple កែប្រែឲ្យកាន់តែប្រសើរជាងមុនថែមទៀត ហើយទំហំអង្គផ្ទុកក៏ទំនងជានឹងបង្កើនដូចគ្នា ដោយលើកនេះអាចចាប់ផ្តើមឡើងពី 128GB ទៅតែម្ដង។

• បន្ទាប់មកទៀត Apple Watch Series 7 ក៏រំពឹងថានឹងបង្ហាញខ្លួនដែរ លើកនេះវាអាចទទួលបានរូបរាងថ្មី មានគែមជ្រុងដូច iPhone ជំនាន់ថ្មីអញ្ចឹង។

• AirPods 3 ក៏មានភាគរយច្រើនថានឹងត្រូវ Apple ប្រកាសចេញលើឆាកដូចគ្នា ដោយវាអាចចែករំលែកការឌីហ្សាញជាមួយ AirPods Pro ច្រើន ប៉ុន្តែមិនមានជ័រទន់ទ្រាប់ត្រចៀកទេ។

ក្រៅពីនេះនៅមានផលិតផលមួយចំនួន ក៏អាចនឹងចេញដែរ ប៉ុន្តែយើងមិនរំពឹងខ្ពស់ប៉ុន្មានទេ ជាក់ស្ដែងដូចជា iPad ជំនាន់ទី 9, MacBook Pro ជំនាន់ថ្មី ក៏ដូចជា iMac ម៉ូឌែលកំពូលជាដើម។ ទន្ទឹមគ្នានោះ iOS 15 ក៏នឹងអាចត្រូវ Apple ប្រកាសទម្លាក់ឲ្យប្រើប្រាស់ជាផ្លូវការដូចគ្នា។

ប្រភព ៖ Apple
អត្ថបទទាក់ទង