Apple ទើបទម្លាក់កំណែអាប់ដេត iOS 14.8 ថ្មី និងណែនាំអ្នកប្រើប្រាស់អាប់ដេតឲ្យបានឆាប់បំផុត
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

ថ្មីៗនេះ Apple បានទម្លាក់កំណែអាប់ដេតថ្មីមួយទៀតហើយគឺ iOS 14.8 និង iPadOS 14.8 ដោយកំណែអាប់ដេតលើកនេះ មិនបានកែប្រែផ្ទៃ UI ឬក៏ដាក់បញ្ចូលមុខងារណាមួយ ឲ្យមានចំណុចប្លែកនោះទេ ផ្ទុយទៅវិញ Apple ព្យាយាមបញ្ចេញវាឲ្យបានរហ័សបំផុត ដើម្បីឲ្យទៅជួសជុលបញ្ហាសំខាន់ៗ ដែលមានចន្លោះប្រហោងនៅលើ iOS 14.7 ក៏ដូចជា iPadOS 14.7 កន្លងទៅ។

អ្នកទាំងអស់គ្នាអាចធ្វើការអាប់ដេតទៅកាន់ iOS និង iPadOS ជំនាន់ថ្មីនោះបានហើយ តាមរយៈវិធីដូចរាល់ដងអញ្ចឹង ពោលគឺចូលទៅកាន់ Setting បន្ទាប់មកយក General និងបន្ទាប់មកទៀតចុចយក Software Update។ តាមរយៈកំណែអាប់ដេតនេះដែរ Apple បានព្រមានឲ្យអ្នកប្រើប្រាស់ ធ្វើការអាប់ដេតឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ព្រោះដើម្បីចូលទៅជួសជុលបញ្ហាសុវត្ថិភាព ដែលកំពុងបង្ករឲ្យមានការព្រួយបារម្ភនៅលើ iOS និង iPadOS ជំនាន់ចាស់។ 

ការជួសជុលធំបំផុតនោះ គឺទៅកែប្រែការងាយរងគ្រោះពីផ្នែក CoreGraphics និង WebKit ដែលត្រូវបានរកឃើញថា កំពុងតែមានគេបង្ករបញ្ហាតាមវិធីនេះ យ៉ាងសកម្មទៀតផង។ បញ្ហាទាក់ទងនឹង CoreGraphics គឺវាអាចអនុញ្ញាតឲ្យអ្នកមានបំណងមិនល្អ បង្កប់មេរោគជាមួយ File PDF ជាដើម ហើយនៅពេលបើក File នេះលើ iPhone និង iPad វានឹងអនុញ្ញាតឲ្យទូរសព្ទឆ្លាត និងថេប្លេតរបស់ Apple នេះ អាចដំណើរការកូដ ដែលមិនមានប្រភព ឬមិនមានការអនុញ្ញាតត្រឹមត្រូវបាន។

សម្រាប់បញ្ហាទាក់ទងនឹង WebKit វិញ ក៏ស្រដៀងគ្នានេះដែរ ប៉ុន្តែវាផ្តោតលើការបង្កប់មេរោគតាមរយៈ Website ផ្សេងៗវិញ ដែលត្រូវបាន Apple ប្រាប់ថា វាអាចនឹងនាំឲ្យមានការដំណើរការកូដលើ iPhone និង iPad តាមអំពើចិត្តតែម្ដង ហើយកាន់តែគួរឲ្យប្រុងប្រយ័ត្ននោះ គឺថាបញ្ហានេះក៏កំពុងតែមានដំណើរការយ៉ាងសកម្មដូចគ្នា។

ដូច្នេះហើយបានជា Apple ណែនាំឲ្យអ្នកប្រើប្រាស់ទាំងអស់ធ្វើកំណែអាប់ដេតទៅកាន់ iOS 14.8 និង iPadOS 14.8 ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ព្រោះកំណែអាប់ដេតថ្មីនេះ នឹងចូលទៅជួសជុលបញ្ហា ដែលគួរឲ្យបារម្ភខាងលើ។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង