លក្ខណៈសម្បត្តិសំខាន់ៗរបស់ឈីប Google Tensor ត្រូវបានបង្ហាញក្នុង Geekbench
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

ដូចធ្លាប់បានដឹងហើយ Google Tensor គឺជាឈីបមួយ ដែលនឹងត្រូវយកទៅបំពាក់នៅលើ Pixel 6 Series ជំនាន់ថ្មី ប៉ុន្តែសម្រាប់សម្បត្តិរបស់ឈីបនេះយ៉ាងណានោះ យើងនៅមិនទាន់ដឹងច្បាស់ទេ។ ខណៈការបង្ហាញដោយផ្ទាល់របស់ Google ផ្ទាល់ នៅតែមិនទាន់មកដល់ ពេលនេះយើងមកមើល លក្ខណៈសម្បត្តិសំខាន់ៗរបស់ឈីបខាងលើ តាមរយៈការបានបង្ហាញក្នុង Geekbench ជាមុនសិន។

មិនខុសទេ ថ្មីៗនេះ លក្ខណៈសម្បត្តិសំខាន់ៗទាក់ទងនឹងឈីបផ្ទាល់ខ្លួនរបស់ Google ដែលហៅថា Tensor នោះ ត្រូវបានប្រទះឃើញនៅក្នុងបញ្ជី Geekbench តែម្ដង ដោយចំណុចសំខាន់ ដែលបង្ហាញឲ្យយើងដឹងគឺថា ឈីបមួយនេះអាចមានប្រើប្រាស់ CPU Cortex-X1 របស់ Arm ដល់ទៅ 2 គ្រាប់តែម្ដង ដែលមានល្បឿនខ្ពស់បំផុតឡើងដល់ 2.8GHz។ តាមរយៈការប្រើប្រាស់ CPU គោលដល់ទៅ 2 នេះដែរ ធ្វើឲ្យមានការរំពឹងទុកខ្ពស់ពីឈីបដំបូងរបស់ Google នោះថា វាអាចនឹងសមត្ថភាព CPU ប្រសើរជាង Snapdragon 888 និង Exynos 2100 របស់ Samsung បច្ចុប្បន្ននេះទៅទៀត ព្រោះឈីបកំពូលទាំងពីរនេះ មានប្រើប្រាស់ CPU គោល Cortex-X1 តែមួយគ្រាប់ប៉ុណ្ណោះ។ 

សម្រាប់ Core CPU ផ្សេងទៀតរបស់ Tensor ក្រៅពី Cortex-X1 នោះ គឺវាអាចមាននៅមាន CPU ដំណើរការបានក្នុងល្បឿន 2.25GHz ចំនួន 2 Cores និង CPU សម្រាប់ដំណើរការកម្រិតទាប ដែលមានល្បឿន 1.8GHz ចំនួន 4 Cores។

ចំពោះផ្នែកក្រាហ្វិកវិញ ក្នុង Geekbench ប្រាប់ថា វាអាចនឹងប្រើប្រាស់ GPU ប្រភេទ Mali-G78 ដូចដែលធ្លាប់មាននៅលើឈីប Exynos 2100 របស់ Samsung បច្ចុប្បន្ននេះដែរ។ ទន្ទឹមគ្នានឹងលក្ខណៈសម្បត្តិ បានបង្ហាញខាងលើនេះដែរ យើងក៏បានដឹងរួចហើយតាមរយៈការបញ្ជាក់ពីសំណាក់ Google ផ្ទាល់ថា ឈីបដំបូងរបស់គេនោះ នឹងទទួលបានការពង្រឹងបន្ថែមឲ្យកាន់តែប្រសើរ ទៅលើផ្នែក AI, ផ្នែកសុវត្ថិភាព ក៏ដូចជាផ្នែក Photography ជាដើម។ 

ប្រភព ៖ Sparrows News
អត្ថបទទាក់ទង