មានតម្រុយថា Samsung កំពុងធ្វើការលើ Galaxy Note ជំនាន់ក្រោយហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

ក្នុងឆ្នាំនេះមិនមានវត្តមាន Galaxy Note ចេញមកនោះទេ ហើយ Samsung ក៏បានបញ្ជាក់ច្បាស់រួចហើយដែរ តាំងពីដើមឆ្នាំមកម្លេះ។ យ៉ាងណា Samsung មិនធ្លាប់បានប្រាប់ដោយផ្ទាល់ទេថា គេបញ្ចប់ជីវិតត្រកូល Note ជារៀងរហូតនោះ ផ្ទុយទៅវិញដោយសារតែមិនឃើញវត្តមាន Galaxy Note ក្នុងឆ្នាំនេះ ធ្វើឲ្យមនុស្សជាច្រើនគិតថា ក្រុមហ៊ុនកូរ៉េខាងត្បូងលែងបញ្ចេញវាមកទៀត។

បើផ្អែកលើការបង្ហាញចេញពីប្រភព Ice Universe ក្នុងពេលថ្មីៗនេះវិញ អាចឲ្យអ្នកគាំទ្រត្រកូលមានសង្ឃឹមឡើងវិញបាន ដោយគេបានបង្ហោះនៅតាមបណ្ដាញសង្គម Twitter ថា មានមនុស្សក្នុងផ្នែកសង្វាក់ផលិតកម្ម បានប្រទះឃើញភ័ស្តុតាងមួយចំនួន ទាក់ទងនឹងទៅនឹងវត្តមាន Galaxy Note ជំនាន់ថ្មី។ ដូច្នេះមានន័យថា ពេលនេះ Samsung កំពុងតែធ្វើការទៅលើ Galaxy Note ជំនាន់បន្ទាប់ទៀតហើយ។

មិនខុសទេ បើតាមការបញ្ជាក់ពី Samsung កន្លងទៅ ទាក់ទងនឹងការមិនបញ្ចេញ Galaxy Note ក្នុងឆ្នាំនេះនោះ គេប្រាប់ថា នឹងមិនបោះបង់វត្តមាន Galaxy Note នោះទេ ហេតុនេះក្រុមហ៊ុនកូរ៉េខាងត្បូង អាចនឹងប្រកាសចេញជាថ្មីម្ដងទៀត នៅក្នុងឆ្នាំ 2022 ខាងមុខវិញ។

យ៉ាងណាក៏ដោយ ប្រភពខាងលើមិនបានបញ្ជាក់អ្វីបន្ថែមទៀតទេ ទាក់ទងនឹងវត្តមានត្រកូល Note ជំនាន់ថ្មីរបស់ Samsung នោះ ដូច្នេះសម្រាប់ព័ត៌មានបន្ថែម គឺយើងមានតែរង់ចាំតាមដានបន្តទៀត នាពេលក្រោយ។

សូមរំឮកថា កាលពីខែសីហាកន្លងទៅនេះ ជំនួសឲ្យការប្រកាសចេញ Galaxy Note ក្រុមហ៊ុនកូរ៉េខាងត្បូងខាងលើ បានបញ្ចេញ Galaxy Z Fold3 និង Z Flip3 មកវិញ ដោយក្នុងនោះក៏ឃើញថា វាកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកប្រើដូចគ្នា។

ប្រភព ៖ Ice Universe
អត្ថបទទាក់ទង