ទំនាស់ Apple និង Epic បានចប់ហើយ ចៅក្រមកាត់ក្តីឲ្យ Apple ឈ្នះ ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌមួយដាច់ខាត
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

ទំនាស់រវាង Apple និង Epic បានអូសបន្លាយជាយូរមកដែរ ដោយចាប់ផ្តើមតាំងពីក្នុងឆ្នាំមុនមកម្លេះ ដោយដើមហេតុដំបូងមកពី Apple បានលុបហ្គេមល្បី Fortnite របស់ Epic Games ចេញពី App Store ក្រោមមូលហេតុថា គេបានរំលោភបំពានច្បាប់ក្នុង App Store។ ការបំពានរហូតដល់ថ្នាក់ Apple លុប Fortnite ចេញនោះ គឺដោយសារតែ Epic បានដាក់ឲ្យមានជម្រើសនៃការបង់ប្រាក់ ក្នុងហ្គេមផ្ទាល់តែម្ដង ដើម្បីជៀសវាងពីការកាត់កងខ្ទង់ 30% ទៅឲ្យ Apple រៀងរាល់ការបង់ប្រាក់ ពីអ្នកលេងហ្គេមរបស់ខ្លួន (ការធ្វើបែបនេះក៏ជួយឲ្យអ្នកប្រើទទួលបានតម្លៃបង់សមរម្យជាងមុនដែរ)។

បន្ទាប់ពីមានទំនាស់ដូចខាងលើនេះ ទើបធ្វើឲ្យមានការប្តឹងពីសំណាក់ Epic Games ទៅកាន់ Apple ហើយរឿងក្តីរបស់ពួកគេបានអូសបន្លាយ រហូតមកដល់ថ្ងៃទី 10 កញ្ញាកន្លងទៅនេះ។ យ៉ាងណាក៏ដោយ រឿងក្តីនោះត្រូវបានបញ្ចប់ត្រឹមថ្ងៃទី 10 ហ្នឹងហើយ ដោយលទ្ធផលជារួម តុលាការកាត់ក្តីឲ្យ Apple ជាអ្នកឈ្នះ ប៉ុន្តែមិនមែនមានន័យថា គេជោគជ័យទាំងស្រុងទេ ផ្ទុយទៅវិញក្រុមហ៊ុនយក្សមួយនេះ ត្រូវតែបំពេញតាមលក្ខខណ្ឌកំណត់មួយចំនួន ដើម្បីឲ្យស្មើភាពគ្នា។

សម្រាប់អត្ថប្រយោជន៍សំខាន់ ដែល Apple ឈ្នះក្តីនោះ គឺតុលាការបានតម្រូវឲ្យ Epic Games បង់ប្រាក់ 30% នៃចំណូលសរុបរបស់គេខ្ទង់ជាង 12 លានដុល្លារ ដែលបានមកពី Fortnite ក្នុង iOS ចន្លោះពីខែសីហាឆ្នាំ 2020 ដល់ខែតុលាឆ្នាំ 2020 និងបង់ 30% សម្រាប់ចំណូលអំឡុងខែវិច្ឆិកាឆ្នាំ 2020 ទៅឲ្យ Apple វិញ។ 

សម្រាប់ការសម្រេចចិត្តដាក់បញ្ចូល Fortnite ទៅក្នុង App Store ជាថ្មីម្ដងទៀត ឬមួយក៏អត់នោះ តុលាការបានផ្តល់ការសម្រេចចិត្តនេះ អាស្រ័យទៅនឹង Apple ប៉ុណ្ណោះ។ បើទោះជា Apple ទទួលបានជ័យជំនះជារួមក៏ដោយ ប៉ុន្តែក៏មានចំណុចចាញ់វិញដែរ ជាក់ស្ដែងតុលាការបានតម្រូវឲ្យ Apple ត្រូវតែបើកជម្រើសបង់ប្រាក់ក្នុងកម្មវិធីដោយផ្ទាល់ ទៅកាន់ក្រុមអ្នកអភិវឌ្ឍទាំងអស់ មិនមែនឲ្យបង់តែតាម App Store មួយដូចមុនទេ។ យ៉ាងណាក៏ដោយ នៅមានការកំណត់ជាច្រើនលក្ខខណ្ឌទៀតពីតុលាការអាមេរិក ប៉ុន្តែយើងលើកយកតែចំណុចសំខាន់ៗប៉ុន្មានចំណុចនេះ មកបង្ហាញប៉ុណ្ណោះ។

បន្ទាប់ការកាត់ក្តីបានបញ្ចប់ CEO របស់ Epic Games ក៏ដូចជាស្ថាបនិកផងដែរនោះ បានបង្ហាញការមិនពេញចិត្ត នឹងការសម្រេចរបស់ចៅក្រមទេ ដោយគាត់លើកឡើងថា ការកាត់ក្តីរបស់តុលាការនាថ្ងៃទី 10 កញ្ញានោះ មិនមែនជាលទ្ធផលឈ្នះ សម្រាប់អ្នកភិវឌ្ឍទាំងអស់ ក៏ដូចជាអ្នកប្រើប្រាស់ ឬអតិថិជនឡើយ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង