អ្វីទៅជា Grid Line? ហេតុអីបានអ្នកថតរូបចូលចិត្តបើកប្រើមុខងារនេះ?
ដោយ​ ៖ សាន់នី | 4 ថ្ងៃមុន SHARE

 

រហូតមកដល់ពេលនេះ យើងសង្គេតឃើញថា គុណភាពកាមេរ៉ាលើទូរសព្ទឆ្លាត ពិតជាវិវត្តន៍លើសមត្ថភាពបានខ្លាំងមែនទែន បើធៀបពីមួយជំនាន់ទៅមួយជំនាន់ ចំណែកខាងក្រុមហ៊ុនផលិតនីមួយៗវិញ ក៏ព្យាយាមរកអ្វីដែលថ្មី និងល្អ ដើម្បីបំពេញចិត្តអ្នកប្រើប្រាស់ ដែលជាអ្នកចូលចិត្តថតរូបលើទូរសព្ទ ផងដែរ។ ជាក់ស្តែង រូបភាពដែលថតដោយអ្នកពូកែថតរូប និងស្រលាញ់ការថតរូប គឺឃើញថា រាល់រូបភាពមួយប៉ុស្តិ៍ៗ សុទ្ធសឹងតែស្អាត ក៏ប៉ុន្តែនៅពីក្រោយរូបភាពទាក់ទាញទាំងអស់នោះ ក៏មានបង្កប់តិចនិច និងរបៀបប្រើប្រាស់លើការថត ផងដែរ ហើយអ្វីដែលអ្នកថតរូបភាគច្រើន ប្រើមិនដែលរំលងនោះ គឺមុខងារ Grid (Line)។

• អ្វីទៅជាមុខងារ Grid (Line)?

សម្រាប់និយមន័យរបស់ Grid (Line) វាមិនមានអីវែងឆ្ងាយនោះទេ តែវាក៏ជាជាមុខងារមួយ ក្នុងចំនោមមុខងារជាច្រើនទៀត ដែលអ្នកគួរតែបើកនៅលើកាមេរ៉ា មិនថានៅលើទូរសព្ទ ឬពពួកកាមេរ៉ា DSLR នោះទេ។ បើនិយាយឲ្យស្រួលស្តាប់ទៅ Grid គឺជាខ្សែបន្ទាត់ផ្តេកពីរ និងបពា្ឈរពីរ រត់កាត់គ្នា ដែលជាទូទៅគេហៅថាខ្សែបន្ទាត់ Rule of Thirds ដែលយើងអាចចូលទៅកំណត់បើក ឬបិទបាន នៅក្នុង Setting របស់កាមេរ៉ា។

• ហេតុអីបានអ្នកថតរូបចូលចិត្តបើកប្រើមុខងារនេះ?

ជាការពិតណាស់ ខ្ញុំជឿថា អ្នកដែលចូលចិត្តថតរូបលើស្មាតហ្វូនភាគច្រើន គឺសុទ្ធតែបើកប្រើមុខងារ Grid នេះ សឹងតែគ្រប់គ្នាទៅហើយ។ មូលហេតុនោះ គឺថាការដាក់ខ្សែបន្ទាត់នេះ វាផ្តល់ភាពងាយស្រួលក្នុងការដាក់មើលប្លង់ ដើម្បីកុំឲ្យលម្អៀង មិនត្រង់ មិនស្មើ និងងាយស្រួលក្នុងការដាក់ទីតាំងឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាតនៃប្លង់នីមួយៗ ហើយក៏ផ្តល់ផលល្អ ពេលចង់យកមក Edit បន្ថែម ផងដែរ ដោយមិនពិបាកទាញ សារ៉េម្តងទៀត នាំឲ្យបាត់ Object ឬ Background ក្នុងប្លង់នៃរូបភាពនោះ។

សរុបមកវិញ នេះគ្រាន់តែជាចំនុចតូចមួយដែលខ្ញុំចង់បង្ហាញ និងចែករំលែកទៅកាន់ប្រិយមិត្ត ដែលគាត់មិនទាន់ស្គាល់ ឬមិនធ្លាប់បានដឹង និងបើកប្រើពីមុនមក។ តាមពិតទៅ ការពីការបើកប្រើមុខងារ Grid នេះ វាក៏នៅមានតិចនិច និងចំនុចជាច្រើនផ្សេងទៀត ដើម្បីជំនួយឲ្យការថតរូបរបស់អ្នក កាន់តែទាក់ទាញ និងស្អាតគួរជាទីពេញចិត្ត។ សម្រាប់អ្នកដែលស្គាល់មុខងារនេះហើយ ក៏អាចធ្វើការចែករំលែកទៅកាន់មិត្តភក្កិ ក៏ដូចជាអ្នកនៅជុំវិញខ្លួនបាន ដែលពួកគាត់មិនទាន់បានដឹង។

ប្រភព ៖ Cambo Report
អត្ថបទទាក់ទង