កាលពី 18 ឆ្នាំមុន កម្មវិធី Steam ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូងបង្អស់
ដោយ​ ៖ ឡេង | 4 ថ្ងៃមុន SHARE

 

អ្នកនិយមចូលចិត្តលេងហ្គេមលើ PC ប្រាកដជាស្គាល់ច្បាស់ហើយ អំពីកម្មវិធី Steam របស់ Valve ដែលជាប្រភពទិញយកហ្គេមល្បីៗមកលេង ជាពិសេសនោះគឺរួមមានដូចជា Dota 2 និង CS:GO ជាដើម។ ថ្ងៃនេះត្រូវជាខួបលើកទី 18 ឆ្នាំរបស់កម្មវិធី Steam ហើយ បើគិតចាប់ពីថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2003 កន្លងមក។

បើសិនជាមនុស្សវិញគឺមានន័យថា គ្រប់អាយុក្នុងការបោះឆ្នោតបានហើយ ព្រមទាំងរៀនចប់ថ្នាក់ទី 12 និងចាប់ផ្ដើមសកលវិទ្យាល័យ ថែមទៀតផង។ កាលពីពេលដំបូងឡើយ មិនសូវមានអ្នកនិយមប្រើកម្មវិធី Steam នោះទេ ព្រោះតែអ៊ីនធើណេតមិនទាន់ទូលំទូលាយ ហើយមនុស្សភាគច្រើន នៅនិយមទិញឌីសហ្គេមមកលេងប៉ុណ្ណោះ។ 

យ៉ាងណាក៏ដោយ Valve អាចផ្លាស់ប្ដូរទម្លាប់របស់អ្នកលេងបានសម្រេច និងណែនាំឲ្យទិញហ្គេមតាមរយៈអនឡាញ ជាទម្រង់ឌីជីថលវិញ កាន់តែច្រើនទៅៗតែម្ដង។ នាពេលបច្ចុប្បន្ននេះ Steam មានចំនួនអ្នកប្រើប្រាស់សរុបខ្ទង់ 120 លាននាក់ជារៀងរាល់ខែ បើប្រៀបធៀបទៅនឹងចំនួនសរុបខ្ទង់ 13 លាននាក់ជារៀងរាល់ខែ កាលពីអំឡុងឆ្នាំ 2007 ផងដែរ។

ហ្គេមដំបូងបង្អស់ ដែលត្រូវការចុះឈ្មោះតាមរយៈកម្មវិធី Steam នោះគឺត្រូវជាហ្គេម Half-Life 2 (2004) ដោយទទួលបានប្រជាប្រិយភាពខ្ពស់ និងណែនាំឲ្យមនុស្សស្គាល់កម្មវិធី Steam បានកាន់តែច្រើនជាបន្ដបន្ទាប់។ តើអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់កម្មវិធី Steam ជាប្រចាំដែរទេ? ឬក៏ប្រើកម្មវិធីទាញយកហ្គេមផ្សេងពីនេះ?

ប្រភព ៖ Steam
អត្ថបទទាក់ទង