Apple ព្រមានថា ការភ្ជាប់ iPhone ជាមួយតួខ្លួនម៉ូតូធំៗ នឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់កាមេរ៉ារបស់វា
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

ថ្មីៗនេះ Apple បានបង្ហោះឯកសារណែនាំមួយ ចូលទៅក្នុង Support Page នៃវេបសាយផ្លូវការរបស់ខ្លួន ដើម្បីប្រាប់ដល់អ្នកប្រើប្រាស់ iPhone ឲ្យដឹងពីករណីប្រើប្រាស់ ដែលអាចធ្វើឲ្យកាមេរ៉ារបស់វា មានបញ្ហា ឬក៏ថយចុះគុណភាព។ បញ្ហាដែល Apple លើកយកមកបង្ហាញនោះ គឺទាក់ទងនឹងការភ្ជាប់ iPhone ទៅនឹងតួខ្លួនម៉ូតូធំៗ ពេលធ្វើដំណើរផ្សេង។

មិនខុសទេ បើតាមការបង្ហាញចេញពីសំណាក់ Apple នោះ បានឲ្យដឹងថា ការភ្ជាប់ iPhone ទៅនឹងតួខ្លួនម៉ូតូមានកម្លាំងម៉ាស៊ីនធំៗ នឹងធ្វើឲ្យប៉ះពាល់ខ្លាំង ដល់គុណភាពកាមេរ៉ារបស់វា។ Apple អះអាងថា iPhone ភាគច្រើន ដែលមានកាមេរ៉ារបស់វា មានភ្ជាប់មកជាមួយបច្ចេកវិទ្យា OIS និង Closed-loop Autofocus (AF) នោះ នឹងងាយរងគ្រោះដោយសារបញ្ហានេះជាងគេ ចំពោះករណីដែលគេភ្ជាប់វា ជាមួយម៉ូតូម៉ាស៊ីនធំៗនោះ។ 

មូលហេតុនៅពីក្រោយខ្នងនៃការបង្ហាញនេះគឺ ដោយសារតែ iPhone ដែលមានបច្ចេកវិទ្យាខាងលើ បានប្រើប្រាស់សេនស័រ Gyroscopes ឬ Magnetic ដើម្បីជាជំនួយទប់ទល់ការផ្លាស់ប្តូរចលនា និងរំញ័រផ្សេងៗអំឡុងពេលថតរូប ឬវីដេអូ ខណៈម៉ូតូដែលមានម៉ាស៊ីនធំៗវិញ វាបានផ្តល់រំញ័រយ៉ាងខ្លាំង ទៅកាន់តួខ្លួន ឬក៏ដៃចង្កូតរបស់វា ដូច្នេះបើសិនជាអ្នកប្រើដាក់ iPhone ជាប់ជាមួយនឹងម៉ូតូប្រភេទនេះជារឿយៗនោះ វានឹងក្លាយជាដើមហេតុចម្បងមួយ ធ្វើឲ្យប៉ះពាល់ដល់ផ្នែកកាមេរ៉ាតែម្ដង។

ដើម្បីជៀសវាងពីបញ្ហានេះ Apple បានណែនាំទៅកាន់អ្នកប្រើប្រាស់ថា បើចង់ប្រើ iPhone ជាក់លើម៉ូតូនោះ គួរតែប្រើជាមួយម៉ូតូដែលមានម៉ាស៊ីនតូចៗវិញ ព្រោះវាផ្តល់រំញ័រតិចទៅកាន់តួខ្លួន ឬក៏ដៃចង្កូត ជាក់ស្ដែងដូចជាពពួកប្រភេទម៉ូតូ Moped ឬ Electric Scooters ជាដើម។ 

សូមបញ្ជាក់ថា ចាប់ពី iPhone 6 Plus / 6s Plus ក៏ដូចជា iPhone 7 ឡើងមកលើ គឺសុទ្ធសឹងតែមានបំពាក់មុខងារ OIS ព្រមទាំង Closed-loop AF មកដូចៗគ្នា ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ទាំងអស់ គួរតែយកចិត្តទុកលើបញ្ហានេះបន្ថែម ដើម្បីជួយឲ្យគុណភាពកាមេរ៉ា iPhone របស់អ្នក នៅដំណើរការល្អបានយូរ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង