Google Search លើកុំព្យូទ័រចាប់ផ្តើមទទួលបានមុខងារ Dark Mode ដែរហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 6 ថ្ងៃមុន SHARE

 

បន្ទាប់ពីកម្មវិធី ក៏ដូចជាផ្ទាំងសំខាន់ផ្សេងៗ ត្រូវបាន Google ផ្តល់ជម្រើសមុខងារ Dark Mode ឲ្យរួចហើយនោះ អ្នកប្រើប្រាស់ Google Search លើកុំព្យូទ័រ នៅតែបន្តប្រើប្រាស់ផ្ទាំងពណ៌សដដែល ដោយសារគេមិនទទួលបានជម្រើសផ្ទាំងខ្មៅឡើយ ហើយទើបតែពេលនេះ វាលែងជាបញ្ហាសម្រាប់អ្នកចូលចិត្ត Dark Mode ហើយ ព្រោះ Google កំពុងតែចាប់ផ្តើមទម្លាក់ទៅឲ្យជាបណ្ដើរៗ។

ថ្មីៗនេះ Google បានទម្លាក់មុខងារ Dark Theme ទៅឲ្យ Search សម្រាប់កុំព្យូទ័រដែរហើយ បន្ទាប់ពីត្រូវបានលេចធ្លាយថាទម្លាក់ឲ្យ តាំងពីចុងឆ្នាំ 2020 កន្លងទៅ។ មិនខុសទេ Google កំពុងចាប់ផ្តើមទម្លាក់ជាបណ្ដើរៗ ដូច្នេះមានន័យថា មិនមែនអ្នកប្រើប្រាស់ទាំងអស់ សុទ្ធតែទទួលបានក្នុងពេលនេះទេ ប៉ុន្តែអាចមានអ្នកប្រើមួយចំនួនទទួលបានហើយ រីឯមួយចំនួនទៀត នឹងទទួលបានពេលក្រោយ។

ដើម្បីប្រើប្រាស់មុខងារនេះមិនលំបាកទេ អ្នកគ្រាន់តែចូលទៅកាន់ Google Search ក្នុង Browser នៃកុំព្យូទ័ររបស់អ្នក បន្ទាប់ចុចលើ Setting ដែលមាននិមិត្តសញ្ញាស្ពឺ នៅខាងលើផ្នែកខាងស្ដាំ រួចចុចយក Search Setting -> Appearance ក្រោយមកអ្នកនឹងឃើញជម្រើស Dark Theme ក្នុងចំណោមជម្រើសពីរផ្សេងទៀត។

ដូច្នេះហើយចាប់ពីពេលនេះ អ្នកដែលមិនចូលចិត្តផ្ទាំងពណ៌សលើ Google Search ក្នុងកុំព្យូទ័រ លែងជាបញ្ហាទៀតហើយ ដោយអ្នកអាចអនុវត្តតាមជំហានងាយៗ ឬតាមរយៈរូបភាព ដែលបានដាក់នៅខាងលើ ហើយចុចតាមគំនូសពណ៌ខៀវនោះបាន។

ប្រភព ៖ Engadget
អត្ថបទទាក់ទង