អ្វីដែលយើងបានដឹងពី Apple Watch Series 7 ជំនាន់ថ្មី
ដោយ​ ៖ សាន់នី | 6 ថ្ងៃមុន SHARE

 

កាន់តែខិតជិតមកដល់មែនទែនហើយ សម្រាប់ព្រឹត្តិការណ៍ធំ នៅចុងឆ្នាំ 2021 គឺ Apple Event របស់ក្រុមហ៊ុន Apple ដោយបានដឹងខ្លះហើយថា នឹងមានតួឯកចំនួន 2 រួមមាន iPhone និង Apple Watch។ តែយ៉ាងណា នាពេលកន្លងមក បើនិយាយពីនាឡិកាឆ្លាតជំនាន់ទី 7 ដែលត្រៀមនឹងបង្ហាញខ្លួនឆាប់ៗនេះ យើងក៏ទទួលបានដំណឹងលេចធ្លាយពីលក្ខណៈសម្បត្តិ និងមុខងារផ្សេងៗរាងច្រើនគួរសមដែរ ដូច្នេះ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងធ្វើការសរុបព័ត៌មានលេចធ្លាយទាំងអស់ពី Apple Watch Series 7 ចែករំលែកទៅកាន់ប្រិយមិត្ត ដើម្បីទុកជាការកត់ចំណាំបន្ថែម មុនថ្ងៃប្រកាសចេញមកដល់។

រហូតមកដល់ពេលនេះ យើងពិតជាអាចមានទំនុកចិត្តខ្ពស់ហើយថា Apple Watch series 7 អាចនឹងមានការផ្លាស់ប្តូររចនាបថរូបរាងប្រាកដមែន ដោយឆ្នាំនេះ Apple នឹងឈូសគែមមូលទាលច្រើនជំនាន់ចេញ មកជាគែមជ្រុងឈូសស្មើ ដូចទៅផលិតផល iPhone 12 series និង iPad Pro / Air ជំនាន់ក្រោយៗដែរ ហើយខ្ញុំជឿថា ការឌីហ្សាញបែបនេះ គឺអាចនឹងទទួលបានការចាប់អារម្មណ៍ច្រើន ព្រោះវាជាការរចនាមួយ ពីអតីតកាលរបស់ក្រុមហ៊ុននេះផ្ទាល់។ ក្រៅពីមានរូបរាងជ្រុង យើងក៏បានដឹងបន្ថែមដែរថា អេក្រង់នាឡិកានេះ មានផ្ទៃរាបស្មើ និងមានទំហំអេក្រង់រីកធំជាងមុនមួយលេខ សម្រាប់ម៉ូឌែលទាំង 2 គឺទំហំ 41mm និង 45mm ជាមួយគែមអេក្រង់កាន់តែខ្លី មើលទៅគួរឲ្យចាប់អារម្មណ៍មែនទែន បើធៀបជាមួយជំនាន់មុនៗ។ ចំពោះកម្លាំងម៉ាស៊ីន Apple Watch series 7 ត្រូវបានគេបញ្ជាក់ថា នឹងបំពាក់ឈីប S7 ជំនាន់ចុងក្រោយ ជាមួយសមត្ថភាពកាន់តែប្រសើរជាងមុនច្រើន ចំណែកថាមពលថ្មវិញ ក៏នឹងតម្លើងឲ្យធំជាងមុនដែរ បែបហ្នឹង វានឹងធ្វើឲ្យការប្រើប្រាស់ បានកាន់តែយូរជាងមុន។

ចំនុចក្រោយ ក៏មានប្រភពជាច្រើនបានបញ្ជាក់បន្ថែមដែរថា Apple Watch series 7 នឹងទទួលបានផ្ទាំង Watch Face ថ្មីៗ ស្អាតៗ បន្ថែមជាច្រើនទៀត ដែលមិនធ្លាប់មាននៅលើ Apple Watch ជំនាន់មុនៗ សូម្បីតែខ្សែនាឡិកា ក៏អាចនឹងមានជម្រើសជាច្រើនម៉ូត ច្រើនពណ៌ ផងដែរ តែចំពោះតម្លៃវិញ យើងនៅមិនទាន់ដឹងនៅឡើយទេ។ គួររំលឹកថា នាឡិកាជំនាន់ថ្មីនេះ នឹងប្រកាសចេញមកតំណាលគ្នាជាមួយ iPhone  13 Series ដែរ ប៉ុន្តែចំនួនបញ្ចេញលក់របស់វា ក៏អាចនឹងមានកំណត់ដែរ ព្រោះដោយសារពេលនេះ Apple នៅមានកង្វះខាតខ្លះ ជាមួយនឹងចំនួនឈីបនាឡិការបស់ខ្លួន។

 

ប្រភព ៖ Cambo Report
អត្ថបទទាក់ទង