TCL រំសាយចោលគម្រោងផលិតទូរសព្ទអេក្រង់បត់ សម្រាប់ប្រជែងនឹង Galaxy Z Flip3 វិញ
ដោយ​ ៖ សុវណ្ណរតនៈ | 6 ថ្ងៃមុន SHARE

 

TCL មានគម្រោងលើទូរសព្ទឆ្លាតអេក្រង់បត់ជាច្រើនម៉ូឌែល ហើយក៏កំពុងតែត្រូវបានគេធ្វើការជាមួយដែរ ដោយក្នុងនោះក៏មានមួយម៉ូឌែល ប្រើការឌីហ្សាញក្នុងទម្រង់ដូចគ្នានឹង Galaxy Z Flip របស់ Samsung ដែរ ហើយប្រាកដណាស់ថា នោះនឹងក្លាយជាម៉ូឌែលដែលចូលខ្លួនមកប្រជែងលើទីផ្សារ ជាមួយ Z Flip3 ជាមិនខាន។

គម្រោងទូរសព្ទឆ្លាតអេក្រង់បត់ ដែលស្រដៀងនឹង Z Flip នោះ ត្រូវបានគេហៅថា Project Chicago ហើយខណៈពេលវត្តមានចូលប្រជែងលើទីផ្សារ មិនទាន់មកដល់ផង TCL សម្រេចរំសាយចោលការផលិតទ្រង់ទ្រាយធំ និងដាក់លក់ទូរសព្ទឆ្លាតនោះវិញហើយ។ ហេតុផលនៅពីក្រោយការរំសាយនេះ គឺត្រូវបាន TCL ប្រាប់ថា ដោយសារតែគេមិនទាន់អាចធ្វើឲ្យតម្លៃរបស់ Project Chicago នោះ ស្ថិតនៅកម្រិតទាប តាមដែលចង់បានឡើយ ជាក់ស្ដែងតម្លៃទាបបំផុត ដែលគេអាចធ្វើបានគឺខ្ទង់ 800 ដុល្លារ។ 

ប្រធានផ្នែកទីផ្សាររបស់ TCL និយាយក្នុងន័យទទួលស្គាល់ថា “បើអ្នកទិញហ៊ានចំណាយលុយទិញទូរសព្ទឆ្លាតអេក្រង់បត់តម្លៃ 800 ដុល្លារនោះ គេក៏នឹងអាចចំណាយដល់ 1,000 ដុល្លារ ដើម្បីទិញទូរសព្ទឆ្លាតអេក្រង់បត់ ពីយីហោមួយដែលគេស្គាល់ច្រើនឆ្នាំ និងមានទំនុកចិត្តជាងដែរ”។

ការបង្ហាញខាងលើ គឺប្រាកដណាស់ថា គាត់ចង់សំដៅលើ Galaxy Z Flip3 ហ្នឹងឯង ដែលត្រូវបាន Samsung ដាក់លក់ចាប់ផ្តើមពី 999 ដុល្លារឡើង។ TCL នៅតែគិតថា ទីផ្សារទូរសព្ទឆ្លាតអេក្រង់បត់ នៅតែមិនទាន់រួចរាល់នោះទេ ជាពិសេសគឺអំឡុងពេលជំងឺរាតត្បាតបែបនេះ។ គេបញ្ជាក់ថា ការសម្រេចចិត្តរំសាយចោលវិញនោះ គឺធ្វើឡើងមុនពេលព្រឹត្តិការណ៍ Unpacked ចុងក្រោយរបស់ Samsung កាលពីខែមុនទៅទៀត។

សូមបញ្ជាក់ថា Project Chicago គឺត្រូវបាន TCL អភិវឌ្ឍបានរួចរាល់ ត្រៀមនឹងផលិតទ្រង់ទ្រាយធំទៀតផង ហើយគេក៏ធ្លាប់បានផ្ញើម៉ូឌែលគំរូ ទៅកាន់ក្រុមអ្នកសារព័ត៌មានផងដែរ។

Project Chicago របស់ TCL គឺជាទូរសព្ទឆ្លាតមានអេក្រង់ខាងក្នុងទំហំ 6.67 អ៊ីញ ជាប្រភេទ AMOLED មានកម្រិតបង្ហាញ FHD+ និងមានអេក្រង់ខាងក្រៅតូចមួយទំហំ 1.1 អ៊ីញ។ វាមានបំពាក់ឈីបបង្គួរ Snapdragon 765G ជាមួយគ្នានឹងរ៉េម 6GB ព្រមទាំងអង្គផ្ទុក 128GB ក៏ដូចជាមានថាមពលថ្មទំហំ 3,545mAh ជាដើម។

ជាមួយលក្ខណៈសម្បត្តិសង្ខេបបែបនេះ ហើយក្នុងតម្លៃ 800 ដុល្លារនោះ គឺប្រាកដណាស់ ដូចប្រធានផ្នែកទីផ្សាររបស់ TCL បញ្ជាក់អញ្ចឹង អ្នកទិញនឹងពិរចារណ៍លើ Galaxy Z Flip3 ជាមិនខាន ព្រោះខុសគ្នា 200 ដុល្លារ គេទទួលបានលក្ខណៈសម្បត្តិកំពូលៗ ហើយ Samsung ធ្លាប់មានបទពិសោធន៍យូរជាង TCL ទៅលើទូរសព្ទឆ្លាតអេក្រង់បត់បែបនេះ។

ប្រភព ៖ Phone Arena
អត្ថបទទាក់ទង