Xiaomi អះអាងថាការសាក 120W លើ Xiaomi 11T Pro នឹងមិនប៉ះពាល់ថ្មរបស់វាទេ
ដោយ​ ៖ សុវណ្ណរតនៈ | 6 ថ្ងៃមុន SHARE

 

ប៉ុន្មានថ្ងៃមុននេះ Xiaomi បានបង្ហើបប្រាប់ថា ទូរសព្ទឆ្លាតលំដាប់កំពូលម៉ូឌែលថ្មីរបស់គេ ពោលគឺ Xiaomi 11T Pro នឹងគាំទ្របានដល់កម្លាំងសាក 120W ឯណោះ។ បន្ទាប់ពីមានការបង្ហើបប្រាប់នេះរួចមក មានមនុស្សជាច្រើនមានការងឿងឆ្ងល់ថា តើការសាកបញ្ចូលថ្មជាមួយកម្លាំងដ៏ខ្ពស់នោះ នឹងផ្តល់ផលប៉ះពាល់ទៅដល់ថាមពលថ្មដែរទេ?

ចំណែកឯពេលថ្មីៗនេះ Xiaomi បានឆ្លើយតបវិញហើយ បើសរុបជារួមពីចម្លើយរបស់អ្នកនាំពាក្យប្រចាំក្រុមហ៊ុននេះ គឺគេអះអាងថា វានឹងមិនផ្តល់ផលប៉ះពាល់ណាមួយ ខុសពីធម្មតានោះទេ ព្រោះវាត្រូវបានឆ្លងការតេស្តសាកល្បងជាយូរមកហើយ។ បើមើលទៅលើការពន្យល់របស់គេវិញ គឺដើម្បីទទួលបានកម្លាំងសាកល្បឿនលឿន 120W ជាមួយការផ្តល់សុវត្ថិភាពខ្ពស់ ទៅដល់អ្នកប្រើប្រាស់នោះ គេបានប្រើប្រាស់ថាមពលថ្ម ដែលបែងចែកជាពីរផ្នែក ដូច្នេះនៅពេលដែលដុំសាកផ្តល់កម្លាំងឲ្យមក 120W ពេញ វាមិនមែនចូលទៅកាន់ថ្មនោះទាំងស្រុងឡើយ ជាក់ស្ដែងកម្លាំងនឹងត្រូវបែងចែកជាពីរ ហើយការធ្វើបែបនេះក៏ជួយឲ្យល្បឿនសាកកាន់តែលឿនផងដែរ។

សម្រាប់សំណួរទាក់ទងនឹងការប្រើប្រាស់រយៈពេលយូរវិញ Xiaomi ប្រាប់ថា នេះជាចំណុចមួយដែលពួកគេបានតេស្តធ្ងន់បំផុត ហើយលទ្ធផលនៃការតេស្តនោះ គឺជាទូទៅ បន្ទាប់ពីមានការសាកជាប្រចាំ 800 ដងរួចមក វានឹងនៅតែមានសុខភាពថ្មល្អដល់ទៅ 80% ឯណោះ។

ការថយចុះគុណភាព 20% អាចនិយាយបានថាច្រើនគួរសម ប៉ុន្តែនេះជាចំនួនលេខធម្មតាមួយប៉ុណ្ណោះ សម្រាប់អាយុកាលរបស់ថ្ម ដែលត្រូវបានប្រើប្រាស់ និងសាកជាប្រចាំ ក្នុងរយៈជាង 2 ឆ្នាំ ឬខ្ទង់ 800 ដងនោះ។ ដើម្បីជាឧទារហណ៍ងាយយល់ យើងលើកយក Apple មកប្រៀបធៀបចុះ ព្រោះដូចបានដឹងហើយថា នេះជាក្រុមហ៊ុនមួយ ដែលគិតគូរលើថាមពលថ្មរបស់ iPhone បំផុត ហើយគេបានប្រាប់អតិថិជនរបស់ខ្លួនឲ្យថា សុខភាពថ្មនៅលើ iPhone នោះ នឹងតែសល់ 80% បន្ទាប់ពីមានសាកពេញជាប្រចាំ 500 ដង ហើយការអះអាងនេះ គេប្រើប្រាស់កម្លាំងសាកថ្មទាបប៉ុណ្ណោះ។ 

ដូច្នេះហើយ បើសិនជាការអះអាងរបស់ Xiaomi ជាការពិតមែននោះ យើងអាចរំពឹងបានថា អាយុកាលថាមពលថ្មរបស់ Xiaomi 11T Pro មិនទាបនោះទេ បើទោះជាមានកម្លាំងដល់ 120W ក៏ដោយ យ៉ាងហោចណាស់ ក៏នៅសល់សុខភាពថ្មប្រហាក់ប្រហែលនឹងទូរសព្ទឆ្លាតធម្មតាដែរ បន្ទាប់ពីប្រើប្រាស់អស់រយៈ 2 ឬ 3 ឆ្នាំក្រោយមក។

ប្រភព ៖ The Verge
អត្ថបទទាក់ទង