realme Pad ជាថេប្លេតលើកដំបូងរបស់ realme ត្រូវបានដាក់លក់ខ្ទង់ 190 ដុល្លារឡើងទៅ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

បន្ទាប់ពីការបែកធ្លាយច្រើនលើកមក ពេលនេះ realme Pad ត្រូវបានគេប្រកាសចេញផ្លូវការហើយ ក្នុងនាមជាថេប្លេតលំដាប់មធ្យម ហើយត្រូវបាន realme ដាក់លក់ក្នុងតម្លៃគួរឲ្យចាប់អារម្មណ៍មួយ បើមើលទៅលើលក្ខណៈសម្បត្តិសំខាន់ៗរបស់វា។ 

realme Pad មានការរចនារូបរាងស្រស់ស្អាតបែបសាមញ្ញ ដោយខ្នងក្រោយត្រូវបានក្រាលដោយអាលុយមីញ៉ូម មានកាមេរ៉ាមួយគ្រាប់ ព្រមទាំងមានខ្សែឆ្នូតមួយ អូសពីកាមេរ៉ាចុះដល់ក្រោម ធ្វើឲ្យមើលទៅទាក់ទាញម្យ៉ាងដែរ។ សម្រាប់ផ្នែកខាងមុខ វាមានអេក្រង់លាត គែម Bezel ទាំង 4 ជ្រុង ធ្វើមកស្មើគ្នាស្អាត មិនមែនគែមលើក្រោមសល់ធំជាងគែមឆ្វេងស្ដាំ ដូចថេប្លេតលំដាប់មធ្យម ដែលយើងធ្លាប់ឃើញលើទីផ្សារកន្លងមកឡើយ។ 

អេក្រង់របស់វាមានទំហំ 10.4 អ៊ីញ ហើយនោះត្រឹមតែជាអេក្រង់ IPS LCD ប៉ុណ្ណោះ មិនបានដល់ AMOLED ទេ ប៉ុន្តែយ៉ាងណាលក្ខណៈសម្បត្តិរបស់អេក្រង់នេះ ក៏មិនទាបពេកដែរ ជាក់ស្ដែងវាមានកម្រិតបង្ហាញ WUXGA+ (2000×1200 ភិចសែល), មានកម្រិតពន្លឺ 350 nits និងគាំទ្រមុខងារសំខាន់ៗដូចជា Reading Mode, Dark Mode, Night Mode និង Sunlight Mode ផងដែរ។

ថេប្លេតលំដាប់មធ្យម គឺច្បាស់ជាប្រើឈីបកម្រិតមធ្យមដូចគ្នា ជាក់ស្ដែង realme Pad បានប្រើប្រាស់ឈីប Helio G80 របស់ MediaTek អមមកជាមួយជម្រើសរ៉េមខ្ពស់បំផុតត្រឹម 4GB និងមានជម្រើសអង្គផ្ទុកខ្ពស់បំផុតត្រឹម 64GB ប៉ុណ្ណោះ ប៉ុន្តែ realme ក៏បានផ្តល់ MicroSD Card Slot សម្រាប់បន្ថែម SD Card ពីក្រៅបានដែរ។ សម្រាប់កាមេរ៉ា នៅខាងក្រោយមួយគ្រាប់នោះ គឺជាលេនទំហំ 8MP ខណៈខាងមុខវិញ ក៏មានមួយគ្រាប់ទំហំ 8MP ដូចគ្នា។

ថាមពលថ្មដែលបំពាក់មកធំល្មមគឺ 7,100mAh ហើយក៏មានមុខងារសាកថ្មល្បឿនលឿនដែរ ប៉ុន្តែត្រឹម 18W ប៉ុណ្ណោះ។ ចំណុចពិសេសរបស់ថេប្លេតខាងលើ គឺមានបំពាក់ Speaker មកដល់ 4 គ្រាប់ ដែលគាំទ្រជាមួយបច្ចេកវិទ្យាសម្លេង Dolby Atmos ទៀតផង។

ចំណុចចុងក្រោយ realme Pad ដំណើរការដោយ Android 11 ស្រោបពីលើដោយ Realme UI For Pad ហើយវាក៏មានជម្រើសដែលប្រើ WiFi និងប្រើ LTE ដូចគ្នា ប៉ុន្តែក្នុងនោះម៉ូឌែល WiFi គឺមានរ៉េមនឹងអង្គផ្ទុកត្រឹម 3GB/32GB និងមានតម្លៃខ្ទង់ ៧៦ ម៉ឺនរៀល ឬ 190 ដុល្លារ ខណៈពេលម៉ូឌែលដែលគាំទ្របានទាំង LTE ដែរនោះ តម្លៃរបស់វាចាប់ផ្តើមឡើងពី ៨៦ ម៉ឺនរៀលឡើងទៅ ឬ 215 ដុល្លារ (ទាំងនេះជាតម្លៃសម្រាប់ប្រទេសឥណ្ឌា)។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង