Facebook បញ្ចេញវ៉ែនតាឆ្លាតដំបូងជាផ្លូវការហើយ មានកាមេរ៉ា 2 គ្រាប់ សម្រាប់ថតរូប និងវីដេអូ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

យើងធ្លាប់តែទទួលបានដំណឹងលេចធ្លាយ ជាច្រើនដងមកហើយ ទាក់ទងនឹងគម្រោងក្នុងការប្រកាសចេញវ៉ែនតាឆ្លាតរបស់ Facebook ប៉ុន្តែពេលនេះ គេបានប្រកាសចេញជាផ្លូវការមែនទែនហើយ ក្រោមការសហការគ្នាជាមួយនឹងក្រុមហ៊ុនវ៉ែនតាល្បីឈ្មោះ Ray Ban ផងដែរ។ 

វ៉ែនតាឆ្លាតខាងលើ ត្រូវបានគេហៅថា Ray Ban Stories ហើយបើមើលទៅរូបរាងរបស់វ៉ែនតានោះ ឃើញថាវាមានលក្ខណៈស្រដៀងវ៉ែនតាធម្មតាច្រើន ព្រោះវាហាក់ដូចជាមិនធំខ្លាំង ដូចវ៉ែនតាឆ្លាតមួយចំនួន ដែលយើងធ្លាប់ឃើញលើទីផ្សារកន្លងទៅឡើយ។ នៅកៀនកញ្ចក់សងខាងនៃវ៉ែនតា គឺមានបំពាក់កាមេរ៉ាចំនួន 2 គ្រាប់ ដែលមានទំហំ 5MP ដូចគ្នា ដែលអនុញ្ញាតឲ្យវាអាចចាប់យករូបភាពក្នុងកម្រិត 2592 x 1944 ភិចសែល និងអាចថតវីដេអូបានក្នុងកម្រិត 1184 x 1184 ភិចសែលជាមួយល្បឿន 30fps។

អ្នកប្រើប្រាស់អាចភ្ជាប់វាជាមួយទូរសព្ទឆ្លាតបាន ដើម្បីធ្វើការផ្ទេររូបភាព ឬវីដេអូពីវ៉ែនតានោះ មកាន់ទូរសព្ទឆ្លាតវិញ។ Ray Ban Stories ដែលកើតចេញពី Facebook និងក្រុមហ៊ុន Ray Ban ក៏បានបំពាក់មកជាមួយ Speaker 2 គ្រាប់នៅសងខាង ជាមួយគ្នានឹងឧបករណ៍ស្រួបសម្លេង 3 គ្រាប់ផងដែរ។

ដូច្នេះវាក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចភ្ជាប់ទូរសព្ទឆ្លាត ដើម្បីនិយាយទូរសព្ទឆ្លើយឆ្លងបាន ឬក៏អាចប្រើប្រាស់ Facebook Assistance បានដូចគ្នា។ យ៉ាងណាក៏ដោយ វ៉ែនតាឆ្លាតមួយនេះ មិនមានបំពាក់ជាមួយបច្ចេកវិទ្យា Augmented Reality ដូចដំណឹងលេចធ្លាយឡើយ ដូច្នេះកញ្ចក់របស់វា គ្មានអ្វីពិសេសទេ គឺគ្រាន់តែជាកញ្ចក់ធម្មតា មិនមានមុខងារសំខាន់ ឬក៏ការបង្ហាញអ្វីលើនោះឡើយ។ 

ជំនួយការសម្លេង Facebook Assistance នៅលើនោះ អាចឲ្យអ្នកប្រើប្រាស់ធ្វើការបញ្ជាឲ្យវាថតរូបភាព ឬវីដេអូតាមសម្លេងបាន ជាក់ស្ដែងអ្នកប្រើត្រូវនិយាយថា “Hey Facebook, take a video” នោះវានឹងថតវីដេអូតាមរយៈកាមេរ៉ាទាំងពីរ។

យ៉ាងណាក៏ដោយ ដើម្បីបង្ហាញពីការគិតគូរដល់ឯកជនភាពរបស់មនុស្សជុំវិញខ្លួននោះ វ៉ែនតា Ray Ban Stories ខាងលើ មានភ្លើង LED ពណ៌ស ដែលនឹងភ្លឺឡើង នៅពេលដែលអ្នកប្រើកំពុងថតរូប ឬវីដេអូ។

ជាចុងក្រោយវ៉ែនតាខាងលើនេះ មានជម្រើសច្រើនពណ៌ រូបរាង និងទំហំ សម្រាប់តម្រូវតាមអ្នកប្រើប្រាស់ផ្សេងៗគ្នា ហើយសម្រាប់តម្លៃវិញ គេបានដាក់លក់ដល់ទៅ ១ លាន 19 ម៉ឺនរៀល ឬ 299 ដុល្លារឯណោះ។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង