vivo X70 និង X70 Pro បំពាក់កាមេរ៉ាប្រសើរជាងមុន និងប្រើប្រាស់អេក្រង់ AMOLED 120Hz
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

មុននេះយើងបានឃើញវត្តមានរបស់ vivo X70 Pro+ រួចហើយ ដែលត្រូវបាន vivo ប្រកាសចេញក្នុងព្រឹត្តិការណ៍មួយនៅប្រទេសចិន កាលពីយប់ម្សិលមិញ។ នៅក្នុងការប្រកាសចេញនោះក៏មានវត្តមាន vivo X70 និង X70 Pro មកដូចគ្នាដែរ ដោយវាពួកវាមានចំណុចដូចគ្នាច្រើនគួរសម ហើយបើធៀបនឹងម៉ូឌែល Pro+ វិញ វាទាំងពីរត្រូវបាន vivo ដាក់លក់ក្នុងតម្លៃប្រសើរជាងច្រើន ប៉ុន្តែនេះក៏ដោយសារតែ គេបន្ថយនូវការប្រើលក្ខណៈសម្បត្តិកំពូលៗវិញដូចគ្នា។

សម្រាប់ការរចនារូបរាងទាំងមុខ និងក្រោយរបស់ vivo X70 និង X70 Pro គឺវាស្រដៀងគ្នាច្រើន រីឯចំណុចខុសគ្នា ដែលយើងអាចកំណត់ចំណាំបានគឺថា ម៉ូឌែល Pro មានចំនួនកាមេរ៉ាក្រោយច្រើនជាង ហើយវាក៏មានប្រើប្រាស់អេក្រង់កោងគែមបន្តិចដែរ ខណៈពេលម៉ូឌែលធម្មតាវិញ អេក្រង់របស់វាមិនកោងទេ ប៉ុន្តែពួកវាសុទ្ធតែមានលេនទំលុះអេក្រង់មួយគ្រាប់ចំកណ្ដាលដូចគ្នា។

ទំហំអេក្រង់គឺ vivo បានបំពាក់ 6.56 អ៊ីញ ទៅឲ្យទាំងពីរម៉ូឌែលតែម្ដង ដោយវាជាប្រភេទ AMOLED មានកម្រិតបង្ហាញ FHD+ ជាមួយល្បឿន Refresh 120Hz ដូចអេក្រង់ដែលគេធ្លាប់បំពាក់នៅលើជំនាន់ចាស់ vivo X60 និង X60 Pro ដែរ។ ចំណែកឯកាមេរ៉ាមួយគ្រាប់នោះវិញ ជាសេនស័រទំហំ 32MP តែម្ដង។

ទៅមើលកាមេរ៉ាក្រោយ ទាំងពីរម៉ូឌែលខាងលើ មានលក្ខណៈខុសគ្នាបន្តិច ដោយម៉ូឌែលធម្មតាមានប្រើប្រាស់លេនគោលទំហំ 40MP ជាសេនស័រ Sony IMX766V មានមុខងារទប់លំនឹងបែប Gimbal ក្រៅពីនេះ វាមានលេនទូលាយ Ultra Wide ទំហំ 12MP និងចុងក្រោយជា Portrait Camera មានទំហំ 12MP ប៉ុន្តែវាក៏ដើរតួជាលេនពង្រីកដែរ ដែលអាចធ្វើការពង្រីកបែប Optical បាន 2 ដង។ 

សម្រាប់ម៉ូឌែល Pro វិញ កាមេរ៉ាគោលរបស់វាឡើងដល់ទំហំ 50MP ជាមួយលេនទូលាយ Ultra Wide ទំហំ 12MP និងមាន 12MP ជា Portrait Camera ដែលអាចពង្រីក Optical បាន 2 ដងដូចម៉ូឌែលធម្មតាដែរ ប៉ុន្តែវាពិសេសជាងត្រង់ថា មានកាមេរ៉ាទី 4 មួយទៀត ជាលេន Periscope អាចធ្វើការពង្រីកបែប Optical ឡើងដល់ 5 ដងតែម្ដង។ ម៉ូឌែល Pro លើសម៉ូឌែលធម្មតាមួយទៀត គឺទៅលើឈីបជំនួយការគណនារូបភាព V1 របស់ vivo នេះឯង ដែលនៅលើម៉ូឌែលធម្មតាមិនមាននោះទេ។

ងាកទៅមើលកម្លាំងម៉ាស៊ីនវិញ ក៏ជាកន្លែងមួយដែលបង្ហាញពីភាពខុសគ្នារវាង vivo X70 និង X70 Pro ដែរ ជាក់ស្ដែងម៉ូឌែលធម្មតា វាបានប្រើប្រាស់ឈីប Exynos 1080 របស់ Samsung ចំណែកឯម៉ូឌែល Pro វាបានបំពាក់មកជាមួយឈីប Dimensity 1200 របស់ MediaTek វិញ។ 

ថាមពលថ្មគឺពួកវាស្ទើរតែមិនខុសគ្នាទៅហើយ ពោលគឺម៉ូឌែលធម្មតាមានទំហំ 4,400mAh ខណៈពេលម៉ូឌែល Pro មានទំហំ 4,500mAh ហើយចំណែកមុខងារសាកថ្មល្បឿនលឿនវិញនោះ ទាំង X70 និង X70 Pro អាចគាំទ្របានដល់កម្លាំង 44W ដូចគ្នា។

vivo X70 និង X70 Pro មានជម្រើស 3 ពណ៌ដូចគ្នា គឺពណ៌ស ខ្មៅ និងមួយទៀតគេហៅថា Nebula ចំណែកឯជម្រើសរ៉េម និងអង្គផ្ទុកវិញ ពួកវាចាប់ផ្តើមឡើងពី 8GB/128GB ដូចគ្នា ដែលមានតម្លៃខ្ទង់ ២ លាន ២៩ ម៉ឺនរៀល ឬ 573 ដុល្លារឡើងទៅ សម្រាប់ម៉ូឌែលធម្មតា ចំណែកឯម៉ូឌែល Pro មានតម្លៃចាប់ផ្តើមពី ២ លាន ៦៦ ម៉ឺនរៀល ឬ 666 ដុល្លារឡើងទៅ។ សូមបញ្ជាក់ថា នេះជាតម្លៃចាប់ទីផ្សារប្រទេសចិនប៉ុណ្ណោះ។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង