រូបរាងពិតរបស់ realme Pad នៅខាងក្រៅជាមួយគែមឈូសស្មើ គួរឲ្យចាប់អារម្មណ៍
ដោយ​ ៖ សាន់នី | 1 សប្តាហ៍មុន SHARE

 

ដូចប្រិយមិត្តភាគច្រើន បានដឹងរួចមកចឹងថា នៅថ្ងៃដែល realme ប្រកាសចេញនូវទូរសព្ទ GT series នោះ នៅចុងបញ្ចប់នៃព្រឹត្តិការណ៍ ខាងក្រុមហ៊ុននេះ ក៏បានបញ្ជាក់ឲ្យយើងបានដឹងពីវត្តមានផ្លូវការរបស់ realme Pad ដែលជាថេប្លេតដំបូងរបស់ពួកគេ ផងដែរ។ យ៉ាងណា សម្រាប់លក្ខណៈសម្បត្តិ Hardware របស់ realme Pad នេះ ខាង realme ក៏មិនទាន់បានបង្ហើបឲ្យយើង បានដឹងច្រើននោះទេ តែយើងអាចដឹងបានខ្លះៗ តាមរយៈព័ត៌មានលេចធ្លាយ ពីប្រភពបរទេសមួយចំនួន។

ជាការពិតណាស់ បើយើងតាមរូបភាពនៅលើផ្ទៃ Screen ដែលបង្ហាញនោះ យើងឃើញថា រចនាបថផ្នែកខាងមុខរបស់ realme Pad គឺមានលក្ខណៈស្រដៀងគ្នាទៅនឹង iPad Pro ដែរ ដោយវាបានបំពាក់មកជាមួយអេក្រង់លាត អមមកជាមួយគែមអេក្រង់ទាំង 4 ជ្រុង ស្មើៗគ្នា។ រីឯផ្នែកខាងក្រោយវិញ realme Pad បានភ្ជាប់មកជាមួយកាណុងកាមេរ៉ារាងមូល ស្ថិតនៅជ្រុងខាងឆ្វេងនៃផ្នែកខាងលើ អមមកជាមួយបន្ទាត់ពណ៌ទឹកប្រាក់ អូសកាត់កាមេរ៉ាពីលើចុះក្រោម។

យ៉ាងណា ថ្មីនេះ realme community បានបង្ហាញឲ្យឃើញរូបថត 2 សន្លឹក ពីរូបរាងពិតរបស់ realme Pad នៅខាងក្រៅផ្ទាល់តែម្ដង ដោយក្នុងនោះ គឺបង្ហាញពីផ្នែកគែមជ្រុងឈូសស្មើ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍ ហើយកាមេរ៉ាក្រោយមួយគ្រាប់នោះវិញ ក៏មានភាពសាមញ្ញ តែស្អាតម្យ៉ាងដែរ។ បន្ថែមពីនេះ នៅផ្ទៃខ្នងលាតរបស់ថេប្លេតនេះ មើលទៅមានការក្រាលសាច់ ដែលមិនងាយចម្លងស្នាមម្រាមដៃទេ និងមានដាំអក្សរ realme នៅផ្នែកគែមជ្រុង ខាងក្រោមផងដែរ។

គួររំលឹកបន្តិចថា realme Pad ដែលជាថេប្លេតដំបូងរបស់ realme នេះ នឹងត្រៀមធ្វើការ ប្រកាសចេញជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ដូច្នេះ ចំពោះលក្ខណៈសម្បត្តិពិតប្រាកដយ៉ាងណា យើងនឹងបានដឹងទាំងអស់គ្នា។ ចុះប្រិយមិត្តវិញ យល់ម៉េចដែរ ទៅលើរូបរាងរបស់ realme Pad នេះ? អាចធ្វើការបញ្ចេញយោបល់ នៅកន្លែងផ្តល់មតិបាន។

 

ប្រភព ៖ realme community
អត្ថបទទាក់ទង