Samsung គ្រោងបញ្ចេញសេនស័រកាមេរ៉ាធំដល់ទំហំ 576MP នៅក្នុងឆ្នាំ 2025
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ធ្លាប់មានដំណឹងជាច្រើនទាក់ទងនឹងគម្រោង ក្នុងការអភិវឌ្ឍន៍សេនស័រកាមេរ៉ាទំហំធំដល់ទៅ 600MP របស់ Samsung ដែលអាចនឹងត្រូវបានគេបង្ហាញចេញនាពេលអនាគត។ តែពេលនេះវិញ ផ្ទាំង Slide មួយរបស់ Samsung ត្រូវបានបែកធ្លាយ ដែលបង្ហាញឲ្យឃើញពីគម្រោងក្នុងការប្រកាសចេញសេនស័រកាមេរ៉ាធំ 576MP ទៀតផង។

មិនខុសទេ យោងតាម Slide មួយនោះ គឺបង្ហាញថា Samsung មានគម្រោងក្នុងការបញ្ចេញសេនស័រកាមេរ៉ាដ៏ធំទំហំ 576MP នៅក្នុងអំឡុងឆ្នាំ 2025 ខាងមុខតែម្ដង។ នៅក្នុងនោះដែរ មិនមានលក្ខណៈសម្បត្តិផ្សេងៗរបស់សេនស័រខាងលើ ត្រូវបានបង្ហាញនោះទេ ប៉ុន្តែក្នុង Slide ឃើញថាគេបានយកសេនស័រទំហំធំ 576MP ប្រៀបប្រដូចជាមួយ កម្រិតបង្ហាញដែលចេញពីភ្នែករបស់មនុស្សយើងផ្ទាល់ទៀតផង។

ពិតណាស់ យោងតាមអ្នកស្រាវជ្រាវ ភ្នែករបស់មនុស្សអាចចាប់យករូបភាពបានក្នុងកម្រិតបង្ហាញខ្ទង់ 500MP នោះឯង ដូច្នេះមានន័យថា គោលដៅរបស់ Samsung គឺទំនងគេព្យាយាមធ្វើឲ្យសេនស័រខាងលើ អាចចាប់រូបភាពក្នុងគុណភាពច្បាស់បំផុត ដូចការមើលដោយភ្នែកទទេរអញ្ចឹង។

យ៉ាងណាក៏ដោយ នៅមិនទាន់ការបញ្ជាក់ច្បាស់ទេថា កាមេរ៉ាដែលចាប់យករូបភាពបានដល់ 576MP ខាងលើ នឹងត្រូវយកទៅប្រើប្រាស់លើឧបករណ៍ប្រភេទណា។ សូមរំឮកថា ថ្មីៗនេះ Samsung ទើបប្រកាសចេញសេនស័រកាមេរ៉ា សម្រាប់ទូរសព្ទឆ្លាតដែលមានទំហំធំបំផុត ក្នុងពេលបច្ចុប្បន្ន ពោលគឺសេនស័រ HP1 មានទំហំដល់ទៅ 200MP ឯណោះ ដូច្នេះបើអ្នកចង់ដឹងបន្ថែមពីសេនស័រនេះ អាចចុចត្រង់នេះបាន។

ប្រភព ៖ Phone Arena
អត្ថបទទាក់ទង