នេះជារថយន្ត Mercedes-Benz VISION AVTR ដែលអនុញ្ញាតឲ្យអ្នកបើកបញ្ជាតាមរយៈការគិតបាន
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីដើមឆ្នាំ 2020 កន្លងទៅ Mercedes បានដាក់បង្ហាញរថយន្តគំរូមួយរបស់ខ្លួនជាផ្លូវការ មានឈ្មោះពេញ Mercedes-Benz VISION AVTR ដែលត្រូវបានក្រុមហ៊ុនផ្ទាល់អះអាងថា ការឌីហ្សាញលើរថយន្តនេះ ត្រូវបានបំផុសគំនិតដោយភាពយន្ត Avatar កាលពីក្នុងឆ្នាំ 2009 នោះឯង។ ចំណុចសំខាន់នៃរថយន្តម៉ូឌែលនោះ គឺដូចក្នុងខ្សែភាពយន្តអញ្ចឹង ដោយ Mercedes-Benz ចង់ឲ្យវាមានទំនាក់ទំនងជាមួយមនុស្សបាន តាមរយៈការគិតតែម្ដង។

ថ្មីៗនេះ Mercedes បាននាំយករថយន្តខាងលើ មកបង្ហាញបន្ថែមទៀត នៅក្នុងព្រឹត្តិការណ៍ IAA Mobility 2021 ហើយក្នុងនោះ គេក៏បានប្រាប់ឲ្យកាន់តែច្បាស់ ទាក់ទងនឹងបច្ចេកវិទ្យា ដែលអាចឲ្យអ្នកប្រើប្រាស់បញ្ជារថយន្តនោះ តាមរយៈការគិតផងដែរ។ មិនខុសទេ ក្រុមហ៊ុនអាល្លឺម៉ង់បានបញ្ជាក់ថា ពួកគេបានដាក់បញ្ចូល Brain Computer Interface (BCI) ដែលនេះហើយស្នូលសំខាន់ សម្រាប់ការគ្រប់គ្រងផ្នែកផ្សេងៗលើរថយន្ត VISION AVTR។ 

យោងតាម Mercedes ផ្ទាល់គឺថា អ្វីៗទាំងអស់ដែលជាមុខងារនៅខាងក្នុងដូចជា ការកំណត់ទិសដៅសម្រាប់ធ្វើដំណើរ, គ្រប់គ្រងលើប្រព័ន្ធ Infotainment ផ្សេងៗ ក៏ដូចជាការកំណត់ភ្លើងបំភ្លឺលម្អនៅខាងក្នុងដែរនោះ គឺវាសុទ្ធតែអនុញ្ញាតឲ្យអ្នកបើកបរ បញ្ជាតាមរយៈការគិតចេញពីខួរក្បាលដោយផ្ទាល់បាន ហើយមុខងារមួយចំនួនទៀត នៅផ្នែកខាងក្រៅ ក៏អាចបញ្ជាតាមវិធីនេះបានដូចគ្នា។

យ៉ាងណាក៏ដោយ ដើម្បីបញ្ជាតាមការគិតជាមួយ BCI នោះបាន មិនមែនគ្រាន់តែចូលអង្គុយក្នុងរថយន្តជាការស្រេចទេ ជាក់ស្ដែងអ្នកប្រើប្រាស់ត្រូវការពាក់ឧបករណ៍ BCI មួយទៀត នៅជាប់នឹងក្បាល ដើម្បីឲ្យវាអាចធ្វើការទំនាក់ទំនងដោយផ្ទាល់ ជាមួយខួរក្បាលអ្នកប្រើប្រាស់។ 

ក្រឡេកទៅមើលរូបរាងរបស់រថយន្ត Mercedes-Benz VISION AVTR គឺមិនមានការកែប្រែ ខុសពីពេលដែលគេបង្ហាញក្នុងឆ្នាំមុនឡើយ ជាក់ស្ដែងវាមានរូបរាងបែបរថយន្តមកពីអនាគតតែម្ដង ហើយសម្រាប់ផ្នែកខាងក្រោយវិញ យើងឃើញថាវាមានការរចនាហាក់ដូចជាស្រកា ដែលមើលទៅលើស្រដៀងសត្វនាគ ក្នុងភាពយន្ត Avatar ដែរ។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង