តើគួរទិញក្រាហ្វិកកាតមួយទឹក ដែលធ្លាប់ត្រូវបានគេយកទៅ Mining មកប្រើទេ?
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

សព្វថ្ងៃការរកចំណូលពីការ Mining រូបបិយប័ណ្ណឌីជីថល ឬ Cryptocurrency នោះ កាន់តែទទួលបានការចាប់អារម្មណ៍ច្រើន ហើយដើម្បីធ្វើកិច្ចការនេះបាន Miner ត្រូវមានការ Set Up ក្រាហ្វិកកាតជាច្រើនផងដែរ។ ដោយសារតែអ្នក Miner កើនឡើងច្រើនបែបនេះហើយ បានជាកន្លងទៅការទិញលក់ក្រាហ្វិកកាត ដែលធ្លាប់ត្រូវបានគេយកទៅ Mining នោះ កាន់តែមានច្រើនឡើង អញ្ចឹងហើយ តើអ្នកគួរតែទិញយកក្រាហ្វិកកាតមួយទឹកប្រភេទនោះមកប្រើប្រាស់ដែរទេ?

បន្ទាប់ពីមានការទិញលក់ក្រាហ្វិកកាត ដែលធ្លាប់ត្រូវបានប្រើសម្រាប់ Mining មានការកើនឡើងច្រើននោះហើយ ទើបមានការព្រមាន ពីសំណាក់ក្រុមហ៊ុនផលិតក្រាហ្វិកផ្ទាល់ ទាក់ទងនឹងបញ្ហាដែលអាចកើតឡើង នៅពេលប្រើប្រាស់ក្រាហ្វិកមួយទឹកប្រភេទនោះ។ យោងតាមការបង្ហាញចេញពីក្រុមហ៊ុនផ្ទាល់ គេធ្លាប់ព្រមានថា មិនគួរទិញក្រាហ្វិកកាតដែលធ្លាប់ត្រូវបាន Mining មកប្រើនោះទេ ព្រោះតាមការស្រាវជ្រាវ ក្រាហ្វិកកាតមួយទឹកប្រភេទនោះ នឹងមានសមត្ថភាពថយចុះ 10% រៀងរាល់ឆ្នាំ ដូច្នេះបើវាធ្លាប់ត្រូវបានគេ Mining កាន់តែយូរ សមត្ថភាពរបស់នឹងថយចុះកាន់តែច្រើនជាងធម្មតា។

ការថយចុះច្រើននេះ គឺប្រាកដណាស់ដោយសារតែ ការប្រើប្រាស់លើ Mining មិនមានពេលអនុញ្ញាតឲ្យ GPU សម្រាកឡើយ ជាក់ស្ដែងវាដំណើរការពេញ 24 ម៉ោងក្នុងមួយថ្ងៃ រៀងរាល់ថ្ងៃតែម្ដង (24/7) ដូច្នេះ GPU ឆ្លងកាត់កាលៈទេសៈលំបាកខ្លាំងជាប្រចាំ ដូចជាការឡើងកម្តៅជាប់រហូតជាដើម។

យ៉ាងណាក៏ដោយ ខាងលើនេះ ជាការបង្ហាញពីក្រុមហ៊ុនផលិត GPU ផ្ទាល់ប៉ុណ្ណោះ ប៉ុន្តែបើតាមការតេស្តជាក់ស្ដែង ពីអ្នកតេស្តជាច្រើនឃើញថា ល្បឿន GPU ដែលធ្លាប់ត្រូវបាន Mining ធៀបនឹង GPU ថ្មី ហាក់មិនខុសគ្នាច្រើនដូចក្រុមហ៊ុនបញ្ជាក់ឡើយ។ 

ទាក់ទងនឹងសមត្ថភាព យើងអាចបដិសេធចំពោះការបង្ហាញចេញពីក្រុមហ៊ុនបាន ប៉ុន្តែនេះមិនមែនជាហេតុផលមួយ ដែលអាចឲ្យអ្នកសម្រេចចិត្តដោយងាយ ទៅទិញក្រាហ្វិកកាតធ្លាប់ Mining មកប្រើឡើយ ពោលគឺអ្នកទិញ នៅតែត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនទៀតដដែល ឧទាហរណ៍ជាក់ស្ដែង គឺដូចបានបញ្ជាក់ខាងលើអញ្ចឹង វាធ្លាប់ត្រូវបានគេប្រើប្រាស់ក្នុងសភាពធ្ងន់ជាប់ជាប្រចាំ ហេតុនេះអាយុកាល ដែលវាអាចឲ្យអ្នកប្រើបន្តបាន គឺអាចនឹងឆាប់ខូចជាង GPU ធម្មតា។

និយាយរួមមកវិញ តើគួរទិញក្រាហ្វិកកាតមួយទឹក ដែលឆ្លងការ Mining មកប្រើ ឬក៏អត់? ចម្លើយអាចឆ្លើយបានគឺថា អ្នកមិនគួរទិញវាមកប្រើឡើយ ព្រោះដូចបានបញ្ជាក់អញ្ចឹង ការ Mining នឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់អាយុកាលរបស់វា ដូច្នេះបើសិនជាអាច អ្នកគួរតែជ្រើសយក GPU ថ្មីតែម្ដង ទើបជាការប្រសើរ។ 

យ៉ាងណាចំណុចនេះ មិនមែនហាមឃាត់មិនឲ្យទិញ GPU ដែលឆ្លងកាត់ការ Mining មកប្រើទាំងស្រុងតែម្ដងនោះទេ ជាក់ស្ដែងនេះគ្រាន់ជាការក្រើនរំឮកមួយប៉ុណ្ណោះ ហើយបើសិនជាអ្នកនៅតែចង់បានក្រាហ្វិកកាតប្រភេទនេះមកប្រើ ដោយសារតម្លៃទាបនោះ អ្នកគួរតែពិចារណាឲ្យបានដិតដល់ និងស្គាល់ពីប្រភពដើមនៃការប្រើក្រាហ្វិកកាតនោះជាមុនសិន ទើបប្រសើរ។

ប្រភព ៖ Cambo Report
អត្ថបទទាក់ទង