BMW i Vision Circular គឺជារថយន្តអគ្គិសនីធ្វើឡើងពីសមាសធាតុកែច្នៃឡើងវិញ 100% តែម្ដង
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

នៅក្នុងព្រឹត្តិការណ៍ IAA Motor Show ថ្មីៗនេះ BMW បានប្រកាសចេញរថយន្តអគ្គិសនីជាច្រើនម៉ូឌែលជាផ្លូវការ ដោយក្នុងនោះក៏រួមមានម៉ូឌែលគំរូ ដែលត្រូវបានគេហៅថា BMW i Vision Circular មកដែរ។ រថយន្តគំរូថ្មីនេះ ជាប្រភេទរថយន្តអគ្គិសនីត្រូវបាន BMW ធ្វើឡើងសម្រាប់ប្រើប្រាស់ក្នុងទីក្រុង ហើយកាន់តែពិសេស វាត្រូវបានផលិតឡើងពីសមាសធាតុ ដែលកែច្នៃប្រើឡើងវិញទាំងស្រុងតែម្ដង។

យោងតាមការបង្ហាញចេញពីសំណាក់ BMW ផ្ទាល់ បានឲ្យដឹងថា រថយន្តគំរូ BMW i Vision Circular ថ្មីនោះ ត្រូវបានប្រើប្រាស់សមាសធាតុ ដែលកែច្នៃប្រើឡើងវិញ 100% តែម្ដង មិនថាថ្មដែលបំពាក់មកក៏ដោយ។ មិនខុសទេ ក្រុមហ៊ុនអាល្លឺម៉ង់ប្រាប់ថា គេបានសម្រេចប្រើប្រាស់សមាសធាតុមកពី Recycling Loop ដើម្បីផលិតជាថ្មសម្រាប់បំពាក់លើ i Vision Circular ហើយថ្មនោះ នឹងផ្តល់ថាមពលមកវិញ ក្នុងកម្រិតខ្ពស់ថែមទៀតផង។ 

ដើម្បីប្រាកដច្បាស់ថា សមាសធាតុដែលប្រើប្រាស់នៅលើរថយន្តខាងលើ អាចកែច្នៃប្រើឡើងវិញបានទាំងស្រុងនាពេអនាគត BMW មិនប្រើប្រាស់សមាសធាតុដូចជា ស្បែក, Chrome ឬមួយក៏សមាសធាតុផ្សេងៗ ដែលមិនអាចប្រើម្ដងទៀតបានទេ។

បើក្រឡេកទៅមើលការឌីហ្សាញរូបរាងវិញ យើងឃើញថារថយន្តគំរូខាងលើ មិនច្រឡំនឹងរថយន្តដទៃឡើយ ហើយបើទោះជាមានរូបរាងប្លែកមែន ប៉ុន្តែវានៅបន្តបំពេញអត្តសញ្ញាណមួយរបស់ BMW មកដដែល នោះគឺការប្រើប្រាស់ Grille ចំនួនពីរសងខាងដូចម៉ូឌែលផ្សេងៗអញ្ចឹង។ 

ផ្នែកខាងក្នុងក៏ត្រូវបានឌីហ្សាញមកប្លែកពីគេដែរ ជាក់ស្ដែងកៅអីទាំង 4 ត្រូវបានត្រូវបានគេធ្វើឡើងដោយប្រើប្រាស់ប្លាស្ទិកកែច្នៃ ហើយវាក៏មានភ្ជាប់មកជាមួយស៊ុមជុំវិញពណ៌មាស ធ្វើឡើងពីអាលុយមីញ៉ូមផងដែរ។

BMW i Vision Circular នឹងមិនត្រូវ BMW ផលិត ក៏ដូចជាដាក់លក់ផ្លូវការក្នុងពេលឆាប់ៗខាងមុខឡើយ ជាក់ស្ដែងយើងអាចនឹងឃើញរថយន្តប្រភេទនេះចេញមក ប្រហែលជាក្នុងអំឡុងឆ្នាំ 2040 ឯណោះ ដូច្នេះទម្រាំដល់ពេលនោះ អាចមិនមែនតែ BMW មួយទេ ដែលអាចផលិតរថយន្តដោយប្រើសមាសធាតុ អាចកែឆ្នៃប្រើឡើងវិញទាំងស្រុងបាន។

ប្រភព ៖ Motor1
អត្ថបទទាក់ទង