Apple នឹងត្រូវបង្ខំចិត្តឡើងថ្លៃផលិតផលថ្មីៗ ព្រោះតែឈីបកំពុងឡើងថ្លៃដូចគ្នា
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

បើយោងតាមសារព័ត៌មានបរទេស Nikkei Asian បានចុះផ្សាយឲ្យដឹងថា ផលិតផលស៊េរីថ្មីៗរបស់ Apple គ្រោងនឹងត្រូវឡើងតម្លៃបន្ថែមទៀត ដោយសារតែការខ្វះបន្ទះឈីប និងការឡើងតម្លៃពីក្រុមហ៊ុនដំឡើងផងដែរ។ ជាពិសេសជាងគេនោះគឺ TSMC ដែលជាក្រុមហ៊ុនដំឡើងឈីបឲ្យ Apple ក៏ដូចជា AMD, ARM, Broadcom, Marvell, MediaTek និង Nvidia ជាដើម។

ក្រុមហ៊ុនដំឡើងឈីបដ៏ល្បីល្បាញខាងលើ ធ្លាប់បានប្រកាសប្រាប់ហើយថា ពួកគេនឹងដំឡើងតម្លៃពីខ្ទង់ 3% រហូតដល់ខ្ទង់ 20% ព្រោះតែការធ្វើមានភាពពិបាកជាងមុន និងរងផលប៉ះពាល់ពីវីរុសកូវីដ-19 តែម្ដង។ ជាងនេះទៅទៀត TSMC ក៏បានស្នើសុំកុំឲ្យក្រុមហ៊ុននានា ដែលជាអតិថិជនរបស់ពួកគេ ធ្វើការកុម្ម៉ង់ឈីបច្រើនលើសលុបតទៅទៀត ព្រោះដើម្បីសន្សំទុកកម្លាំង ចែកចាយទៅកាន់ក្រុមហ៊ុនផ្សេងៗទៀត ឲ្យទាន់ពេលវេលាដូចមុន។ មូលហេតុដែល Apple ជាគោលដៅសំខាន់ជាងគេ ក្នុងការឡើងតម្លៃផលិតផលថ្មីៗ ក៏ដោយសារតែឈីបលើ iPhone និង Mac ភាគច្រើន សុទ្ធតែដំឡើងដោយ TSMC យូរណាស់មកហើយ។

ប្រសិនបើម៉ូឌែល iPhone 13 Series (គ្រោងនឹងចេញនៅពាក់កណ្ដាលខែកញ្ញានេះ) ត្រូវបានដាក់លក់ក្នុងតម្លៃថ្លៃជាងមុន គួរឲ្យកត់សម្គាល់ ហេតុដូច្នេះហើយ អ្នកទាំងអស់គ្នាក៏មិនភ្ញាក់ផ្អើលនោះដែរ។ ដំណឹងនេះអាចជាការរំលឹក និងជាការចង្អុលបង្ហាញថា បើសិនជាអាច គួរតែរកមើលម៉ូឌែលមុនៗ ដែលនឹងមានតម្លៃទាបជាង។

ប្រភព ៖ Nikkei Asian
អត្ថបទទាក់ទង