Mercedes-Benz ដាក់បង្ហាញម៉ូឌែលអគ្គិសនីនៃរថយន្តត្រកូល G-Wagen របស់ខ្លួនហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

នៅក្នុងព្រឹត្តិការណ៍ IAA Mobility 2021 ថ្មីៗនេះ Mercedes-Benz បានប្រកាសចេញរថយន្តជំនាន់ថ្មីរបស់ខ្លួនជាច្រើន ដែលសុទ្ធសឹងតែជាប្រភេទរថយន្តអគ្គិសនីតែម្ដង។ ទន្ទឹមគ្នានោះដែរ ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ ក៏បានបង្ហាញឲ្យសារធារណៈជនបានឃើញរថយន្តត្រកូល G-Wagen របស់គេក្នុងនាមជារថយន្តអគ្គិសនីដែរ ប៉ុន្តែពេលនេះវាជាម៉ូឌែលគំរូសិន។

Mercedes-Benz បានហៅរថយន្តអគ្គិសនីគំរូ ដែលបម្លែងពីត្រកូល G- Wagen នោះថា Concept EQG ហើយគេក៏បានបង្ហាញឲ្យឃើញរូបរាងពេញលេញរបស់វាដែរ គ្រាន់តែមិនទាន់បានបង្ហាញប្រាប់ ទាក់ទងនឹងលក្ខណៈសម្បត្តិសំខាន់ៗច្រើននោះទេ។ ជាក់ស្ដែង ថាមពលថ្ម ឬអាគុយ, ចម្ងាយដែលអាចធ្វើដំណើរបានក្នុងការសាកម្ដង ឬក៏កម្លាំងដែលវាអាចបង្កើតបាននោះ Mercedes-Benz មិនបានបង្ហាញប្រាប់ឡើយ ហើយអ្វីដែលគេបញ្ជាក់ច្បាស់គឺថា វានឹងក្លាយជាម៉ូឌែល ដែលដំណើរការដោយប្រព័ន្ធវិលកង់ទាំង 4 (All-Wheel Drive), មានប្រអប់លេខឡើងចុះ និងយ៉ាន់កង់របស់វាមានទំហំ 22 អ៊ីញផងដែរ។

បើក្រឡេកទៅមើលរូបរាងរបស់ Concept EQG បន្តិចវិញ យើងឃើញថា វាត្រូវបានគេចាក់ពណ៌មក 2 រសជាតិដូច Mercedes ធ្លាប់ធ្វើលើម៉ូឌែល EQS ដែរ ដែលការធ្វើបែបនេះជួយឲ្យវាមើលទៅកាន់តែទាក់ទាញ និងអាចចំណាំបានថាជាម៉ូឌែលអគ្គិសនីមកពីក្រុមហ៊ុនគេ។

ដូចយើងបានដឹងហើយ G-Wagen ជាត្រកូលរថយន្ត Off-Road លំដាប់ប្រណីតរបស់ Mercedes ដូច្នេះយើងអាចរំពឹងបានថា សមត្ថភាព Off-Road នៅលើ EQG នោះ និងស្ថិតក្នុងកម្រិតខ្ពស់មួយដូចម៉ូឌែល G-Wagen អញ្ចឹង ហើយកាន់តែពិសេសទៀតនោះ យើងក៏រំពឹងថា វានឹងនាំយកបច្ចេកវិទ្យាទំនើបៗចុងក្រោយ មកបំពាក់ដូចនៅលើម៉ូឌែល Sedan (EQS) ដែល Mercedes ប្រកាសចេញកន្លងទៅដែរ។

ពេលវេលាដែល Mercedes នឹងផលិត ក៏ដូចជាដាក់លក់រថយន្ត Off-Road អគ្គិសនី EQG ខាងលើ នៅមិនទាន់មានដំណឹងនោះទេ ប៉ុន្តែមិនថាចេញពេលឡើយ Mercedes គឺនឹងត្រូវប្រឈមមុខជាមួយរថយន្ត Off-Road អគ្គិសនីរបស់ក្រុមហ៊ុនធំៗដទៃដូចជា Hummer EV របស់ GM ជាដើម។

ប្រភព ៖ The Verge
អត្ថបទទាក់ទង