រថយន្ត Tesla តម្លៃខ្ទង់ 2 ម៉ឺនដុល្លារ ត្រៀមចេញនៅក្នុងឆ្នាំ 2023
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ធ្លាប់មានដំណឹងជាច្រើនដែរហើយ ដែលនិយាយទាក់ទងនឹងគម្រោងរបស់ Tesla ក្នុងការប្រកាសចេញរថយន្តតម្លៃទាបបំផុត ប្រចាំយីហោរបស់ខ្លួន ពោលគឺមានការរំពឹងថា អាចមានតម្លៃខ្ទង់ 20,000 ដុល្លារប៉ុណ្ណោះ សម្រាប់ទីផ្សារស្រុកគេ។ ដោយឡែកនៅក្នុងពេលនេះវិញ មានដំណឹងច្បាស់ការជាងមុនមកហើយ ព្រោះលើកនេះជាពាក្យសម្តី ដែលគេយកចេញពីការបង្ហាញរបស់លោក Elon Musk ផ្ទាល់តែម្ដង ដែលបញ្ជាក់ថា ការលេចឮកន្លងមកមិនខុសនោះទេ។

ពិតណាស់បើតាមការរាយការណ៍ចេញពីម្ចាស់គណនី Twitter ឈ្មោះ Sawyer Merritt បានឲ្យដឹងថា យោងតាមខ្សែស្រឡាយរបស់គាត់ ដែលជាបុគ្គលិករបស់ Tesla ព្រមទាំងធ្វើការជិតស្និទ្ធិជាមួយលោក Elon Musk ដែរនោះ គឺគេទទួលបានដំណឹងសំខាន់ៗមួយចំនួនធំ ទាក់ទងនឹងរថយន្តតម្លៃទាប ដែលជាគម្រោងបន្ទាប់របស់ Tesla ទៀតផង។ មិនខុសទេ Elon Musk ប្រាប់ទៅកាន់បុគ្គលិកគាត់ថា រថយន្តម៉ូឌែលថ្មី ដែលគេគ្រោងនឹងបញ្ចេញ នាពេលអនាគតនោះ គឺនឹងមិនត្រូវបានហៅថា Model 2 ដូចដំណឹងលេចធ្លាយឡើយ។

បន្ថែមពីនេះ លោក Musk ក៏បានបញ្ជាក់ច្បាស់ទៀតថា រថយន្តមួយនោះគឺមានតម្លៃខ្ទង់ 25,000 ដុល្លារ ហើយចំណុចសំខាន់ជាងគេគឺ Tesla នឹងចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៃរថយន្តនោះ នៅក្នុងអំឡុងឆ្នាំ 2023 ខាងមុខ។

បន្ថែមពីនេះ ប្រភពខាងលើប្រាប់ថា លោក Elon Musk ក៏បានសាកសួរទៅកាន់បុគ្គលិករបស់ខ្លួនដូចគ្នា តើគេចង់ឲ្យរថយន្តនោះ មកជាមួយនឹងដៃចង្កូត ឬមួយក៏អត់។ ការសួរបែបនេះ គឺអាចឲ្យដឹងកាន់តែច្បាស់ថា Tesla មានគម្រោងធំ ក្នុងការបំពាក់មុខងារបើកបរស្វ័យប្រវត្តិពេញលេញ នៅលើរថយន្តតម្លៃទាបថ្មីនោះ ហេតុដូច្នេះវាអាចនឹងមានជម្រើសមួយ ដែលបង្ហាញខ្លួនមក ដោយមិនមានចង្កូតបើកនោះទេ។

ប្រភព ៖ InsideEVs
អត្ថបទទាក់ទង