មកមើលម៉ូតូអគ្គិសនីថ្មីរបស់ BMW ដែលធ្វើឡើងមកសម្រាប់អ្នកមិនសូវចេះជិះម៉ូតូ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ខ្ទង់មួយខែមុន BMW បានប្រកាសចេញម៉ូតូអគ្គិសនីមួយឈ្មោះថា CE 04 ហើយត្រូវបានគេដាក់លក់ក្នុងតម្លៃយ៉ាងថ្លៃដល់ទៅខ្ទង់ 16,000 ពាន់ដុល្លារឯណោះ។ ចំណែកថ្មីៗនេះវិញ ក្រុមហ៊ុនដែលល្បីផ្នែកផលិតយានយន្តខាងលើ បានដាក់បង្ហាញម៉ូតូអគ្គិសនីគំរូថ្មីមួយ ត្រូវបានគេហៅថា CE 02 ហើយចំណុចពិសេសនៅលើម៉ូតូអគ្គិសនីម៉ូឌែលថ្មីនេះ គឺត្រូវបាន BMW ប្រាប់ថា វាមិនមែនដូចម៉ូតូធម្មតា ហើយក៏មិនមែនជាប្រភេទ Scooter ដែរ។

យោងតាមការបង្ហាញចេញពី BMW ផ្ទាល់បានឲ្យដឹងថា CE 02 នេះ ជាប្រភេទ Mini-bike ត្រូវបានគេធ្វើឡើងសម្រាប់អ្នកប្រើប្រាស់ក្មេងៗ ដែលមិនធ្លាប់បើកបរម៉ូតូពីមុនមក ដូច្នេះអាចនិយាយបានថា វាត្រូវបង្កើតមកសម្រាប់អ្នកមិនសូវស្ទាត់ក្នុងការបើកម៉ូតូ ឬអ្នកដែលមិនធ្លាប់បើកសោះតែម្ដង។ យើងអាចទទួលស្គាល់បាននូវអ្វីដែល BMW បង្ហាញនោះ ព្រោះ CE 02 វាមើលទៅមានលក្ខណៈតូចល្មម ដូច្នេះវាអាចជាផ្នែកមួយផ្តល់ភាពងាយស្រួល ដល់អ្នករៀនបើកបរដំបូង។ 

ក្រុមហ៊ុនអាល្លឺម៉ង់មិនបានបញ្ជាក់អ្វីច្រើន ពីលក្ខណៈសម្បត្តិរបស់ម៉ូតូគំរូនោះទេ ប៉ុន្តែគេអះអាងថា ក្នុងការសាកអាគុយ ឬថ្មពេញម្ដង វាអាចឲ្យអ្នកបើកធ្វើដំណើរបានខ្ទង់ 90km ហើយល្បឿនលឿនបំផុត ដែលវាអាចធ្វើបានវិញគឺអស់ត្រឹម 90km/h ហ្នឹងឯង។

ចំណុចសំខាន់ដែលយើងកត់សម្គាល់ឃើញលើម៉ូតូគំរូនោះ គឺវាមិនមានភ្ជាប់មកជាមួយកន្លែងដាក់ជើងទេ ជំនួសមកវិញ BMW បានផ្តល់កន្លែងដាក់ក្តារស្គីមួយនៅពីក្រោម ដូច្នេះអ្នកបើកអាចដាក់ជើងលើនោះបាន។ យ៉ាងណាយើងមិនប្រាកដទេថា ម៉ូឌែលចេញលក់ផ្លូវការ នឹងគ្មានឈ្នាន់ដាក់ជើងដែរ ឬក៏អត់ ព្រោះ BMW មិនបានប្រាប់ច្បាស់ឡើយ ទាក់ទងនឹងគម្រោងផលិតផ្លូវការ CE 02 នោះ ប៉ុន្តែបើសិនជាគេគ្រោងនឹងចេញលក់វាមែន យើងអាចរំពឹងបានថា វានឹងមានតម្លៃសមរម្យជាងម៉ូឌែល CE 04 លើកមុនច្រើន។

ប្រភព ៖ Engadget
អត្ថបទទាក់ទង