រថយន្តគំរូថ្មីរបស់ Audi នេះ អាចបើកបរដោយស្វ័យប្រវត្តិពេញលេញ និងលាក់ចង្កូតមិនឲ្យមើលឃើញ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្មីៗនេះ Audi ទើបដាក់បង្ហាញរថយន្តគំរូថ្មីមួយរបស់គេ ត្រូវបានហៅថា Audi Grandsphere ហើយនេះជាប្រភេទរថយន្តអគ្គិសនី Sedan បែបប្រណីត ដែលត្រូវបានគេឌីហ្សាញឡើងមក យ៉ាងយកចិត្តទុកដាក់ និងផ្តោតសំខាន់ទៅលើការបំពាក់បច្ចេកវិទ្យានាពេលអនាគត។ សម្រាប់ការឌីហ្សាញរូបរាងខាងក្រៅ យើងឃើញថាវាត្រូវបាន Audi បញ្ចេញមកប្លែកពីគេតែម្ដង មិនស្រដៀងជាមួយរថយន្តម៉ូឌែលផ្សេងទេ រីឯផ្នែកខាងក្នុង គេក៏បានធ្វើឲ្យភាពប្រណីតរបស់ Grandsphere មានលក្ខណៈថ្មីប្លែកដែរ ដែលមានតំបន់ជាច្រើនត្រូវបានក្រាលពីលើដោយសាច់ឈើតែម្ដង។

ចំណុចសំខាន់បំផុត ដែលយើងលើកមកនិយាយដំបូងនោះ គឺថារថយន្តគំរូខាងលើ ផ្តល់ជម្រើសបើកបរទៅតាមតម្រូវចិត្តអ្នកប្រើទៀតផង ជាក់ស្ដែងបើសិនជាអ្នកបើកចង់ឲ្យរថយន្ត Grandsphere បើកខ្លួនឯងនោះ វានឹងធ្វើការបើកស្វ័យប្រវត្តិ ហើយថែមទាំងធ្វើការលាក់ចង្កូតចូលទៅក្នុង ក៏ដូចជាលាក់ឈ្នាន់តម្លើងល្បឿន មិនឲ្យមើលឃើញនោះទេ ពោលគឺការបើករបស់វា ពឹងផ្អែកលើបច្ចេកវិទ្យា ដែលបំពាក់មកក្នុងនោះទាំងស្រុង។

ការលាក់ចង្កូតចូលក្នុងនោះដែរ វាធ្វើឲ្យមើលកាន់តែមានភាពប្រណីតថែមទៀត ព្រោះអនុញ្ញាតឲ្យអ្នកបើកបរ អង្គុយបានទូលាយ ជាមួយនឹងការរចនាប្រើសាច់ឈើ លាយគ្នានឹងផ្នែកផ្សេងៗទៀត ដែលហាក់ដូចជាធ្វើឡើងពីរោមសត្វអញ្ចឹង។ កាន់តែប្លែកនោះ នៅក្នុងរថយន្តមិនមានបំពាក់អេក្រង់បង្ហាញព័ត៌មាន សម្រាប់អ្នកបើក ឬអេក្រង់សម្រាប់ Infotainment System ឡើយ ជំនួសមកវិញ Audi បានប្រើប្រាស់ Projector ដើម្បីបង្ហាញព័ត៌មានផ្សេងៗទៅកាន់អ្នកប្រើ ឲ្យឃើញនៅលើ Dashboard ដែលធ្វើឡើងពីឈើនោះតែម្ដង។

យ៉ាងណាក៏ដោយ បើសិនជាអ្នកបើកបរចង់បើកដោយខ្លួនឯងវិញនោះ គេអាចកំណត់យក Manual Control វិញបាន ដូច្នេះចង្កូត និងផ្នែកផ្សេងៗទៀត ដែលជាតម្រូវការរបស់អ្នកបើក នឹងត្រូវបង្ហាញចេញដូចធម្មតាវិញ។ ចំណុចពិសេសៗដែល Audi បង្ហាញដែរនោះ គឺថារថយន្តអគ្គិសនីខាងលើ វាមានមុខងារអាចចំណាំម្ចាស់ និងធ្វើការបើកទ្វារដោយស្វ័យប្រវត្តិ មុនពេលដែលម្ចាស់របស់វា ដើរទៅដល់ទ្វារទៀតផង។ 

កាន់តែប្រសើរទៀតនោះ វាក៏មានមុខងារអាចចងចាំរាល់ការកំណត់ផ្សេងៗ របស់អ្នកដែលអង្គុយក្នុងរថយន្តនោះ តាមទីតាំងផ្សេងគ្នា ជាក់ស្ដែងដូចជា ការកំណត់សីតុណ្ហភាព, ការកំណត់ទម្រង់កៅអី ព្រមទាំងចងចាំងនូវការប្រើប្រាស់សេវាកម្មថ្មីៗ ទាំងការប្រើក្នុងរថយន្ត និងការ Sync ពីឧបករណ៍ដទៃទៀតផងដែរ។

Audi បញ្ជាក់ថា ចំណុចសំខាន់ផ្សេងៗ ដែលគេបានបង្ហាញនៅលើរថយន្តគំរូ Grandsphere នោះ គឺនឹងរួចរាល់ដើម្បីបំពាក់នៅលើរថយន្តផ្លូវការ សម្រាប់លក់ទៅកាន់អតិថិជន ក្នុងអំឡុងពាក់កណ្ដាលទសវត្សរ៍នេះ មានន័យថា ក្នុងអំឡុងឆ្នាំ 2025 ខាងមុខហ្នឹងឯង។ យ៉ាងណាក៏ដោយ សម្រាប់ប្រិយមិត្តចង់ជ្រៀបច្បាស់ពីចំណុចពិសេសរបស់រថយន្តគំរូខាងលើ អាចទស្សនាវីដេអូបង្ហោះដោយ Audi ផ្ទាល់នៅខាងក្រោមនេះ៖

ប្រភព ៖ The Verge
អត្ថបទទាក់ទង