Tesla ពន្យាពេលវត្តមានរថយន្ត Roadster ម្ដងទៀតហើយ លើកនេះឡើងដល់ឆ្នាំ 2023
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ប្រិយមិត្តអ្នកស្គាល់ Tesla ប្រហែលស្គាល់រថយន្ត Supercar ប្រចាំត្រកូលរបស់ក្រុមហ៊ុននេះហើយ នោះគឺ Roadster ហ្នឹងឯង ដែលត្រូវបានលោក Elon Musk ប្រកាសចេញម៉ូឌែលថ្មីមួយទៀត តាំងពីឆ្នាំ 2017 មកម្លេះ ប៉ុន្តែមកទល់ពេលនេះ នៅតែមិនទាន់អាចដាក់លក់ជាផ្លូវការបានឡើយ។ បន្ទាប់ពីបានប្រកាសចេញកាលពីឆ្នាំ 2017 មកនោះ Tesla បានពន្យាពេលការដាក់លក់ Roadster ជាច្រើនលើកច្រើនសារហើយ រហូតមកទល់ពេលនេះ ការមានការពន្យាពេលជាថ្មីម្ដងទៀត កើតឡើងដដែល។

មិនខុសទេ នៅក្នុងពេលថ្មីៗនេះ លោក Elon Musk បានបង្ហាញដោយផ្ទាល់នៅតាមបណ្ដាញសង្គម Twitter ថា វត្តមាននៃការចេញលក់ផ្លូវការនៃរថយន្ត Supercar ប្រចាំយីហោរបស់ខ្លួននោះ គឺនឹងត្រូវលើកទៅក្នុងអំឡុងឆ្នាំ 2023 ខាងមុខវិញ មិនអាចធ្វើបានក្នុងឆ្នាំ 2022 ឡើយ។ ការបង្ហាញជាថ្មីនេះដែរ គឺធ្វើឡើងបន្ទាប់ពីលោក Elon Musk ធ្លាប់បានបញ្ជាក់ប្រាប់កាលពីដើមឆ្នាំកន្លងទៅថា ឆ្នាំ 2022 ជាឆ្នាំគោលដៅសម្រាប់ការនាំចេញរថយន្ត Tesla Roadster ជាផ្លូវការ។

យ៉ាងណាក៏ដោយ ការពន្យាពេលលើកនេះ មិនមែនជារឿងប្លែកនោះទេ ព្រោះថាមិនមែនជាលើកទីមួយឡើយ ជាក់ស្ដែងគោលដៅដំបូងបំផុតរបស់ Tesla គឺគ្រោងនឹងបញ្ចេញ Roadster ក្នុងឆ្នាំ 2020 កន្លងទៅ ប៉ុន្តែពេលដែលវេលានោះមកដល់ គេបានប្រកាសលើកមកឆ្នាំ 2022 វិញ រហូតមកទល់ពេលនេះ សម្រេចលើកជាថ្មីម្ដងទៀតទៅឆ្នាំ 2023។

នៅក្នុងការបង្ហោះរបស់គាត់ លោក Elon Musk ក៏បានបញ្ជាក់ពីផលវិបាក ដែលបង្ករឲ្យមានការពន្យាពេលជាថ្មីនេះដែរ ពោលគឺដោយសារតែក្នុងឆ្នាំ 2021 នេះ មានបញ្ហាជាច្រើនបានកើតឡើង ដែលបណ្ដាលឲ្យមានកង្វះខាតការផ្គត់ផ្គង់ផ្សេងៗ ហើយគាត់សន្មតថា ឆ្នាំ 2022 នឹងមិនមានបញ្ហាទាំងនេះកើតឡើងទៀត ដូច្នេះ Tesla Roadster ជំនាន់ថ្មីនឹងចេញក្នុងឆ្នាំ 2023។

កន្លងទៅនេះ Tesla ក៏បានពន្យាពេលរថយន្ត Cybertruck ដូចគ្នាដែរ ដោយផែនការចាស់គេគ្រោងនឹងដឹកជញ្ជូនរថយន្ត ទៅកាន់អតិថិជនរបស់ខ្លួនក្នុងឆ្នាំនេះ ប៉ុន្តែផែនការថ្មី គឺបានពន្យាពេលទៅឆ្នាំក្រោយវិញ។

ប្រភព ៖ Motor1
អត្ថបទទាក់ទង