Apple Watch Series 7 អាចនឹងត្រូវពន្យាពេលដាក់លក់ព្រោះជួបបញ្ហាក្នុងអំឡុងពេលផលិត
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ខណៈដែលយើងទាំងអស់គ្នាកំពុងតែរង់ចាំ Apple បញ្ជាក់ពីកាលបរិច្ឆេទនៃព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ 2021 របស់ពួកគេនោះ ស្រាប់តែមានគេរាយការណ៍មកថា Apple Watch Series 7 កំពុងតែជួបបញ្ហាក្នុងអំឡុងពេលផលិត។ អញ្ចឹងនេះគឺជាដំណឹងមិនល្អ សម្រាប់អ្នកដែលកំពុងតែរង់ចាំក្លាយទៅជាម្ចាស់របស់ Apple Watch Series 7 ព្រោះវាអាចនឹងត្រូវពន្យាពេលក្នុងដាក់លក់ ឬអាចនិយាយបានថា Apple Watch Series 7 អាចនឹងត្រូវដាក់លក់ក្រោយ iPhone 13 Series។

តាមរយៈគេហទំព័រ 9to5Mac យើងទទួលបានរបាយការណ៍ថ្មីមួយ រាយការណ៍ដោយសារព័ត៌មានល្បីឈ្មោះ Nikkei Asia ដែលបង្ហាញឲ្យយើងដឹងថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនដែលជាដៃគូរបស់ Apple បានចាប់ផ្តើមផលិត Apple Watch Series 7 មួយចំនួនហើយ ប៉ុន្តែពួកគេបានជួបបញ្ហាក្នុងអំឡុងពេលផលិត។ សម្រាប់បញ្ហាដែលពួកគេកំពុងតែជួបប្រទះនោះ គឺស្ថិតទៅលើគុណភាពរបស់ Apple Watch Series 7 តែម្តង។ ទៅលើបញ្ហានេះដែរ ត្រូវបានប្រភពពាក់ព័ន្ធចំនួន 3 បានអះអាងដូចគ្នាថា គឺបណ្តាលមកពីរចនាបថរូបរាងរបស់ Apple Watch Series 7 ជាហេតុធ្វើឲ្យពិបាកក្នុងការផ្គុំ Hardware សំខាន់ៗបញ្ចូលគ្នា។

Apple Watch Series 7 ត្រូវបានប្រភពល្បីៗជាច្រើន រាយការណ៍មកថា នឹងទទួលបានរចនាបថរូបរាងថ្មី ខុសប្លែកពីជំនាន់មុនរបស់វា។ ដោយស៊ុមព័ទ្ធជុំវិញរបស់វាមានលក្ខណៈឈូសរាបស្មើ ស្រដៀងគ្នាទៅនឹងស៊ុមព័ទ្ធជុំវិញរបស់ iPad Pro និង iPhone 12 Series អញ្ចឹងដែរ។ ក្រៅពីរចនាបថរូបរាងថ្មីហើយ Apple Watch Series 7 ក៏អាចនឹងទទួលបានទំហំមុខនាឡិកាធំជាងមុន 1mm និងកម្រាស់តួខ្លួនស្តើងជាងមុន 1,7mm ផងដែរ។ លើសពីនេះ Apple Watch Series 7 ក៏អាចនឹងទទួលបានបន្ទះឈីប S7 ទំហំ 5nm រន្ធបញ្ចេញសំឡេងថ្មី មុខងារសុខភាព និងកីឡាថ្មីៗថែមទៀតផង។

ប្រភព ៖ 9to5Mac
អត្ថបទទាក់ទង