Mercedes-AMG GT 63 S E Performance បង្ហាញខ្លួនក្នុងនាមរថយន្ត Hybrid លើកដំបូងនៃយីហោនេះ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ដូចយើងបានដឹងហើយថា Mercedes-AMG ជាយីហោរថយន្តមួយ ដែលផ្តោតសំខាន់ទៅលើផ្នែកម្លាំងម៉ាស៊ីន បន្ថែមពីលើយីហោ Mercedes-Benz ដែលផ្តោតលើប្រណីតភាព។ ថ្មីៗនេះ រថយន្ត Sedan ម៉ូឌែលថ្មីមួយទៀត ត្រូវបានបញ្ចេញជាផ្លូវការ និងស្ថិតក្នុងយីហោ Mercedes-AMG ហ្នឹងឯង ដែលត្រូវបានគេហៅថា Mercedes-AMG GT 63 S E Performance។ វត្តមានរបស់រថយន្តម៉ូឌែលថ្មី គឺចេញមកក្នុងនាមជារថយន្តបែប Plug-in Hybrid ដំបូងបំផុត និងក្លាយជារថយន្តដែលមានកម្លាំងខ្លាំងបំផុតប្រចាំយីហោ Mercedes-AMG ដូចគ្នាដែរ។

សម្រាប់ការឌីហ្សាញរូបរាងខាងក្រៅ វាមើលទៅគឺនៅតែបន្តស្ទីលម៉ូតរបស់ Mercedes ដដែល ដែលនៅខាងមុខមើលទៅ មានលក្ខណៈកាចរឹងមាំ រីឯនៅខាងក្រោយវិញ ឃើញថាវាមានការឌីហ្សាញជាលក្ខណៈ Coupe វិញ។ ដូចបានបញ្ជាក់អញ្ចឹង ចំណុចសំខាន់នៅលើរថយន្ត Mercedes-AMG GT 63 S E Performance គឺផ្តោតលើកម្លាំង នឹងបច្ចេកវិទ្យា Hybrid របស់វាហ្នឹងឯង ដោយក្នុងនោះវាបានបំពាក់មកជាមួយម៉ាស៊ីនចំណុះ 4.0L Twin-Turbocharged V8 ជាមួយគ្នានឹងម៉ូទ័រអគ្គិសនីចំនួន 1 ដាក់នៅផ្នែកខាងក្រោយ ជាមួយថាមលថ្ម 6.1kwh។ 

ការរួមបញ្ចូលគ្នារវាងម៉ាស៊ីន និងម៉ូទ័រនោះ អាចឲ្យ GT 63 អាចបង្កើតកម្លាំងបានដល់ 831hp ជាមួយកម្លាំងបង្វិលកង់បានដល់ទៅ 1,400Nm ឯណោះ ដែលលទ្ធផលនេះហើយ ទើបធ្វើឲ្យវាក្លាយជា រថយន្តខ្លាំងជាងគេបំផុត មិនធ្លាប់មានក្នុងយីហោ Mercedes-AMG។

បើមើលតែលើផ្នែកអគ្គិសនីរបស់រថយន្តខាងលើ ឃើញថា Mercedes-AMG បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពាក់ថ្មដែលមានកម្លាំងខ្លាំង និងទម្ងន់ស្រាលបំផុត តាមដែលអាចធ្វើបាន ដើម្បីឲ្យវាអាចផ្គត់ផ្គង់ថាមពលទៅឲ្យម៉ូទ័រ បានគ្រប់គ្រាន់ក្នុងការបង្កើតកម្លាំងសរុបដល់ 204hp ផងដែរ។ ប្រាកដណាស់ថាមពលថ្មដែល Mercedes-AMG បានដាក់ឲ្យនោះ គឺផ្តោតលើការផ្តល់កម្លាំងបន្ថែមហ្នឹងឯង មិនមែនផ្តោតលើរយៈចម្ងាយទេ ព្រោះជាក់ស្ដែងក្នុងការសាកមួយពេញ ថ្មនោះអាចឲ្យអ្នកប្រើធ្វើដំណើរបានត្រឹម 12km ប៉ុណ្ណោះ។

ក្រឡេកទៅមើលកម្លាំងស្ទុះវិញ ក្រុមហ៊ុនផ្ទាល់អះអាងថា ក្នុងការជាន់ពីល្បឿន 0 ទៅដល់ 100km/h វាចំណាយពេលត្រឹមតែ 2.9 វិនាទីប៉ុណ្ណោះ ហើយបើស្ទុះដល់ល្បឿន 199km/h វិញ វាចំណាយពេលទាបជាង 10 វិនាទីទៀតផង។ 

មិនខុសពីម៉ូឌែល Sedan ទ្វា 4 ផ្សេងទៀតរបស់ Mercedes-AMG ទេ GT 63 S E Performance ក៏ទទួលបានកញ្ចប់ AMG Ride Control Plus មកដែរ ដែលក្នុងនោះរួមមានទាំងមុខងារ Adaptive Suspension អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការកំណត់បូមឡើងចុះ បានដោយខ្លួនឯងតាមរយៈ Drive Mode ឬអាចឲ្យវាកំណត់ឲ្យដោយស្វ័យប្រវត្តិ អាស្រ័យតាមការជ្រើសរើស Mode បើកបរក៏បាន។ លើកនេះ Mercedes-AMG ផ្តល់ជម្រើសយ៉ាន់កង់ឲ្យពីរប្រភេទគឺទំហំ 20 អ៊ីញ និង 21 អ៊ីញផងដែរ។

សម្រាប់ផ្នែកខាងក្នុង គឺមិនប្លែកពីរាល់ដងប៉ុន្មាននោះទេ ដោយវានៅតែបន្តការឌីហ្សាញបែប Mercedes ដដែល ជាក់ស្ដែងដូចជាការបំពាក់អេក្រង់ធំវែង លាតតាំងពីខាងមុខអ្នកបើក រហូតដល់កណ្ដាលជាដើម។ 

សម្រាប់តម្លៃរបស់ Mercedes-AMG GT 63 S E Performance គឺមិនទាន់មានការបង្ហាញឲ្យដឹងនោះទេ ប៉ុន្តែគម្រោងរបស់គេ គឺនឹងប្រកាសចេញឲ្យសារធារណៈជនបានឃើញផ្ទាល់ នៅក្នុងសប្តាហ៍ក្រោយ មុនពេលដែលគេនាំចេញទៅលក់ក្នុងអឺរ៉ុប និងអាមេរិក នៅចុងឆ្នាំនេះ។

ប្រភព ៖ Motor1
អត្ថបទទាក់ទង