Bose ទើបបញ្ចេញកាសក្តោប QC45 ថ្មី មានមុខងារ ANC ប្រសើរជាងមុន និងថាមពលថ្មបាន 24 ម៉ោង
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

បន្ទាប់ពីមានការបែកធ្លាយជាច្រើនរួចមក កាលពីយប់មិញនេះ Bose បានប្រកាសចេញកាសក្តោបឥតខ្សែលំដាប់កំពូលរបស់ខ្លួនមកជាផ្លូវការហើយ ដែលត្រូវបានគេហៅថា Bose QC45 ឬ QuiteComfort  45 ហ្នឹងឯង បន្តតំណែងពីម៉ូឌែល QC35 ត្រូវបានចេញលក់លើទីផ្សារជាច្រើនឆ្នាំមកហើយ។ នៅលើ Bose QC45 ថ្មីនេះ យើងឃើញថា វាដូចជាមិនទទួលបានការកែប្រែច្រើនទេ ទៅលើការរចនារូបរាងនោះ ប៉ុន្តែវាត្រូវបាន Bose អះអាងច្រើនទៅលើលក្ខណៈសម្បត្តិខាងក្នុង។

ដូចបានបញ្ជាក់អញ្ចឹង ផ្នែកខាងក្រៅវាមើលទៅស្ទើរតែដូចជំនាន់មុនទាំងស្រុងហើយ មិនថាប៊ូតុងផ្សេងៗ ដែលបំពាក់មកនោះទេ។ ចំណុចសំខាន់បំផុតដែលត្រូវបាន Bose អះអាងថា ទទួលបានការប្រែនោះ គឺលើកនេះ QC45 ទទួលបានការបង្កើនបន្ថែមទៅលើមុខងារ ទប់សម្លេងរំខានពីខាងក្រៅ ឬ ANC ជាមួយគ្នានឹងការពង្រឹងទៅលើមុខងារ Transparency ឬ Ambient Sound ដែល Bose ហៅថា Aware Mode, ទទួលបានឧបករណ៍ស្រូបសម្លេង ដែលធ្វើការបានប្រសើរជាងមុនពេល Call និងមានថាមពលថ្មរស់បានយូរជាងមុនដូចគ្នា។

សម្រាប់ការ Upgrade លើមុខងារទប់សម្លេងរំខាន Bose អះអាងថា នៅលើ QC45 នេះ វាអាចធ្វើការបានប្រសើរជាងជំនាន់មុនច្រើន ទៅលើសម្លេងដែលស្ថិតក្នុងកម្រិតហ្វ្រេកង់កណ្ដាល ជាក់ស្ដែងដូចជានៅក្នុងការិយាល័យ ឬហាងកាហ្វេជាដើម។

យ៉ាងណាក៏ដោយ នៅលើ QC45 នេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ជ្រើសកម្រិតនៃមុខងារទប់សម្លេង តែមួយប្រភេទប៉ុណ្ណោះ ដែលគេហៅថា Quiet Mode ហ្នឹងឯង ខណៈពេលដែល Bose Noise Cancelling Headphone 700 ដែលជាម៉ូឌែលកំពូលមួយទៀតរបស់គេនោះ គឺធ្លាប់បើកឲ្យកំណត់បានច្រើនកម្រិតបានរួចទៅហើយ។ បន្ថែមពីនេះដែរមុខងារ Aware Mode នៅលើនោះ ក៏ត្រូវបានធ្វើឲ្យប្រសើរជាងមុនដូចគ្នា ដែលវាជាមុខងារមួយ សម្រាប់អនុញ្ញាតអ្នកប្រើឮសម្លេងជុំវិញខ្លួនបាន ដូចពេលដែលមិនពាក់កាសអញ្ចឹង។

សម្រាប់ផ្នែកឧបករណ៍ស្រូបសម្លេង ការកែប្រែសំខាន់នោះ គឺលើកនេះ Bose បានបង្កើនទៅលើមុខងារកាត់បន្ថយការស្រូបចូល នូវសម្លេងរំខានពេល Call ចេញចូលផ្សេងៗ ដើម្បីធ្វើឲ្យសម្លេងដែលបញ្ជូនទៅកាន់អ្នកស្ដាប់ម្ខាងទៀត ស្ថិតក្នុងកម្រិតគុណភាពច្បាស់ល្អមួយ។

ចូលទៅមើលថាមពលថ្មរបស់វាវិញ បើទោះជាត្រូវបាន Bose អះអាងថា នឹងផ្តល់រយៈពេលប្រើប្រាស់បានយូរជាងមុនក៏ពិតមែន ប៉ុន្តែមិនប្រសើរប៉ុន្មាននោះទេ បើធៀបនឹងកាសលំដាប់កំពូលដទៃទៀត ជាក់ស្ដែងលើកនេះ QC45 អាចកំដរអ្នកប្រើប្រាស់បាន 24 ម៉ោង ក្នុងការសាកថ្មពេញម្ដង (ជំនាន់មុនបានត្រឹម 20 ម៉ោង) ហើយវាក៏មានមុខងារសាកល្បឿនលឿនដែរ ដោយសារការសាកត្រឹម 15 នាទី អាចឲ្យអ្នកប្រើស្ដាប់តន្ត្រីបន្តបានដល់ 3 ម៉ោង ហើយការសាកនោះ ធ្វើឡើងតាមរយៈរន្ធ USB-C។

សម្រាប់តម្លៃ QC45 នឹងត្រូវដាក់លក់ខ្ទង់ ១ លាន ៣១ ម៉ឺនរៀល ឬ 329 ដុល្លារ ហើយពេលវេលាចេញចរាចរណ៍ផ្លូវការលើទីផ្សារ គឺនឹងចាប់ផ្តើមពីថ្ងៃទី 23 កញ្ញាទៅ ជាមួយជម្រើសពីរពណ៌គឺ ខ្មៅ និងពណ៌ប្រផេះស្រាល។

ប្រភព ៖ Engadget
អត្ថបទទាក់ទង