រថយន្ត Lexus LX ជំនាន់ក្រោយ ទំនងជាត្រូវពន្យាទៅចេញនៅឆ្នាំ 2022 វិញ ដោយសារបញ្ហាខ្វះឈីប
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

សព្វថ្ងៃនេះ មិនថាវិស័យណានោះទេ ឲ្យតែទាក់ទងនឹងទៅនឹងផ្នែកបច្ចេកវិទ្យា គឺសុទ្ធសឹងតែជួបវិបត្តិខ្វះខាតឈីបប្រើប្រាស់ដូចគ្នា ហើយមូលហេតុមួយផ្នែកធំជំរុញឲ្យមានបញ្ហានេះ គឺចាប់តាំងពីពេលដែលមានមេរោគរាតត្បាត COVID-19 ហ្នឹងឯង។ កន្លងទៅយើងធ្លាប់ឃើញជាច្រើនថា បញ្ហាខ្វះខាតឈីបគឺប៉ះពាល់ខ្លាំងទៅដល់គ្រឿងអេឡិចត្រូនិច ជាពិសេសគឺផ្នែកឧបករណ៍ Computing តែម្ដង ប៉ុន្តែក្នុងពេលនេះវិញ យើងទទួលបានដំណឹងថ្មីថា បញ្ហាខាងលើក៏កំពុងតែជះផលលំបាកខ្លាំង ទៅដល់ក្រុមហ៊ុនរថយន្តធំ Toyota ដែរ។

មិនខុសទេ យោងតាមការបង្ហាញចេញពីប្រភពចែកចាយ ទៅកាន់វេបសាយជប៉ុនមួយឈ្មោះ Creative Trend បានឲ្យដឹងថា ដោយសារតែបញ្ហាពិបាកក្នុងការនាំចូល Microchip មកពីក្រុមហ៊ុននៅអាស៊ីអាគ្នេយ៏ វាក្លាយជាហេតុផលធំបំផុតមួយ ធ្វើឲ្យវត្តមានរថយន្ត Lexus ត្រកូល LX ជំនាន់ក្រោយ ត្រូវពន្យាពេលទៅប្រកាសចេញ នៅក្នុងអំឡុងឆ្នាំ 2022 វិញ ខណៈពីដំបូងឡើយ វាត្រូវបានគេគ្រោងទុកថានឹងប្រកាសចេញ នៅអំឡុងចុងឆ្នាំ 2021 នេះ។ 

ដូចបានបង្ហាញអញ្ចឹង ដើមឡើយរថយន្ត Lexus LX ជំនាន់ថ្មីគ្រោងនឹងបង្ហាញខ្លួនចុងឆ្នាំនេះ ហើយអាចនឹងត្រូវបានគេចាប់ផ្តើមដាក់លក់ ចាប់ពីក្នុងអំឡុងឆ្នាំ 2022 ខាងមុខទៅ ប៉ុន្តែពេលនេះវិញ គឺមិនទាន់មានប្រភពណាមួយដឹងទេថា ការពន្យាពេលនោះ នឹងលើកទៅដល់ពេលណាវិញ។ គួរបញ្ជាក់ដែរ កន្លងទៅនេះ Toyota បានផ្អាកការផលិតរថយន្ត Land Cruiser ម៉ូឌែលថ្មីរបស់គេជាបណ្ដោះអាសន្នហើយ ក្រោមហេតុផលខ្វះខាតឈីបប្រើប្រាស់ដូចគ្នានោះឯង។

ដូច្នេះហើយ ក៏មិនចម្លែកនោះដែរ ដែលបញ្ហាខាងលើបង្ករឲ្យ Lexus LX ជំនាន់ក្រោយត្រូវពន្យាពេលវិញ ព្រោះដូចដែលយើងបានដឹងហើយថា រថយន្ត Land Cruiser និង Lexus LX គឺមានត្រូវបាន Toyota បំពាក់ចំណុចសំខាន់ៗជាច្រើន មិនខុសគ្នាប៉ុន្មាននោះទេ ដូច្នេះបើមានបញ្ហារាំងស្ទះដល់ការផលិតរថយន្ត Land Cruiser ជំនាន់ថ្មីនោះ ប្រាកដណាស់ថា Lexus LX ម៉ូឌែលក្រោយ នឹងប៉ះពាល់ដូចគ្នា។

ប្រភព ៖ Motor1
អត្ថបទទាក់ទង