Fossil Gen 6 ជានាឡិកាឆ្លាតថ្មី ប្រើឈីប Snapdragon 4100+ និងដំណើរការដោយ Wear OS ជំនាន់ចាស់
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

Fossil ជាយីហោនាឡិកាល្បីឈ្មោះមួយ នៅទូទាំងសកលលោក ដោយក្រុមហ៊ុនមួយនេះ ក៏មាននាឡិកាឆ្លាតជាច្រើនម៉ូឌែលរួចមកហើយដែរ ដែលសុទ្ធសឹងតែត្រូវបានគេរចនាឡើងមកបែបប្រណីតទៀតផង។ ដោយឡែកថ្មីៗនេះ គេបានបញ្ចេញនាឡិកាឆ្លាតជំនាន់ថ្មីហៅថា Fossil Gen 6 មកជាផ្លូវការ ដោយក្នុងត្រូវបាន Upgrade ទៅលើផ្នែក Hardware ផ្សេងៗជាច្រើន ប៉ុន្តែចំណុចសំខាន់នោះគឺថា វានៅតែបន្តពឹងផ្អែកលើ Wear OS ជំនាន់ចាស់ដដែល។

នៅលើ Fossil Gen 6 ជំនាន់ថ្មីនេះដែរ គឺចេញមកចំនួនពីរជម្រើសទំហំរួមមាន 44mm និង 42mm ប៉ុន្តែក្នុងចំណោមជម្រើសទាំងពីរនេះ គឺវាសុទ្ធសឹងតែមានបំពាក់មកជាមួយ អេក្រង់ទំហំ 1.28 អ៊ីញជាប្រភេទ AMOLED ដែលមានកម្រិតបង្ហាញ 416 x 416 ភិចសែល ព្រមទាំងមានភ្ជាប់មកនូវមុខងារ Always-On Display ដូចគ្នា។ កាន់តែប្រសើរនៅលើនាឡិកាឆ្លាតនេះ ក៏មានបំពាក់មកស្រាប់ជាមួយ Speaker និងឧបករណ៍ស្រូបសម្លេងមកដែរ ដូច្នេះវាអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការ Call ចេញចូល តាមរយៈនាឡិកានេះដោយផ្ទាល់បាន។ 

សម្រាប់កម្លាំងម៉ាស៊ីន វាដំណើរការដោយឈីបសម្រាប់នាឡិកាឆ្លាតថ្មីរបស់ Qualcomm ដែលហៅថា Snapdragon 4100+ ហើយដោយសារតែឈីបថ្មីនេះ Fossil ហ៊ានអះអាងថា Fossil Gen 6 មានល្បឿនដំណើរការលឿនជាងមុនដល់ទៅ 85% ឯណោះ។

ទន្ទឹមគ្នានេះដែរ Fossil Gen 6 ក៏ទទួលបានការបំពាក់រ៉េមទំហំ 1GB និងមានអង្គផ្ទុកទំហំ 8GB មកទៀតផង។ ចូលដល់ផ្នែកប្រព័ន្ធដំណើរការវិញ ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង វាត្រូវបានគេដាក់ឲ្យដំណើរការដោយ Wear OS ជំនាន់ចាស់ប៉ុណ្ណោះ មិនមែនជំនាន់ទី 3 ដូចដែល Google កំពុងបញ្ចេញសព្វថ្ងៃនេះទេ ប៉ុន្តែ Fossil អះអាងថា គេនឹងទម្លាក់កំណែអាប់ដេតទៅកាន់ Wear OS ជំនាន់ថ្មីឲ្យទៅអ្នកប្រើ ក្នុងអំឡុងឆ្នាំក្រោយ។ 

សម្រាប់បច្ចេកវិទ្យាផ្នែកតំណរភ្ជាប់ផ្សេងៗវិញ វាត្រូវបានគេបំពាក់មកដូចជា Bluetooth 5 LE, GPS, NFC SE និងមាន WiFi ផងដែរ។ ចំណែកមុខងារសុខភាពសំខាន់ៗ ដែល Fossil បានដាក់បញ្ចូលមកនោះឃើញមាន មុខងារ SpO2, វាស់ចង្វាក់បេះដូង ក៏ដូចជាមុខងារតាមដានដំណេកជាដើម។

ក្រៅពីនេះ វាក៏មានភ្ជាប់មកជាមួយមុខងារកីឡាជាច្រើនទៀត ព្រមទាំងមានមុខងារការពារទឹក 3ATM ដូចគ្នា រីឯថាមពលថ្មវិញ Fossil អះអាងថា វាអាចកំដរអ្នកប្រើប្រាស់បានជាង 24 ម៉ោងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ Fossil Gen 6 មានជម្រើសតួខ្លួនច្រើនប្រភេទដូចជា Smoke Stainless Steel, Brown Leather, Green Camo Grosgrain និង Gold/Purple ហើយសម្រាប់តម្លៃវិញម៉ូឌែលប្រើ Stainless Steel ត្រូវបានដាក់លក់ខ្ទង់ ១ លាន ២៧ ម៉ឺនរៀល ឬ 319 ដុល្លារ ចំណែកឯម៉ូឌែលផ្សេងទៀតនោះ មានតម្លៃខ្ទង់ ១ លាន ១៩ ម៉ឺនរៀល ឬ 299 ដុល្លារ។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង