Apple Watch Series 7 ត្រូវបានគេបញ្ជាក់ថា នឹងទទួលបាន Watch Face ថ្មីផ្តាច់មុខតែម្តង
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

កាលពីសប្តាហ៍មុន អ្នកចែកចាយព័ត៌មានបែកធ្លាយ Uncle Pan បានអះអាងថា Apple Watch Series 7 នឹងបង្ហាញខ្លួនមកជាមួយជម្រើសទំហំមុខនាឡិកា 41mm និង 45mm។ ដោយឡែក នៅក្នុងថ្ងៃនេះវិញ តាមរយៈគេហទំព័រ MacRumors យើងទទួលបានរបាយការណ៍ថ្មីមួយផ្សេងទៀត រាយការណ៍ដោយអ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះ Mark Gurman ដែលបង្ហាញឲ្យយើងដឹងថា Apple Watch Series 7 អាចនឹងទទួលបានទំហំមុខនាឡិកាធំជាងមុន 1mm ពិតមែន។

តាមរយៈរបាយការណ៍ដដែលនេះ ក៏បានបង្ហាញឲ្យយើងបានដឹងបន្ថែមទៀតថា Apple ក៏អាចនឹងបង្កើត Watch Face ឬមុខនាឡិកាថ្មីជាច្រើន សម្រាប់តែ Apple Watch Series 7 ផ្តាច់តែម្តង។ មានន័យថា Apple Watch ជំនាន់មុនៗ នឹងមិនទទួលបាន Watch Face ថ្មីរបស់ Apple Watch Series 7 នោះទេ ទោះបីជាពួកវាអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ watchOS 8 ក៏ដោយ។ ក្រៅពីទំហំមុខនាឡិកាធំជាងមុន តួខ្លួនស្តើងជាងមុន Watch Face ថ្មីផ្តាច់មុខហើយ Apple Watch Series 7 ក៏អាចនឹងទទួលបានរចនាបថរូបរាងថ្មី ខុសប្លែកពីជំនាន់មុនរបស់វា គួរឲ្យកត់សម្គាល់ផងដែរ។

មិនទាន់អស់នោះទេ Apple Watch Series 7 ក៏អាចនឹងភ្ជាប់មកជាមួយបន្ទះឈីបថ្មី S7 ទំហំ 5nm រន្ធបញ្ចេញសំឡេងថ្មី ជម្រើសពណ៌បៃតងស្រាលថ្មី មុខងារតាមសុខភាព និងកីឡាថ្មីៗ ថែមទៀតផង។ Apple Watch Series 7 ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសចេញជាផ្លូវការ តំណាលគ្នាជាមួយ iPhone 13 Series នៅថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2021 និងមានតម្លៃចាប់ពី 399 ដុល្លារឡើងទៅ សម្រាប់ជម្រើសតួខ្លួនអាលុយមីញ៉ូម។

ប្រភព ៖ MacRumors
អត្ថបទទាក់ទង