មុនឈប់ពី CEO នៅ Apple លោក Tim Cook ចង់បញ្ចេញផលិតមួយប្រភេទទៀតជាផ្លូវការសិន
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ប៉ុន្មានថ្ងៃមុននេះ គឺជាថ្ងៃគម្រប់ខួប 10 ឆ្នាំរបស់លោក Tim Cook ក្នុងការឡើងតំណែងជា នាយកប្រតិបត្តិរបស់ Apple ហើយនៅតំណែងមួយនេះដែរ យើងឃើញថាគាត់បានរួមចំណែក ក្នុងការអភិវឌ្ឍន៍ផលិតផល ក៏ដូចជាបច្ចេកវិទ្យាសំខាន់ជាច្រើន សម្រាប់យីហោដ៏ល្បីមួយនេះ។ ដោយឡែកនៅក្នុងពេលនេះវិញ មានរបាយការណ៍ថ្មី ចេញពីប្រភពល្បីឈ្មោះមួយបង្ហាញពីគោលដៅរបស់លោក Time Cook មុនពេលដែលគាត់ឈប់ពីតំណែងជា CEO នៅក្នុងក្រុមហ៊ុន Apple។

យោងតាមរបាយការណ៍ថ្មី ចេញពីសំណាក់លោក Mark Gurman របស់ Bloomberg នោះ បានបញ្ជាក់ឲ្យដឹងថា មុនពេលដែលលោក Tim Cook ចាកចេញពីតំណែងជា CEO របស់ Apple គាត់នឹងព្យាយាមបន្ថែមទៀត ដើម្បីឲ្យផលិតផលប្រភេទថ្មីមួយ ចេញពីយីហោ Apple ត្រូវបានប្រកាសចេញផ្លូវការសិន។ 

ផលិតផលប្រភេទថ្មី ដែលលោក Tim Cook ចង់យកចិត្តទុកដាក់បន្ថែមនោះ គឺជាវ៉ែនតា Augmented Reality ហ្នឹងឯង មិនមែនផ្នែករថយន្ត Apple Car នោះឡើយ។ ហេតុនេះហើយ ផលិតផលថ្មីទាក់ទងនឹង AR/VR នោះ គឺទំនងជាផលិតផលចុងក្រោយបំផុត សម្រាប់លោក Tim Cook នឹងត្រូវធ្វើការជាមួយ ក្នុងក្រុមហ៊ុនខាងលើ។ 

គួរបញ្ជាក់ថា Apple អាចនឹងប្រកាសចេញផលិតផលណាមួយទាក់ទងនឹង AR/VR នេះ នៅក្នុងអំឡុងឆ្នាំក្រោយតែម្ដង ហើយក្នុងនោះសម្រាប់វ៉ែនតា AR ក៏ត្រូវបានគេដឹងថា កំពុងតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដែរ ហើយពេលវេលាដេលវ៉ែនតានេះ អាចនឹងបង្ហាញខ្លួន គឺត្រូវបានរំពឹងថា រហូតដល់អំឡុងពាក់កណ្ដាលទសវត្សរ៍នេះ ឬឆ្នាំ 2025 ឯណោះ។ ប្រភពដដែលបានឲ្យដឹងទៀតថា គម្រោងនៃការចូលនិវត្តន៍របស់លោក Tim Cook គឺអាចនឹងស្ថិតក្នុងចន្លោះឆ្នាំ 2025 ដល់ 2028 ហើយក្នុងនោះកុងត្រារបស់គាត់ជាមួយ Apple ក៏នឹងផុតកំណត់ក្នុងឆ្នាំ 2025 នោះដែរ។

ប្រភព ៖ 9To5 Mac
អត្ថបទទាក់ទង