មកមើល Range Rover Sport SVR Ultimate Edition ថ្មី ដែលត្រូវបានឌីហ្សាញឡើងយ៉ាងពិសេស ខុសពីម៉ូឌែលធម្មតា
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

សម្រាប់អ្នកដែលគាំទ្ររថយន្តត្រកូល Range Rover Sport ប្រាកដជាស្គាល់ម៉ូឌែល SVR ហើយ ដែលជាម៉ូឌែលមួយត្រូវបានគេបំពាក់កម្លាំងម៉ាស៊ីនខ្លាំង ក៏ដូចជាមានល្បឿនលឿនជាងគេបង្អស់ បើធៀបនឹងរថយន្ត SUV ម៉ូឌែលផ្សេងៗទៀត មកពីក្រុមហ៊ុនអង់គ្លេសមួយនេះ។ ដោយឡែកនៅលើ Range Rover Sport ស៊េរីឆ្នាំ 2022 ថ្មី គេបានបញ្ចេញម៉ូឌែលពិសេសមួយទៀតហៅថា SVR Ultimate Edition ដោយវាត្រូវបានគេឌីហ្សាញយ៉ាងសម្រិតសម្រាំង ព្រមទាំងទទួលបានការចាក់ពណ៌ខុសប្លែកពីម៉ូឌែលធម្មតាតែម្ដង។

រថយន្ត Range Rover Sport SVR Ultimate Edition ស៊េរីឆ្នាំ 2022 នេះ គឺទទួលបានជម្រើសពណ៌ផ្តាច់មុខចំនួន 3 ប្រភេទរួមមាន Satin Ligurian Black, Gloss Marl Gray និង Gloss Maya Blue (ដូចក្នុងរូប) ហើយមិនថាជម្រើសពណ៌មួយណានោះទេ សុទ្ធតែទទួលបានដំបូលខាងលើពណ៌ខ្មៅរលោងដូចៗគ្នា ដែលជួយឲ្យវាមើលទៅ កាន់តែមានលក្ខណៈ Sport ថែមទៀត។ នៅលើស្លាកយីហោ Range Rover ក៏ត្រូវបានគេឌីហ្សាញមកប្លែកដែរ ដែលមានអក្សរពណ៌ខ្មៅ អមជាមួយគែមជុំវិញអក្សរនោះពណ៌ស (Fuji White) ផងដែរ។ 

ចំណុចថ្មីប្រសើរមួយទៀត គឺរថយន្តខាងលើបានបំពាក់មកជាមួយ បន្ទះគ្របម៉ាស៊ីន (Hood) ជាប្រភេទ Carbo-Fiber ដែលមានពណ៌ដូចតួខ្លួនរថយន្តតែម្ដង មិនមែនប្រើពណ៌ដើមរបស់ Carbon-Fiber ទៀតនោះទេ ហើយការប្រើសមាសធាតុពេញនិយមមួយនេះ គឺដើម្បីជួយកាត់បន្ថយទម្ងន់បានមួយកម្រិត បើធៀបនឹងការប្រើប្រាស់លោហៈធម្មតា ហើយវាក៏ជួយកាត់បន្ថយកម្តៅនៅលើម៉ាស៊ីនដែរ។ 

ក្រៅពីនេះ Range Rover Sport SVR Ultimate Edition ក៏ទទួលបានយ៉ាន់កង់ពិសេសខុសពីម៉ូឌែលធម្មតាដែរ ដោយនោះជាយ៉ាន់ស្ព័រទំហំ 22 អ៊ីញ មានពណ៌ខ្មៅ អមមកជាមួយតម្កៀបហ្វ្រាំងពណ៌ខ្មៅ ហើយកញ្ចក់សងខាងរបស់វាក៏ពណ៌ខ្មៅ ក៏ដូចជាប្រើប្រាស់ពណ៌ខ្មៅក្រឹប នៅលើ Grille ខាងមុខដូចគ្នា (ជាសម្រាប់ឲ្យខ្យល់ចូលទៅកាន់ម៉ាស៊ីន)។ 

ចំពោះកម្លាំងម៉ាស៊ីនវិញ មិនមានអ្វីខុសគ្នាពីម៉ូឌែល SVR ធម្មតាឡើយ ដោយវាមានបំពាក់មកជាមួយម៉ាស៊ីនចំណុះ 5.0L Supercharged V8 ដែលអាចបង្កើតកម្លាំងខ្ពស់បំផុតដល់ 567hp ជាមួយគ្នានឹងកម្លាំងបង្វិលកង់ 516 ft∙lb ឬ 699 N∙m ផងដែរ។ ដូច្នេះមានន័យថា វានៅតែជាម៉ូឌែលមានកម្លាំងខ្លាំង និងល្បឿនលឿនរបស់ Range Rover ដដែល ជាក់ស្ដែងវាអាចស្ទុះពី 0 ដល់ 97km/h ចំណាយពេលត្រឹម 4.3 វិនាទី ជាមួយល្បឿនខ្ពស់បំផុតអាចឡើងដល់ 283 km/h ទៀតផង។

នៅផ្នែកខាងក្នុងវាស្រដៀងនឹងម៉ូឌែលធម្មតាច្រើន គ្រាន់តែលើកនេះវាទទួលបានស្លាកសញ្ញា SV Bespoke B-Pillar ដែលនឹងឃើញនៅពេលបើកទ្វា, មានកៅអីបែប Sport ក៏ដូចជាមានបន្ទះ Pedal Sifters លោហៈតែម្ដង។ ចំណុចស្ដង់ដារផ្សេងៗទៀតរបស់រថយន្តខាងលើ គឺមានដូចជា វាបំពាក់ Speaker ដល់ 19 គ្រាប់ ប្រើប្រាស់ប្រព័ន្ធសម្លេងរបស់ Meridian, កន្លែងបញ្ចេញខ្យល់ម៉ាស៊ីនត្រជាក់ ឬកម្តៅចំនួន 4 ទីតាំងផ្សេងគ្នា (Four-Zone Auto Climate Control) ក៏ដូចជាទទួលបានមុខងារសំខាន់ៗ ដូចម៉ូឌែលធម្មតាអញ្ចឹង ដែលរួមមានមុខងារជំនួយការបើកបរ Lane-Keeping, Parking Sensor ព្រមទាំងមានកាមេរ៉ា 360 ដឺក្រេជាដើម។

 

នៅក្នុងពេលនេះ Range Rover ក្នុងទីផ្សារអាមេរិក បានដាក់ឲ្យអ្នកមានចំណាប់អារម្មណ៍ធ្វើការកុម្ម៉ង់ទិញម៉ូឌែល SVR Ultimate Edition នេះហើយ ជាមួយតម្លៃខ្ទង់ 143,000 ដុល្លារឯណោះ ហើយនេះជាតម្លៃចាប់ផ្តើមប៉ុណ្ណោះ។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង