iPhone 13 Series ត្រូវបានគេរំពឹងថា អាចនឹងដាក់លក់ក្នុងអំឡុងសប្តាហ៍ទី 3 នៃខែកញ្ញា ឆ្នាំ 2021
ដោយ​ ៖ ឈីរ៉ូ | 4 សប្តាហ៍មុន SHARE

 

ប៉ុន្មានថ្ងៃមុន អ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះ Mark Gurman បានអះអាងថា នៅក្នុងចន្លោះខែកញ្ញា និងខែវិច្ឆិកា ឆ្នាំ 2021 ខាងមុខ Apple នឹងរៀបចំព្រឹត្តិការណ៍ធំៗ យ៉ាងហោចណាស់ក៏ 2 ដែរ ដើម្បីប្រកាសចេញផលិតផលថ្មីៗរបស់ខ្លួន។ ដោយឡែក នៅក្នុងថ្ងៃនេះ យើងទទួលបានរបាយការណ៍ថ្មីមួយផ្សេងទៀត ដែលបង្ហាញពីកាលបរិច្ឆេទដាក់លក់ iPhone ឆ្នាំ 2021 ឬមនុស្សភាគច្រើនហៅថា iPhone 13 Series វិញម្តង។

តាមរយៈគេហទំព័រ MacRumors យើងទទួលបានរបាយការណ៍ថ្មីមួយ រាយការណ៍ដោយលោក Daniel Ives ត្រូវជាអ្នកវិភាគរបស់ក្រុមហ៊ុន Wedbush ដែលបង្ហាញឲ្យយើងដឹងថា iPhone 13 Series អាចនឹងត្រូវដាក់លក់ជាផ្លូវការ នៅក្នុងអំឡុងសប្តាហ៍ទី 3 នៃខែកញ្ញា ឆ្នាំ 2021។ តាមរយៈរបាយការណ៍ដដែល បានបង្ហាញឲ្យយើងបានដឹងបន្ថែមទៀតថា iPhone 13 ម៉ូឌែល Pro ទាំង 2 ក៏អាចនឹងទទួលបានជម្រើសអង្គផ្ទុកទិន្នន័យទំហំដល់ទៅ 1TB ថែមទៀតផង។ អញ្ចឹងបើយោងទៅតាមការលើកឡើងលោក Daniel Ives មានន័យថា ព្រឹត្តិការណ៍ប្រកាសចេញ iPhone 13 Series អាចនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី 7 ឬ 14 ឬក៏ 21 នៃខែកញ្ញា ខាងមុខ។

ក្រៅពីជម្រើសអង្គផ្ទុកទិន្នន័យទំហំ 1TB ហើយ iPhone 13 ម៉ូឌែល Pro ទាំង 2 ក៏អាចនឹងបង្ហាញខ្លួនមកជាមួយអេក្រង់ OLED ថ្មី អាចគាំទ្រ Refresh Rate 120Hz និងបច្ចេកវិទ្យា LTPO ក៏ដូចជាមុខងារ Always-On Display ផងដែរ។ លើសពីនេះ ពួកវាក៏អាចនឹងទទួលបានលេនទូលាយ (Ultra-Wide) ថ្មី និងមុខងារ ProRes ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចថតវីដេអូក្នុងកម្រិតគុណភាពខ្ពស់ ថែមទៀតផង។

ប្រភព ៖ MacRumors
អត្ថបទទាក់ទង