Blue Origin របស់ Jeff Bezos បានប្ដឹង NASA ជុំវិញការផ្តល់គម្រោងបង្កើតប្រព័ន្ធចុះចតលើភពព្រះច័ន្ទទៅឲ្យ SpaceX
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ដូចយើងបានដឹងហើយ NASA បានចុះកិច្ចព្រមព្រៀងគ្នាជាមួយ SpaceX ទាក់ទងនឹងគម្រោងក្នុងការចុះចតលើភពព្រះច័ន្ទសារជាថ្មីម្ដងទៀត ដើម្បីឲ្យ SpaceX ធ្វើការសិក្សាផ្សេងៗទាក់ទងនឹងបេសកម្មមួយនេះ។ នៅក្នុងការចុះកិច្ចព្រមព្រៀងនេះដែរ យើងឃើញថា Blue Origin ដែលជាក្រុមហ៊ុនអវកាសរបស់មហាសេដ្ឋីពិភពលោក Jeff Bezos នោះ បានព្យាយាមប្រកួតប្រជែង ចង់ឲ្យ NASA ងាកមកចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនខ្លួនដែរ ថែមទាំងធ្លាប់បានធ្វើការបញ្ចុះតម្លៃយ៉ាងច្រើនទៀតផង។

 

យ៉ាងណាក៏ដោយ បើទោះជាមានការបញ្ចុះតម្លៃក៏ពិតមែន ប៉ុន្តែ NASA នៅតែបដិសេធ និងបន្តចុះកិច្ចព្រមព្រៀងជាមួយ SpaceX ដដែល។ ដោយឡែក នៅក្នុងពេលថ្មីៗនេះ Blue Origin បានដាក់ពាក្យបណ្ដឹងប្តឹងទៅកាន់ NASA ទាក់ទងនឹងបញ្ហា ដែលយើងបានរៀបរាប់ខាងលើហ្នឹងឯង ដោយក្នុងនោះគេបានបញ្ជាក់ថា កិច្ចព្រមព្រៀងដែល NASA ធ្វើឡើងនោះ គឺមិនយុត្តិធម៌ឡើយ។ មិនខុសទេ ការសម្រេចរបស់ NASA កាលពីខែមេសាកន្លងទៅ គឺគេសម្រេចយកតែ SpaceX មួយប៉ុណ្ណោះ ដើម្បីឲ្យធ្វើការលើគម្រោងជាន់លើភពព្រះច័ន្ទជាថ្មី មិនមែនសហការជាមួយក្រុមហ៊ុនទាំងពីរព្រមគ្នា ដូចការដែលគេរំពឹងទុកកន្លងមកឡើយ។ 

ការសម្រេចរបស់ NASA នេះដែរ គឺដោយសារតែបញ្ហាខ្វះខាតថវិកាតែម្ដង ជាហេតុដែលធ្វើឲ្យគេជ្រើសយកតែ SpaceX មួយប៉ុណ្ណោះ ហើយសម្រាប់ហេតុផលដែលមិនជ្រើសយក Blue Origin នោះ ទីមួយអាចដោយសារតែគេជឿជាក់លើ SpaceX ជាង និងហេតុផលមួយទៀត គឺដោយសារតែ SpaceX ទាមទារតម្លៃទាបជាង Blue Origin ច្រើន កាលពីដំបូងឡើយ។

ចំណុចនេះហើយ ដែលធ្វើឲ្យ Blue Origin សម្រេចប្តឹង NASA ហើយមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបណាមួយឡើយ។ នៅក្នុងពាក្យបណ្ដឹងនោះ Blue Origin ក៏បានបញ្ជាក់បន្ថែមដែរថា “គេនៅតែបន្តជឿជាក់ថា ក្រុមហ៊ុនផ្គត់ផ្គង់ចំនួនពីរ (ចង់សំដៅលើ Blue Origin និង SpaceX) គឺត្រូវការជាចាំបាច់ ដើម្បីបង្កើតប្រព័ន្ធចុះចតលើភពព្រះច័ន្ទដោយមានសុវត្ថិភាព និងអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រចុះជាន់លើភពព្រះច័ន្ទ បានយ៉ាងឆាប់ក្នុងអំឡុងដើមឆ្នាំ 2024 ខាងមុខ”។ 

និយាយជារួមមកវិញ ការប្តឹងរបស់ Blue Origin នេះ គឺមានបំណងចង់ឲ្យ NASA ពិចារណាជាថ្មី និងងាកមកចុះកិច្ចព្រមព្រៀងជាមួយខ្លួនបន្ថែមមួយទៀត ប៉ុន្តែដូចបានបញ្ជាក់អញ្ចឹង NASA មិនទាន់មានការឆ្លើយតបណាមួយទេ ហើយ SpaceX ក៏ដូចគ្នាដែរ។ NASA គឺត្រូវឆ្លើយតបវិញចំពោះសកម្មភាពច្បាប់នេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី 12 ខែតុលាខាងមុខជាកំហិត។

ប្រភព ៖ BBC
អត្ថបទទាក់ទង