Galaxy S22 Series ប្រើឈីប Exynos ជាមួយ GPU របស់ AMD អាចនឹងត្រូវដាក់លក់តែនៅលើទីផ្សារមួយចំនួនប៉ុណ្ណោះ
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ទូរសព្ទឆ្លាតអេក្រង់បត់ជំនាន់ថ្មី Galaxy Z Flip3 និង Galaxy Z Fold3 ត្រូវបានប្រកាសចេញជាផ្លូវការហើយ ដូច្នេះយើងអាចរំពឹងបានថា ខណៈពេលនេះ Samsung កំពុងតែយកពេលរបស់ពួកគេ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍ Galaxy S22 Series វិញម្តង។ ព្រោះបើគិតពីពេលនេះទៅ នៅសល់រយៈពេលខ្ទង់ប្រហែលជា 5 ខែទៀតប៉ុណ្ណោះ Galaxy S22 Series នឹងត្រូវប្រកាសចេញជាផ្លូវការហើយ នេះបើយោងទៅតាមពាក្យចចាមអារ៉ាមកន្លងមក។

Galaxy S22 Series ត្រូវបានគេរាយការណ៍មកថា នឹងបង្ហាញខ្លួនមកជាមួយបច្ចេកវិទ្យាថ្មីៗ កាមេរ៉ាធ្វើការបានប្រសើរជាងមុន និងកម្លាំងម៉ាស៊ីនខ្លាំងជាងមុនផងដែរ។ លើសពីនេះ Galaxy S22 Series ក៏ត្រូវបានគេជឿថា នឹងក្លាយទៅជាទូរសព្ទឆ្លាតដំបូងបង្អស់របស់ Samsung ដែលនឹងប្រើបន្ទះឈីប Exynos ជាមួយ GPU របស់ AMD ថែមទៀតផង។ យ៉ាងណាមិញ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួន អ្នកចែកចាយព័ត៌មានបែកធ្លាយ FrontTron បានអះអាងថា Galaxy S22 Series ប្រើឈីប Exynos ជាមួយ GPU របស់ AMD នឹងត្រូវដាក់លក់តែនៅលើទីផ្សារមួយចំនួនប៉ុណ្ណោះ។ ខណៈ Galaxy S22 Series ប្រើឈីប Snapdragon 898 ជាមួយ GPU (Adreno) របស់ Qualcomm នឹងត្រូវដាក់លក់នៅលើទីផ្សារភាគច្រើន ក្នុងពិភពលោក។

ផ្អែកទៅតាមការលើកឡើងរបស់អ្នកស្រី Lisa Su ត្រូវជានាយកប្រតិបត្តិរបស់ AMD បានធ្វើឲ្យយើងដឹងថា បន្ទះឈីប Exynos ជាមួយ GPU របស់ AMD នឹងជួយឲ្យបទពិសោធន៍នៃការលេងហ្គេមនៅលើទូរសព្ទឆ្លាត កាន់តែប្រសើរជាងមុនថែមមួយកម្រិតទៀត។ ជាក់ស្ដែង បន្ទះឈីប Exynos ជាមួយ GPU របស់ AMD នឹងភ្ជាប់មកជាមួយបច្ចេកវិទ្យា Ray Tracing និង Variable Rate Shading ក៏ដូចជាជួយឲ្យទូរសព្ទឆ្លាតប្រើថាមពលតិចជាងមុនផងដែរ។

ប្រភព ៖ FrontTron
អត្ថបទទាក់ទង