អ្នកវិទ្យាសាស្ត្រចិនទើបបង្កើតបានកញ្ចក់ប្រភេទថ្មី ដែលមានភាពរឹងមាំជាងដុំពេជ្រទៅទៀត
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

សមាសធាតុទាំងអស់នៅលើផែនដីយើងនេះ ពេជ្រគឺជាសមាសធាតុមួយ ដែលត្រូវបានទទួលស្គាល់ថាមានភាពរឹងមាំបំផុត ដែលគេអាចយកវាទៅកាត់សមាសធាតុរឹងដទៃទៀតបាន ហើយជាទូទៅគឺប្រាកដណាស់ថា ពេជ្រពិតជាអាចកាត់កញ្ចក់បាន ដោយមិនមានបញ្ហានោះឡើយ។ ប៉ុន្តែនាពេលថ្មីៗនេះអ្នកវិទ្យាសាស្រ្តក្នុងប្រទេសចិន បានស្វែងរកឃើញរបកគំហើញថ្មីមួយ អាចឲ្យគេបង្កើតកញ្ចក់ប្រភេទថ្មី ដែលមានភាពរឹងមាំជាងពេជ្រទៅទៀត។ 

មិនខុសទេ កញ្ចក់ប្រភេទថ្មីនេះ ត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ ក្នុងភាគខាងជើងនៃប្រទេសចិន ហើយត្រូវបានគេដាក់ឈ្មោះតំណាងឲ្យថា AM-III។ កញ្ចក់នេះដែរថា វាមានពណ៌បែបលឿង និងត្រូវបានផលិតតែពីសារធាតុកាបូនមួយប៉ុណ្ណោះ ហើយមានកម្រិតរឹងមាំ Vickers Hardness ដល់ 113 GPa ទៀតផង។ ដើម្បីងាយស្រួលដឹងថា វាមាំកម្រិតណា យើងមកមើលកម្រិត Vickers Hardness នៅលើពេជ្រធម្មជាតិវិញ គឺមានត្រឹមចន្លោះពី 50 ទៅ 70 GPa ប៉ុណ្ណោះ ហើយសម្រាប់ពេជ្រសិប្បនិម្មិតដែលត្រូវបានគេបង្កើតឡើងវិញ កម្រិតរឹងមាំរបស់វាគឺឡើងដល់ 100 GPa ដូច្នេះគឺនៅតែទាបជាកញ្ចក់ថ្មី AM-III នេះដដែល។ 

កញ្ចក់ AM-III ត្រូវបានរំពឹងថា នឹងត្រូវបានគេយកទៅប្រើប្រាស់នៅលើឧស្សាហកម្មជាច្រើន ជាក់ស្ដែងអាចនឹងត្រូវបាន យកទៅធ្វើជាកញ្ចក់ការពារគ្រាប់កាំភ្លើងហ្នឹងឯង ព្រោះបើធៀបនឹងកញ្ចក់ការពារបច្ចុប្បន្នឃើញថា AM-III រឹងមាំជាងដល់ 20 ទៅ 100 ដងឯណោះ។

កញ្ចក់នេះក៏នឹងត្រូវយកទៅប្រើប្រាស់ នៅលើវិស័យបច្ចេកវិទ្យាដែរ ប៉ុន្តែយ៉ាងណានៅក្នុងពេលនេះ គេមិនទាន់អាចផលិតទ្រង់ទ្រាយនៃកញ្ចក់នោះបានទេ ពោលគឺអាចនឹងនៅសល់ច្រើនឆ្នាំទៀត ទម្រាំគេមានលទ្ធភាពផលិត AM-III ជាទ្រង់ទ្រាយធំបាន។ អ្នកវិទ្យាសាស្រ្តក៏បានបញ្ជាក់ដែរថា បំណែករបស់ AM-III មិនដូចគ្នានឹងកញ្ចក់ធម្មតាបច្ចុប្បន្ននេះទេ ដោយវាគឺជាកញ្ចក់មានជាមួយ Crystal នៅខាងក្នុង ព្រោះថាពេលដែលគេមើលវាក្រោម Microscope នោះ សមាសធាតុរបស់វា គឺត្រូវបានតម្រៀមទម្រង់ស្រដៀងគ្នានឹង Crystal ដែរ។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង