NASA កំពុងស្វែងរកអ្នកមានចំណាប់អារម្មណ៍រស់នៅក្នុងផ្ទះ 3D Printed សម្រាប់ភពអង្គាររយៈពេល 1 ឆ្នាំ
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ថ្មីៗនេះ NASA បានប្រកាសស្វែងបេក្ខជន ដែលមានចំណាប់អាម្មណ៍ក្នុងការចំណាយពេលមួយឆ្នាំ រស់នៅក្នុងផ្ទះ 3D Printed ដែលធ្វើឡើងសម្រាប់សង់នៅភពអង្គារ ដើម្បីសិក្សាស្វែងយល់ជាមុន សម្រាប់បេសកកម្មអាវកាសនាពេលអនាគត។ យ៉ាងណាក៏ដោយ ផ្ទះ 3D Printed របស់ NASA សម្រាប់បេក្ខជនរស់នៅនោះ គឺសង់នៅលើផែនដីយើងហ្នឹងឯង ប៉ុន្តែត្រូវបានគេបញ្ជាក់ថា គេនឹងធ្វើឌីហ្សាញទម្រង់ផ្សេងៗ ឲ្យមានលក្ខណៈស្រដៀងគ្នាខ្លាំងបំផុត ទៅនឹងការរស់នៅលើភពអង្គារពិតប្រាកដអញ្ចឹងដែរ។

ផ្ទះ ឬហៅថាជម្រកដែលកើតឡើងចេញពី 3D Printed នេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ICON ហើយផ្ទះនោះត្រូវបានគេដាក់ឈ្មោះថា Mars Dune Alpha ដែលរូបរាងគម្រូរបស់ផ្ទះគ្រោងនឹងសង់នោះ គឺមានទម្រង់ដូចរូបភាពខាងលើ និងខាងក្រោមអញ្ចឹង។ ទំហំផ្ទះនេះដែរ គឺប្រមាណជាខ្ទង់ 157 ម៉ែត្រការ៉េ ហើយត្រូវបានសង់ឡើងសម្រាប់អ្នកវិទ្យាសាស្ត្រចំនួន 4 នាក់រស់នៅ។ ដូច្នេះមានន័យថា បេក្ខជនដែល NASA នឹងជ្រើសរើសយកនោះគឺមានចំនួន 4 នាក់ ហើយពួកគេនឹងត្រូវធ្វើការតាមការបង្រៀនរបស់អាវកាសយានិកម្នាក់ទៀត ដែលអាចនឹងឡើងទៅសិក្សាផ្ទាល់ នៅលើភពអង្គារពិតប្រាកដនាពេលអនាគត។

កិច្ចការរបស់បេក្ខជនទាំង 4 ដែលបានជ្រើសរើសនោះ រួមមានទាំង ការទំនាក់ទំនងជាមួយក្រុម NASA JPL (NASA Jet Propulsion Laboratory) ក៏ដូចជាការដើរលើអាវកាសសិប្បនិមិត្ម ព្រមទាំងការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តផ្សេងៗ។ 

មិនត្រឹមតែប៉ុណ្ណោះទេ អ្នកទាំង 4 រូបនោះ នឹងត្រូវប្រឈមមុខជាមួយបញ្ហាផ្សេងៗ ដែលត្រូវបានរំពឹងទុកថា នឹងកើតឡើងនៅលើភពអង្គារដែរ។ 

គួរបញ្ជាក់ដែរថា ការជ្រើសរើសរបស់ NASA គឺតម្រូវឲ្យជាប្រជាពលរដ្ឋអាមេរិក, មានអាយុចាប់ពី 30 ដល់ 55 ឆ្នាំ, មិនជក់បារី ព្រមទាំងស្ទាត់ជំនាញជាមួយភាសាអង់គ្លេស។ នៅក្នុងនោះដែរ NASA នឹងប្រើប្រាស់របៀបជ្រើសរើសបេក្ខជន តាមស្ដង់ដាររបស់គេ ដែលមានន័យថា គេនឹងទាមទារតម្រូវការមួយចំនួនដូចជា ត្រូវតែធ្លាប់សាកល្បងការបើកបរយន្តហោះផ្សេងៗ យ៉ាងតិច 1,000 ម៉ោង ឬមួយក៏ទាមទារឲ្យមានសញ្ញាបត្រអនុបណ្ឌិត ជាមួយនឹងបទពិសោធន៍ 2 ឆ្នាំទៅលើផ្នែក STEM ជាដើម (STEM = Science, Technology, Engineering និង Mathematics)។ ការដាក់ពាក្យនេះ នឹងបើកឲ្យដល់ថ្ងៃទី 17 ខែកញ្ញា ហើយអ្នកទាំងអស់គ្នា អាចសាកល្បចូលទៅមើលលម្អិតពីលក្ខខណ្ឌនៃការទាមទាររបស់ NASA តាមរយៈការចុចត្រង់នេះ។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង