ក្រុមអ្នកវិទ្យាសាស្រ្ដអាមេរិក នៅបន្ដគម្រោងដំឡើងបន្ទះសូឡាលើលំហអវកាស
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

វិទ្យាស្ថានបច្ចេកវិទ្យា នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានក្រុមអ្នកវិទ្យាសាស្រ្ដ ដែលរៀបចំគម្រោងដំឡើងបន្ទះសូឡា នៅលើលំហអវកាស កាលពីអំឡុងឆ្នាំ 2013 និងនៅកំពុងតែបន្ដអភិវឌ្ឍន៍ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ពួកគេទទួលបានមូលនិធិចំនួន 100 លានដុល្លារ ដើម្បីសិក្សាស្រាវជ្រាវលើគម្រោងនេះ នៅក្នុងគោលការណ៍ការពារបរិស្ថាន ព្រោះវាអាចស្រូបថាមពលពន្លឺព្រះអាទិត្យ បានគ្រប់ពេលវេលាទាំងអស់ ដោយមិនប្រកាន់ថាពេលព្រឹក ឬពេលយប់ទៀតនោះទេ។

ជាការពិតណាស់ ការដំឡើងបន្ទះសូឡានៅលើផែនដីផ្ទាល់ គឺមិនសូវជាមានប្រសិទ្ធិភាពខ្ពស់ ហាក់បីដូចជា ការដំឡើងនៅលើលំហអវកាសឡើយ ប៉ុន្ដែផលលំបាកក្នុងការដំឡើង ក៏ខុសគ្នាខ្លាំងណាស់ដែរ។ អស់រយៈពេលជាង 8 ឆ្នាំមកនេះ ក្រុមអ្នកវិទ្យាសាស្រ្ដអាមេរិកទាំងនោះ គឺតែមានទំនុកចិត្តខិតខំបន្ដ ធ្វើការអភិវឌ្ឍន៍ដដែល ដោយនិយាយប្រាប់ថា ពួកគេជិតសម្រេចបានដំណាក់កាល ដាក់ឲ្យធ្វើតេស្ដលើកដំបូងហើយ។ លោក Ali Hajimiri ត្រូវជាសហនាយកលើគម្រោងមួយនេះ បានលើកឡើងមកថា ពួកគេកំពុងតែកំណត់យក ត្រីមាសដំបូងនៃឆ្នាំ 2023 ជាពេលដែលត្រូវធ្វើតេស្ដ នៅលើលំហជាលើកដំបូងបង្អស់ បើសិនជាដំណើរការរលូន ទៅតាមការរំពឹងទុក។

បន្ទះសូឡាដំឡើងលើលំហនោះ គ្រោងឲ្យមានមាឌស្មើនឹងប្រវែង 5 ទៅ 6 គឺឡូម៉ែត្រ ព្រមទាំងមិនចាំបាច់ព្រួយបារម្ភ ពីបញ្ហាអាកាសធាតុមានភ្លៀង ឬខ្យល់ព្យុះ បណ្ដាលឲ្យបាំងពន្លឺព្រះអាទិត្យ ដូចនៅលើផ្ទៃផែនដីឡើយ។ នាពេលដែលគម្រោងនេះ អាចសម្រេចបានជោគជ័យ ក្នុងថ្ងៃអនាគតខាងមុខ ដូច្នេះវានឹងចាប់ផ្ដើមធ្វើឲ្យ មនុស្សផ្លាស់ប្ដូរទៅប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យ កាន់តែធំទូលាយជាងមុន ជាក់ជាមិនខាន។

ប្រភព ៖ Caltech
អត្ថបទទាក់ទង